កីឡាករ​១៦​នាក់​ក្នុង​ក្លិប​បាល់ទាត់​កំពូល​ប្រេ​ស៊ី​ល Vasco da Gama ឆ្លង COVID-19
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​១៦​នាក់​ក្នុង​ក្លិប​បាល់ទាត់​កំពូល​ប្រេ​ស៊ី​ល Vasco da Gama ឆ្លង COVID-19
02, Jun 2020 , 9:39 am        
រូបភាព
​ក្រុម Vasco da Gama នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ប្រេ​ស៊ី​ល នៅ​ថ្ងៃទី ៣១ ខែឧសភា អះអាងថា​មាន​កីឡាករ​របស់ខ្លួន​ចំនួន​១៦​នាក់​បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិ​ជ្ជ​ជំងឺ COVID-19​។ ដំណឹង​នេះ កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​មុនពេល​ក្លិប​ក្នុង​ក្រុង​រី​យ៉ូ គ្រោង​នឹង​ចាប់ផ្តើម​ហ្វឹកហាត់​ឡើងវិញ​បន្ទាប់ពី​ផ្អាក​រយៈពេល​២​ខែ​មក​។​


​ក្លិប​នៅ​ប្រេ​ស៊ី​ល Serie A មួយ​នេះ​បាន​បញ្ជាក់ថា កីឡាករ​១៦​នាក់​ក្នុងចំណោម​៤៣​នាក់​ដែល​ត្រូវបាន​ធ្វើតេស្ត​រកឃើញថា​ឆ្លង COVID-19 នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។ ក្នុងចំណោម​នោះ មាន​បីនាក់​ទៀត​បានជា​សះស្បើយ​ពី​ជំងឺ​រាតត្បាត​សកល​នេះហើយ​។​
 
Vasco da Gama បានចេញ​សេចក្តី​ការណ៍​មួយ​ថា​៖«​នេះ​គ្រាន់តែ​ជាការ​បង្ហាញ​ឲ្យ​ឃើញថា​យើង​កំពុង​ចាត់វិធានការ​ដ៏​អស្ចារ្យ ដើម្បី​កំណត់​អត្តសញ្ញាណ​ការឆ្លង​លើ​កីឡាករ​របស់​យើង​ឲ្យ​បាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ការធ្វើ​បែបនេះ​គឺ​អនុញ្ញាត​ឲ្យ​យើង​អាច​បញ្ឈប់​ការរីក​រាលដាល​ជំងឺ​រាតត្បាត​នេះ​បាន​»​។ 
 
​កីឡាករ​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​រី​យ៉ូ​នឹង​តម្រូវ​ឲ្យ​ឆ្លងកាត់​ការធ្វើ​តេស្ត និង​អនុវត្ត​ការហ្វឹកហាត់​ឡើងវិញ​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ប៉ុន្តែ​ការ​ប្រា​ស័​យ​ទាក់ទង​គ្នា​អំឡុងពេល​ហ្វឹកហាត់ មិន​ទា​នើ​ត្រូវបាន​អនុញ្ញាត​នៅឡើយ​ទេ​។ ដោយឡែក ក្រុម​នៅ​រដ្ឋ​ផ្សេងទៀត​នៅ​ប្រេ​ស៊ី​ល មិនទាន់បាន​កំណត់ថា តើ​ក្រុម​របស់​ពួកគេ​អាច​ចាប់ផ្តើម​ការហ្វឹកហាត់​ពេញលេញ​នៅពេលណា​ដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែមិថុនា ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នក​ឆ្លង COVID-19  ជាង​៥​សែន​ករណី ក្នុងនោះ​អ្នកស្លាប់​ជិត​៣​ម៉ឺន​នាក់ ដែលជា​ចំនួន​ខ្ពស់បំផុត​លំដាប់​ទី​៤ លើ​ចំនួន​អ្នកស្លាប់​បន្ទាប់ពី​រដ្ឋ​អាមេរិក អង់គ្លេស និង​អ៊ីតាលី​៕

Tag:
 Vasco da Gama
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com