COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ighalo បន្តសុបិនលេងឲ្យ Man Utd ដល់ឆ្នាំ២០២១ ក្រោយចរចាពន្យារពេលខ្ចីជើងជោគជ័យ
× ខ្សែប្រយុទ្ធ Odion Ighalo បានបន្តកិច្ចសន្យាស្នាក់នៅជាមួយក្រុម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ខែមករា ឆ្នាំ ២០២១។ ការពន្យារពេលនេះ នឹងធ្វើឲ្យ Ighalo អាចបញ្ចប់រដូវកាល ២០១៩-២០ ក្នុងក្របខណ្ឌ Premier League ជាមួយបិសាចក្រហមដោយរីករាយ។
Ighalo សញ្ជាតិនីហ្សេរីយ៉ា វ័យ៣០ឆ្នាំ បានទៅចូលរួមជាមួយក្រុម Man Utd ក្នុងខែមករា ឆ្នាំ២០១៩ ពីក្រុម Shanghai Shenua នៃលីគកំពូលចិន (CSL) ក្នុងកិច្ចសន្សាខ្ចីត្រឹមថ្ងៃទី៣១ ខែឧសភា។
ដោយសារដល់វេលាកំណត់ ហើយក្រុមមិនមានជម្រើសក្នុងការទិញយកកីឡាកររូបនេះផ្តាច់នោះ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុម Man Utd បានចរចាដើម្បីពន្យារការខ្ចីជើង Ighalo បន្តរហូតដល់ដើមឆ្នាំ២០២១។
ក្រោយចរចាបានជោគជ័យ លោក Solskjaer បាននិយាយថា៖«នេះគឺជាក្តីសុបិនសម្រាប់ Ighalo ហើយសង្ឃឹមថាគាត់អាចបញ្ចប់នូវអ្វីដែលគាត់បានចាប់ផ្តើម និងឈ្នះពានរង្វាន់ជាមួយយើង។ Shanghai Shenua បានធ្វើដំណើរឆ្ពោះទៅមុខយ៉ាងល្អដោយអនុញ្ញាតឲ្យគាត់លេងជាមួយក្លិបក្នុងសុបិនរបស់គាត់»។
ចាប់តាំងពីផ្លាស់ទៅទឹកដី Old Trafford មក អតីតសមាជិកក្រុម Watford រូបនេះរកបាន ៤គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៨ប្រកួត រួមទាំងការរកគ្រាប់បាល់ក្នុងជ័យជម្នះ ៥-០ លើក្រុម LASK ក្នុងក្របខណ្ឌ Europa League នៅថ្ងៃទី១២ ខែមីនា ដែលជាការប្រកួតចុងក្រោយរបស់ Man Utd មុនការប្រកួតទាំងអស់ត្រូវផ្អាក ដោយសារជំងឺ COVID-19។
យ៉ាងណាក៏ដោយ បន្ទាប់ពីការពិភាក្សាគ្នារវាងក្លិប សហព័ន្ធ និងរដ្ឋាភិបាលអង់គ្លេស ការប្រកួតដែលនៅសេសសល់ក្នុងក្របខណ្ឌកំពូលអង់គ្លេសរដូវកាលនេះ បានសម្រេចចាប់ផ្តើមឡើងវិញ នៅថ្ងៃទី១៧ ខែមិថុនា។
បច្ចុប្បន្ន ក្រុមរបស់លោក Solskjaer ឈរនៅចំណាត់ថ្នាក់ទី៥ក្នុងតារាង Premier League ដោយរកបាន៤៥ពិន្ទុ ពីការប្រកួត២៩លើក ដោយតាមពីក្រោមក្រុមលេខ៤ Chelsea ចំនួន៣ពិន្ទុ។ Man Utd មានកាតព្វកិច្ចសំខាន់ក្នុងការដណ្តើមយកចំណាត់ថ្នាក់ Top 4 ឲ្យបានដើម្បីយកកៅអីលេង Champions League រដូវកាលក្រោយ។
ក្រៅពីនេះ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០ជំនាន់ ក៏ស្ថិតក្នុងវគ្គ ៨ ក្រុមចុងក្រោយ FA Cup ផងដែរ ហើយក៏ស្ថិតក្នុងវគ្គ១/៨ផ្តាច់ព្រ័ត្រ Europa League ដោយនាំមុខក្រុម LASK ចំនួន ៥ គ្រាប់សម្រាប់ការប្រកួតជើងទី១៕
Tag:
Manchester United
Premier League
Odion Ighalo
© រក្សាសិទ្ធិដោយ thmeythmey.com