COVID-19
ជាតិ
សង្គមជាតិ
ក្រសួងប្រាប់កម្មករ៖ ទទួលបានសារពីវីង១០ថ្ងៃ បើមិនទៅបើកលុយ នឹងបង្វិលចូលរដ្ឋវិញ
04, Jun 2020 , 12:54 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ ប្រាប់ទៅកម្មករនិយោជិតជិត៥ម៉ឺននាក់ ដែលត្រូវព្យូរការងារ ឲ្យទៅបើកលុយតាមសេវាកម្មវីង ក្រោយពេលទទួលបានសារតាមទូរស័ព្ទ ពីគណនីវីង។ ក្រសួងការងារ បញ្ជាក់ថា ក្រោយទទួលបានសារពីគណនីវីង កម្មករនិយោជិត មានពេល១០ថ្ងៃ ដើម្បីទៅបើកថវិកា ហើយរយៈពេល១០ថ្ងៃនេះ បើខកខានទៅបើក ក្រសួងការងារ នឹងបង្វិលថវិកា ចូលទៅរដ្ឋវិញ។



ក្រសួងការងារ ប្រាប់ថា បើមិនបានទទួលសារពីគណនីវីងទេ កម្មករនិយោជិត អាចទាក់ទងទៅរដ្ឋបាលរោងចក្រ  ឬសហគ្រាសរបស់ខ្លួនជាបន្ទាន់ ដោយបញ្ជាក់ពីលេខទូរស័ព្ទរបស់ខ្លួន។ បើតាមក្រសួងការងារ ការផ្តល់ថវិកាឧបត្ថម្ភដល់កម្មករនិយោជិត គឺអាស្រ័យលើថ្ងៃដែលពួកគេបានព្យូរការងារក្នុងអំឡុងវិបត្តិកូវីដ-១៩។ អ្នកដែលព្យូរការងារក្នុងរយៈពេល៧ថ្ងៃទៅ១០ថ្ងៃ ទទួលបានថវិកា១៥ដុល្លារ។

អ្នកដែលព្យូរការងារអស់រយៈពេល១១ថ្ងៃទៅ២០ថ្ងៃ ទទួលបានថវិកា៣០ដុល្លារ។ អ្នក ដែលព្យូរការងារក្នុងរយៈពេល២១ថ្ងៃទៅ១ខែ ទទួលបានថវិកា៤០ដុល្លារ។ ក្រៅពីទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល កម្មករនិយោជិត ដែលព្យួរការងារ នឹងទទួលបានថវិកា៣០ដុល្លារទៀត ពីម្ចាស់រោងចក្រ ឬសហគ្រាស។

ដើម្បីទទួលបានថវិកានេះឲ្យបានទៀងទាត់ ក្រសួងការងារស្នើឲ្យកម្មករនិយោជិត រក្សាលេខទូរស័ព្ទ  ហើយបើប្តូរលេខថ្មី ត្រូវប្រាប់ទៅរដ្ឋបាលរោងចក្រ។

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រោងចក្រកាត់ដេរ និងសហគ្រាសក្នុងវិស័យទេសចរណ៍៤២៥ទីតាំង បានព្យួរការងារ ដែលប៉ះពាល់កម្មករជាង១៤ម៉ឺននាក់។ ក្នុងនោះទើបតែមានកម្មករនិយោជិតជិត៥ម៉ឺនទេ ដែលមានឈ្មោះក្នុងបញ្ជីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៕

Tag:
 កម្មករ
  ថវិកាឧបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com