អ៊ីតាលី សម្រេចបើកទ្វារប្រទេសជាថ្មីសម្រាប់ទទួលអ្នកដំណើរពីតំបន់អឺរ៉ុប នៅថ្ងៃទី៣ ខែមិថុនា ក្រោយបិទប្រទេស៣ខែដោយសារ COVID-19 ។ អ៊ីតាលីសង្ឃឹមថា នឹងអាចស្រោចស្រង់ឧស្សាហកម្មទេសចរណ៍ដែលលនៃកំណើនសេដ្ឋកិច្ចប្រទេស ខណៈរដូវក្តៅចាប់ផ្ដើម។
ទោះជាសម្រេចទទួលយកភ្ញៀវទេសចរពីអឺរ៉ុបមែន តែប្រទេសអ៊ីតាលីក៏បានដាក់លក្ខខណ្ឌបង្ការផងដែរ។ ជើងហោះហើរអន្តរជាតិ ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញសម្រាប់តែទីក្រុងសំខាន់៣ប៉ុណ្ណោះ រួមមាន Milan, Rome និង Naples ។
យ៉ាងណាមិញ គេបានលើកកង្វល់ពីអ្នកដំណើរដែលចូលទៅប្រទេសអ៊ីតាលីដោយប្រើប្រាស់មធ្យោបាយ ដូចជា រថយន្ត រថភ្លើង ឬនាវាពីបណ្ដាប្រទេសជិតខាង ខណៈពួកគេនឹងទៅលេងកន្លែងផ្សេងៗអំឡុងពេលដំណើរកម្សាន្តពួកគេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ការរាលដាល COVID-19 អាចផ្ទុះឡើងដោយសារការចល័តមនុស្សបែបនេះ។
អ៊ីតាលី គឺជាប្រទេសក្នុងតំបន់អឺរ៉ុបទីមួយដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាតសកល COVID-19 ហើយបានរាយការណ៍ករណីស្លាប់ជាង ៣៣ ០០០នាក់។ ប្រទេសដែលមានប្រជាជនសរុប៦០លាននាក់នេះ បានដាក់បញ្ជាបិទប្រទេសកាលពីដើមខែមីនា ហើយចាប់ពីពេលនោះមក តួលេខឆ្លងផ្ដើមថយចុះ។
ខណៈប្រទេសប្រឈមវិបត្តិធ្ងន់ធ្ងរបំផុតគិតចាប់ពីសង្គ្រាមលើកទី២ ដង្ហើមសេដ្ឋកិច្ចប្រទេសអ៊ីតាលី ត្រូវការជនបរទេសមកវិញ ហើយលឿនថែមទៀតផង ។ ទាក់ទិនបញ្ហានេះ អ្នកជំនាញព្រមានថា រដ្ឋាភិបាលប្រហែលញាប់ដៃញាប់ជើងបើកទ្វារការធ្វើដំណើរជាមួយតំបន់អឺរ៉ុប។ អាជ្ញាធរសុខាភិបាលនៅបន្តរាយការណ៍ករណីថ្មីតិចតួចប្រចាំថ្ងៃ ជាពិសេសក្នុងតំបន់ Lombardy ភាគខាងជើងនៃប្រទេស។
ដោយឡែក រដ្ឋាភិបាលស្វ៊ីស បានព្រមានប្រជាជនខ្លួនថា បើពួកគេទៅលេងអ៊ីតាលី ពួកគេនឹងត្រូវជាប់វិធានការសុខភាព នៅពេលមកប្រទេសវិញ។ បើតាម AFP ប្រទេសតំបន់អឺរ៉ុបមួយនេះ នឹងបើកព្រំដែនខ្លួនជាមួយអាល្លឺម៉ង់ បារាំង និងអូទ្រីស នាថ្ងៃទី១៥ ខែមិថុនា ខាងមុខ ប៉ុន្តែបន្តបិទជាមួយអ៊ីតាលី។
