កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich ពិចារណា​ចូលរួម​តវ៉ា​ក្នុង​កីឡដ្ឋាន ជុំវិញ​ការស្លាប់​របស់ George Floyd
04, Jun 2020 , 5:28 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់ Bayern Munich ពិចារណា​ចូលរួម​តវ៉ា​រួមគ្នា​ជុំវិញ​មរណភាព​របស់​បុរស​ស្បែក​ខ្មៅ George Floyd​។ ខ្សែការពារ Joshua Kimmich ចង់អោយ​កីឡាករ​ប្រើប្រាស់​វេទិកា​កា​ប្រកួត​របស់​ពួកគេ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​ការ​ប្រឆាំងនឹង​អំពើ​រើសអើង​ជាតិ​សាសន៍​នេះ​ទៅកាន់​ពិភពលោក​។​


​បុរស​ស្បែក​ខ្មៅ​សញ្ជាតិ​អាមេរិក George Floyd បាន​ស្លាប់​ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែ​កស Derek Chauvin ដែល​ប្រើ​ជង្គង់​សង្កត់ក​ផ្ទប់​ទៅនឹង​ដី​។ ករណី​ដែល​បង្ក​ឲ្យ​មាន​បាតុកម្ម និង​កុបកម្ម​ដ៏​សាហាវ​នេះ បានកើត​ឡើង​នៅ​ក្រុង Minneapolis រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៥ ខែឧសភា បន្ទាប់ពី​បុគ្គលិក​ហាង​ទំនិញ​ម្នាក់ បាន​ទូរ​សព្ទ​រាយការណ៍​ទៅ​ប៉ូលិស​ថា Floyd បាន​យកលុយ​ក្លែងក្លាយ​២០​ដុល្លារ ទិញ​ទំនិញ​នៅ​ហាង​របស់ខ្លួន​។​
 
​មិន​ត្រឹមតែ​ប្រជាជន​ទូទៅ​នៅ​អាមេរិក​នោះទេ​ដែល​ចូលរួម​តវ៉ា​ដើម្បី​រក​យុត្តិធម៌​ជូន Floyd​។ កីឡាករ​បាល់ទាត់​ល្បីៗ​ដូចជា Jadon Sancho, Achraf Hakimi, Weston McKennie និង Marcus Thuram សុទ្ធតែ​បានបង្ហាញ​កាយវិការ​គាំទ្រ​បាតុកម្ម​នេះ បើទោះជា​ត្រូវ​ឃ្លាំមើល​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB) ក្តី​។​
 
​យ៉ាងណាក៏ដោយ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក (FIFA) បាន​ជំរុញ​ឲ្យ​លី​គ​ប្រើស​ញ្ញាណ​រួម​លើ​បញ្ហា​នេះ ខណៈដែល DFB បាន​និយាយថា គ្មាន​កីឡាករ​ណា​ម្នាក់​ត្រូវដាក់​ទណ្ឌកម្ម​ចំពោះ​ការបង្ហាញ​សាមគ្គីភាព​ក្នុងការ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​នេះឡើយ​។​
 
Kimmich ខ្សែការពារ Bayern Munich បាន​និយាយថា​ក្រុម​របស់ខ្លួន បាន​ពិភាក្សា​ពី​លទ្ធភាព​ក្នុងការ​ធ្វើបាតុកម្ម​ជាមួយគ្នា​នៅពេល​ក្រុម​របស់​ពួកគេ​ប្រកួត​ជាមួយ Bayer Leverkusen ក្នុង​ក្របខណ្ឌ Bundesliga នៅ​ចុង​សប្តាហ៍​នេះ​។​
 
​សមាជិក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ វ័យ​២៥​ឆ្នាំ​រូបនេះ​រៀបរាប់ថា ៖«​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​អ្នកមាន​ឥទ្ធិពល​ដ៏​ធំ​នៅ​ជុំវិញ​ពិភពលោក​។ គំនិត​របស់ខ្ញុំ​គឺ​យើង​គួរតែមាន​អារម្មណ៍​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ ហើយ​ធ្វើ​អ្វីដែល Sancho បានធ្វើ​រួចមកហើយ​នោះ​។ វា​ជា​រឿង​ល្អ​សម្រាប់​អ្នក​ទាំងអស់គ្នា មិនមែន​សម្រាប់តែ​កីឡាករ​ម្នាក់​នោះទេ​។ យើង​រស់នៅក្នុង​ពិភពលោក​តែមួយ ក្លិប​តែមួយ ក្រុមបាល់ទាត់​តែមួយ​។ វា​គ្មាន​បញ្ហា​ទេ​ប្រសិនបើ​អ្នកមាន​សប្បុរ​ខ្មៅ ឬ​ស​នោះ​»​។​
 
Kimmich បន្តថា ការបង្ហាញ​ការតវ៉ា​ជុំវិញ​ការស្លាប់​របស់ Floyd ដែល​ទាក់ទង​ការរើសអើង​ជាតិ​សាសន៍​ពណ៌​សម្បុរ​នៅក្នុង​ការប្រកួត​កីឡាបាល់ទាត់​នោះ នឹង​នាំ​ឲ្យ​មនុស្ស​ជាច្រើន​ឲ្យ​បានដឹង និង​ជា​គំរូ​សម្រាប់​អ្នកដទៃ​ក្នុងការ​បង្ហាញ​ឥរិយាបថ និង​ការនិយាយស្តី​ត្រឹមត្រូវ​៕
 

Tag:
 Bayern Munich
  George Floyd
  Joshua Kimmich
© រក្សាសិទ្ធិដោយ thmeythmey.com