រោងចក្រ និង​សហគ្រាស​ទេសចរណ៍ ៤២៥​ទីតាំង​ព្យួរការងារ និង​ប៉ះពាល់​កម្មករ​ជាង​១៤​ម៉ឺន​នាក់
ជាតិ
សង្គមជាតិ
រោងចក្រ និង​សហគ្រាស​ទេសចរណ៍ ៤២៥​ទីតាំង​ព្យួរការងារ និង​ប៉ះពាល់​កម្មករ​ជាង​១៤​ម៉ឺន​នាក់
02, Jun 2020 , 9:19 pm        
រូបភាព
កម្មកររោងចក្រកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ
កម្មកររោងចក្រកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២៩ ឧសភា ឆ្នាំ​២០២០ រោងចក្រ​កាត់ដេរ និង​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​៤២៥​ទីតាំង បាន​ព្យួរការងារ ដែល​ប៉ះពាល់​កម្មករ​ជាង​១៤​ម៉ឺន​នាក់​។ នេះ​បើតាម​ការ​ថ្លែង​របស់​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ម​ន្រី្ត និង​ក្រុមការងារ​បច្ចេកទេស ស្ថាបនា​ហេ​ដ្ឋា​រ​រតនា​សម្ព័ន្ធ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​ថ្ងៃទី​១ មិថុនា​នេះ​។


​សម្ដេច ហ៊ុន សែន អះអាងថា ការព្យួរ​ការងារ​នេះ ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ ខណៈដែល​បណ្ដា​ប្រទេស បញ្ជា​ទិញ​ទាំងនោះ កំពុង​រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ធ្ងន់ធ្ងរ​។ សម្ដេច បាន​ថ្លែង​បន្ថែមថា​៖ «​រដ្ឋ​ចេញ​៤០​ដុល្លារ វិស័យ​ឯកជន​ចេញ​៣០​ដុល្លារ អ៊ីចឹង​ក្នុង​មួយខែ​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​នេះ បាន​ចំនួន​៧០​ដុល្លារ​»​។ 
 
​រោងចក្រ​កាត់ដេរ ដែល​បាន​ព្យួរការងារ មាន​ចំនួន​២៥៦​ទីតាំង ដែល​ប៉ះពាល់​ដល់​កម្លាំង​កម្មក​រ​ជាង​១៣​ម៉ឺន​នាក់​។ រីឯ​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍ ១៦៩​កន្លែង ក៏បាន​ព្យួរការងារ និង​ប៉ះពាល​ដល់ក​ម្មករ​១៦,៨៩៦​នាក់​ដែរ​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល​។​
 
​លោក អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​បញ្ជាក់ថា កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ជាង​១៤​ម៉ឺន​នាក់ ភាគច្រើន​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​ឧបត្ថម្ភ​របស់​ក្រសួង​ការងារ​ឡើយ​។ លោក អាត ធន់ ស្នើឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការដោះស្រាយ​លើ​បញ្ហា​ប្រាក់ឧបត្ថម្ភ​នេះ ខណៈ​កម្មករ​កំពុង​ជួប​ការលំបាក ។ 
 
«​យើង​មានការ​ព្រួយបារម្ភ ព្រោះ​កម្មករ​ជាង​១៣​ម៉ឺន​នាក់ មកដល់ពេលនេះ ទើបតែ​ទទួលបាន​ប្រមាណ​ជាង​១០០​ក្រុមហ៊ុន ហើយ​កម្មករ​ប្រមាណ​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​បានទទួល​(​ប្រាក់ឧបត្ថម្ភ​)​។ ចំនួន​នេះ តិចពេក  ហើយ​អ្វីដែល​យើង​បារម្ភ គឺ​ខ្លាច​អ្នក​ព្យួរ​ផ្សេងៗ​ទៀត មិនបាន​បើក​លុយ ហើយ​អំឡុង​ពេលនេះ ពួកគាត់​កំពុង​ពិបាក​ត្រូវការ​លុយ អ៊ីចឹង​ហើយ​ពួកគាត់​នឹងរង​ការពិបាក​ក្នុង​ជីវភាព​រស់នៅ​»​។ នេះ​បើតាម​ប្រធាន​សហភាព​ការងារ​កម្ពុជា ដោយ​បញ្ជាក់ថា លោក បាន​ឲ្យ​កម្មករ​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី ទៅ​ផ្ទៀងផ្ទាត់​ជាមួយ ក្រុមហ៊ុន​របស់ខ្លួន​។ ជាពិសេស​ប្រមូល​ឈ្មោះ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួង ។​
 
​បើតាម​លោក អាត ធន់ រដ្ឋាភិបាល​គួរ​ពិនិត្យ​និង​ផ្ដល់ប្រាក់​ឧ​បត្ដ​ម​ឲ្យ​កម្មករ​ក្នុង​វិស័យ​ផ្សេងទៀត ក្រៅពី​វិស័យ​កាត់ដេរ​និង​ទេសចរណ៍​៕

Tag:
 រោងចក្រ​
  សហគ្រាស​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com