ពីនេះ ពីនោះ
សុខភាព
ងាយៗ​! ក្លិន​ផោម​នឹង​លែង​សូវ​ធុំ​ស្អុយ ជាមួយ​គន្លឹះ​ទាំងនេះ​
05, Jun 2020 , 6:59 pm        
រូបភាព
​ការ​ផោម ឬ​ដើរខ្យល់ ជា​របៀប​ធម្មតា​មួយ​ដែល​រាងកាយ​បញ្ចេញ​ជាតិ​ហ្គាស​មក​ក្រៅ​យ៉ាងហោចណាស់​ចន្លោះ​ពី ១០ ទៅ ២០ ដង​ក្នុង​មួយថ្ងៃ​។ ពេលខ្លះ​ក្លិន​ផោម​មាន​លក្ខណៈ​ស្អុយ​ខ្លាំង ប៉ុន្តែ​ជួនកាល​គ្មាន​ក្លិន​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​គន្លឹះ​ងាយៗ​ជួយ​ឱ្យ​ផោម​មិនសូវមាន​ក្លិនស្អុយ ៖

 
១. ចៀសវាង​ទទួលទាន​បន្លែ​ឆៅ​
 
​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​នឹង​រំលាយ​បន្លែ​ឆៅ​ដូចជា​ការ៉ុត ផ្កា​ខាត់ណា​ខៀវ ខ្ទឹមបារាំង ម្ទេសផ្លោក ស្ពៃក្ដោប និង​បន្លែ​ផ្សេងទៀត​។ នៅពេល​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ធ្វើការ​កាន់តែខ្លាំង​និង​ច្រើន​ប៉ុណ្ណា អ្នក​ក៏​នឹង​ផោម​ញឹក​ប៉ុន​នោះដែរ​។ ហើយ​ថែមទាំង​មាន​ក្លិន​មិនល្អ​ទៀតផង​!
 
២. ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​
 
​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ឬ​ផ្ទុក​កាបូ​ណាត​មិន​ត្រឹមតែ​បណ្ដាលឱ្យ​ផោម​ញឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​ក្លិនស្អុយ​ខ្លាំង​ទៀត​។​
 
៣. កាត់បន្ថយ​ការទទួល​ទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ឡាក់​តូ​ស គឺជា​ជាតិ​ស្ករ​ម្យ៉ាង​ក្នុង​ទឹកដោះគោ និង​ភាគច្រើន​នៃ​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូចជា កា​រ៉ែ​ម និង​ឈី​ស​។ ចំពោះ​អ្នក​ដែល​គ្មាន​អង់ស៊ីម lactase ក្នុង​រាងកាយ​គ្រប់គ្រាន់​អាច​នឹង​ពិបាក​ក្នុង​ការរំលាយ​ឡាក់​តូ​ស ឬ​ហៅថា​បាន​ចាញ់​ឡាក់​តូ​ស​។ ការកើនឡើង​នូវ​ជាតិ​ហ្គាស ហើយ​ផោម​ញឹក​មាន​ក្លិន​អាក្រក់​ខ្លាំង គឺជា​រោគសញ្ញា​មួយ​នៃ​ការ​ចាញ់​ឡាក់​តូ​ស​។ ប្រសិនបើ​អ្នក​សង្ស័យថា​ខ្លួនឯង​ចាញ់​ឡាក់​តូ​ស ចូរ​កាត់បន្ថយ​ការទទួល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ ឬ​ទទួលទាន​ថ្នាំ lactase មុននឹង​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ឡាក់​តូ​ស​។​
 
៤. កម្រិត​ការទទួល​ទាន​អាហារ​សម្បូរ​ខ្លាញ់​ឆ្អែត​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការរួមបញ្ចូល​អាហារ​សម្បូរ​ខ្លាញ់​ឆ្អែត​ក្នុង​របប​អាហារ គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​។ ក្រៅពី​អាច​បណ្ដាលឱ្យ​ស្ទះ​ស​សៃ​ឈាម​និង​បង្កើន​ទម្ងន់​ហើយ​នោះ អាហារ​ប្រភេទ​នេះ​ក៏​បង្កើន​ការផលិត​ជាតិ​ហ្គាស​លើស​កម្រិត​និង​មាន​ក្លិន​មិនល្អ​ខ្លាំង​ផងដែរ​។​
 
៥. ទទួលទាន​អាហារ​ដែល​បំបាត់​ក្លិន​
 
​ក្រៅពី​បន្ថយ​ការទទួល​ទាន​អាហារ​ដែល​អាច​បណ្ដាលឱ្យ​ផោម​របស់​អ្នកមាន​ក្លិន​អាក្រក់​ខ្លាំង​ហើយ​នោះ អ្នក​ក៏​គួរ​រួមបញ្ចូល​អាហារ​ដែលមាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ក្លិនស្អុយ​ជំនួស​វិញ​ផង​។ អាហារ​ទាំងនោះ​រួមមាន​ដំឡូង​ផ្អែម យ៉ា​អួរ និង​តែ​បៃតង​ជាដើម​។​
 
៦. ទំពារ​អាហារ​ឱ្យបាន​ត្រឹមត្រូវ​
 
​ក្រៅពី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ហើយ​នោះ ការ​ទំពារ​អាហារ​ឱ្យ​ម៉ដ្ឋ​ល្អ​ក៏​អាចជួយ​បន្ថយ​ក្លិនស្អុយ​នៃ​ផោម​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com