ជាតិ
​អាជីវកម្ម​ទេសចរណ៍​ដែល​អនុវត្ត​ត្រឹមត្រូវ​ក្នុង​កាលៈទេសៈ COVID-19 នឹង​ទទួលបាន​បណ្ណ​បញ្ជាក់​គុណភាព​...
07, Jun 2020 , 1:59 pm        
រូបភាព

ដោយ៖ ខន ណារី

​ភ្នំពេញ​៖ ក្នុង​កាលៈទេសៈ កូ​វីដ​-១៩ ក្រសួងទេសចរណ៍ ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិ​ថ្មីៗ សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ ចំនួន​៤ ដែល​ក្នុងនោះ​រួមមាន សេវាកម្ម​ស្នាក់នៅ ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍ អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវទឹក​។ អាជីវកម្ម​ដែល​អនុវត្តបាន​ត្រឹមត្រូវ​ក៏​នឹង​ទទួលបាន​បណ្ណ​បញ្ជាក់​គុណភាព ឬ Label ពី​ក្រសួង​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក​រដ្ឋមន្ត្រី ថោង ខុន​។​

 
​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្ដីពី បទដ្ឋាន​គតិយុត្ត​ដាក់​ឲ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​ដំណាក់កាល​វិ​ប​តិ្ត​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា វិធានការ​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​ថ្មីៗ សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ ចំនួន​៤ គឺ​ត្រូវ​ផ្សព្វផ្សាយ​បញ្ជ្រាប​ឲ្យ​មានការ​អនុវត្ត​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​។ លោក​ក៏បាន​ស្នើសុំ​រដ្ឋបាល​រាជធានី​-​ខេត្ត រៀបចំ​ក្រុមការងារ​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ផងដែរ​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់ថា អាជីវកម្ម​ធំៗ​ទាំង​៤ អាចធ្វើ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​បាន​ផង និង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ប្រកបដោយ​ប្រសិទ្ធភាព​ផង នៅពេល​មាន​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ឬ​សហគមន៍​អេកូ​ទេសចរណ៍​នានា​។ លោក​បន្តថា «​ប្រសិនបើ​មូលដ្ឋាន​អាជីវក​ម្មណា​អនុវត្តតាម​ត្រឹមត្រូវ តាម​វិធាន​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិ​សម្រាប់​អាជីវកម្ម​របស់ខ្លួន ក្រសួងទេសចរណ៍​នឹង​ប្រគល់ជូន​នូវ​បណ្ណ​បញ្ជាក់​គុណភាព​សុវត្ថិភាព ទេសចរណ៍ ឬ​ហៅថា Label សម្រាប់​បិទ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ទីតាំង​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ​»​។ 
 
​បើតាម​បញ្ជាក់​របស់លោក ថោង ខុន បច្ចុប្បន្ន​ចលនា​ភ្ញៀវទេសចរ​ក្នុងស្រុក​មានការ​ងើបឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​ទាំងអស់គ្នា​មិនត្រូវ​ភ្លេចខ្លួន​ចំពោះ​បញ្ជា​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះឡើយ ពោលគឺ​ត្រូវ​បន្ត​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នេះ​ត​ទៅមុខទៀត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com