COVID-19
ជាតិ
ទោះប្រឈម COVID-19 តែ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជាមួយ​ចំនួន កើនឡើង​
04, Jun 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ថ្វី​ដ្បិត​ពិភពលោក​ជួប​វិបត្តិ​កូ​វីដ​-១៩(COVID-19) ក្នុង​រយៈពេល​ប្រាំ​ខែ​ដើមឆ្នាំ​២០២០នេះ  ​ការនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​របស់​កម្ពុជានៅតែមាន​ការកើនឡើង​ល្អប្រសើរ បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៩​។ ផលិតផល​កសិកម្ម ដែល​កម្ពុជា​នាំចេញ​មានការ​កើនឡើង​នោះ ក្រៅពី​អង្ករ មាន​ចំណិត​ដំឡូង​មី គ្រាប់ស្វាយចន្ទី ចេក​ស្រស់ ស្វាយ និង​ម្រេច​ជាដើម​។ នេះ​បើតាម​​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣​មិថុនា​។​

 
​លោក វេ​ង សាខុន បាន​សរសេរ​រៀបរាប់​ក្នុងហ្វេសប៊ុកដូច្នេះថា ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​សកល​នៃ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​បាន​នាំចេញ​កសិផល​មួយចំនួនដែលកើនឡើងក្នងពេល​ប្រាំ​ខែ​ចុងក្រោយ​មកនេះ។   ក្នុងនោះ ការនាំចេញ​ផ្លែ​ចេក​ស្រ​ស់បាន​កើនឡើង​រហូតដល់​១៧២,៧៣​ភាគរយ ក្នុង​ចំនួន​ ១២១ ៤១៥​តោន​។ 
 
​ក្រៅពី​ផ្លែ​ចេក​ស្រស់ ការនាំចេញ​ផ្លែស្វាយ​ស្រស់​ក៏កើន​ឡើងជិត​៥១​ភាគរយ ក្នុងបរិមាណ​ជាង​៤,៤​ម៉ឺន​តោន​។ ជាមួយគ្នានេះ ការនាំចេញ​គ្រប់​ស្វាយចន្ទី​ក៏បាន​កើន​២៥,៤៦​ភាគរយ ក្នុង​បរិមាណ​ជាង​១៩​ម៉ឺន​តោន ហើយ​ការនាំចេញ​ម្រេច គឺ​បាន​កើនឡើង​ជាង​២២​ភាគរយ ក្នុង​បរិមាណ​ជាង​២,៥០០​តោន​។ រីឯ​ចំណិត​ដំឡូង​មី​ក្រៀម ដែលកម្ពុជា​នាំចេញ​ជិត​១​លាន​តោននោះ ក៏មាន​ការកើនឡើង​៩,៧២​ភាគរយ បើ​ធៀប​នឹង​រយៈ​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។ 
 
​ទន្ទឹម​នឹងមានការកើនឡើងនៃ​កសិផល​​បាន​នាំចេញ​ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ ការនាំចេញកសិផលមួយចំនួន​ទៀតពីកម្ពុជាក៏មានការថយចុះ​ដែរ​។ ម្សៅដំឡូង​មី​នាំចេញ​ពីកម្ពុជាបាន​ត្រឹមតែ​ជាង​១​ម៉ឺន​តោន ដោយវា​ថយចុះ​រហូតដល់ ​៩៧,៣០​ភាគរយ។ ចំណែក​គ្រាប់ពោតដែលត្រូវបាន​នាំចេញ​នោះមានត្រឹម ៣៥ ៦៣៦​តោន ដោយថយចុះ​ប្រហែល​៣០​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ កន្លងមក​។  នេះ​បើតាម​លោក វេ​ង សាខុន​។​
 
​កាល​ឆ្នាំ​២០១៩  កម្ពុជាបាន​នាំចេញ​កសិផល​សំខាន់ៗ ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន​៦,៩៣៩,៩៦៨​តោន​។ ទីផ្សារ​កម្ពុជានៅចេញកសិផលរបស់ខ្លួនទៅ មាន​ប្រមាណ​ ​៣០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​វៀតណាម និង​ថៃ ជាទី​ផ្សារ​ធំជាងគេ​។ ចំណែកទីផ្សារដទៃទៀតមាន បារាំង​, អង់គ្លេស​, កាណាដា​,​ហូ​ឡង់​, ឆេ​ក​, អ៊ីតាលី​, ឥណ្ឌា​, ប៉ា​គី​ស្ថាន​, រុ​ស្សី​, កូរ៉េ​, ជប៉ុន​,  ប៉េ​រ៉ូ​, អា​រ៉ា​ប៊ី​សា​អូឌីត​, មី​យ៉ាន់​ម៉ា​, អូ​ស្រា្ត​លី​, តៃវ៉ាន់​, សិង្ហ​បុរី​, ម៉ាឡេស៊ី​, អាល្លឺម៉ង​, ស្វី​ស​, កា​ហ្សា​ក់​ស្ថាន​,​ហុងកុង​,​ អាមេរិក​, ប៊ុលហ្គារី និង​នូ​វែ​ល​សេ​ឡង់​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com