ទន្ទឹមនេះ រដ្ឋាភិបាលអូទ្រីស ក៏ប្រកាសបើកព្រំដែនឡើងវិញជាមួយប្រទេសអាល្លឺម៉ង់ ស្វ៊ីស និងសាធារណរដ្ឋឆែក ស្លូវ៉ាគី និងហុងគ្រី នៅពាក់កណ្ដាលខែមិថុនា តែបិទជាមួយអ៊ីតាលីដដែល។ រដ្ឋមន្ត្រីសុខាភិបាលអូទ្រីស កាលពីសប្តាហ៍មុន បានចាត់ទុកអ៊ីតាលីជាតំបន់ឆ្លង COVID-19 ខ្លាំងដដែល។ ចំណែក បណ្ដាប្រទេសដទៃទៀត ដូចជា បែលហ្ស៊ិក និងចក្រភពអង់គ្លេស នៅតែបន្តផ្ដល់យោបល់ប្រឆាំង ឬហាមឃាត់ការធ្វើដំណើរទៅបរទេសដែលពុំចាំបាច់ទាំងឡាយ។
ជាការឆ្លើយតបចំពោះការលើកឡើងប្រឆាំងអ៊ីតាលីបែបនេះ រដ្ឋមន្ត្រីការបរទេស លោក Luigi Di Maio បានព្រមានប្រទេសទាំងនោះកុំឲ្យចាត់ទុកប្រទេសអ៊ីតាលីដូចជាមនុស្សកើតឃ្លង់ឲ្យសោះ។ លោកបញ្ជាក់កាលពីចុងសប្តាហ៍មុនថា លោកនឹងធ្វើដំណើរទៅកាន់អាល្លឺម៉ង់ ស្លូវេនី និងក្រិក ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យគិតថា អ៊ីតាលីមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបរទេស។ បើតាម AFP អ្នកដំណើរពីអឺរ៉ុបដែលទៅដល់អ៊ីតាលី នឹងពុំតម្រូវឲ្យធ្វើចត្តាឡីស័កខ្លួនឯងឡើយ ប្រសិនបើពួកគេពុំធ្លាប់ធ្វើដំណើរទៅកាន់ទ្វីបផ្សេង។
បញ្ជាបិទប្រទេសដែលរដ្ឋាភិបាលអ៊ីតាលីដាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ដែលគ្របដណ្ដប់ប្រមាណ ១៣ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) ។ ទីតាំងប្រវត្តិសាស្ត្រ និងភោជនីយដ្ឋានបិទទ្វារ ហើយសណ្ឋាគារត្រូវប្រើសម្រាប់ថែទាំអ្នកជំងឺ។
ក្នុងពេល២សប្តាហ៍ចុងក្រោយ ភោជនីយដ្ឋាន ហាងកាហ្វេ និងឆ្នេរសមុទ្រ ផ្ដើមបើកទទួលភ្ញៀវបណ្ដើរៗ ទោះជារដ្ឋាភិបាលប្រកាសថាពួកគេរក្សាសិទ្ធិដាក់បញ្ជាបិទប្រទេសតាមតំបន់ ប្រសិនបើឃើញ តួលេខឆ្លង COVID-19 កើនឡើង។ ទីភ្នាក់ងារទេសចរណ៍ជាតិអ៊ីតាលី អះអាងថា ប្រជាជនអ៊ីតាលីប្រមាណ៤០ភាគរយ ជាទូទៅ ធ្វើដំណើរកម្សាន្តនៅបរទេសសម្រាប់ថ្ងៃឈប់សម្រាកពួកគេ ក៏ប៉ុន្តែពួកគេអាចបង្ខំចិត្តធ្វើដំណើរកម្សាន្តនៅប្រទេសកំណើតវិញក្នុងឆ្នាំនេះ ជួយដល់អាជីវកម្មក្នុងស្រុក៕