អន្តរជាតិ
អាជ្ញាធរ​ក្រុង Minneapolis ចេញ​សេចក្តីសម្រេច​ហាម​ប៉ូ​លិ​ស​សង្កត់ ឬ​រឹត​ក ជនសង្ស័យ​
07, Jun 2020 , 10:29 pm        
រូបភាព
រូបភាព៖ Getty Image
រូបភាព៖ Getty Image
​ក្រុមប្រឹក្សា​ក្រុង Minneapolis នៅ​ថ្ងៃទី​៥ ខែមិថុនា បានធ្វើ​កំណែទម្រង់​មួយ​ទៅលើ​ស្ថាប័ន​ប៉ូលិស​ក្រុង Minneapolis ដើម្បី​បញ្ចៀស​ករណី​ស្លាប់​ដូច​លោក George Floyd ទៀត​។ សេចក្តីសម្រេច​មួយ​នេះ គឺ​ហាម​ប៉ូលិស​ក្រុង Minneapolis រឹត​ក ឬ​សង្កត់ក​ជនសង្ស័យ​ទៀត​។

 
 
​តាមរយៈ​ការកោះប្រជុំ​បន្ទាន់​មួយ ក្រុមប្រឹក្សា​ក្រុង​Minneapolis បាន​បោះឆ្នោត​យល់ព្រម​ជា​ឯកច្ឆន្ទ​លើ​វិធាន​ថ្មី​មួយ ដោយ​ហាម​ប៉ូលិស​ក្រុង Minneapolis ប្រើប្រាស់​វិធានការ​រឹត​ក​ជនសង្ស័យ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​។ យ៉ាងណាក៏ដោយ សេចក្តីសម្រេច​នេះ អាចអនុវត្ត​ទៅបាន​ទាល់តែ​មានការ​យល់ព្រម​ពី​តុលាការ​ជាមួយ​សិន​។ 
 
​បើ​សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន វា​នឹង​ក្លាយជា​ច្បាប់​មួយ ដែល​ផ្តល់​សិទ្ធិ​ឲ្យ​មន្ត្រី​ក្រុងមាន​សិទ្ធិ​អន្តរាគមន៍​គ្រប់ពេល និង​រាយការណ៍ ប្រសិនបើ​ឃើញ​ប៉ូលិស​ប្រើប្រាស់​វិធានការ​រឹត​ក ឬ​សង្កត់ក​ជនសង្ស័យ​។ ការណ៍​នេះ ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ករណី​ស្លាប់​របស់លោក George Floyd ដោយសារតែ​សកម្មភាព​សង្កត់​ករប​ស់​ក្រុមប៉ូលិស​ក្រុង Minneapolis​។ 
 
​សូមបញ្ជាក់ថា តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន NBC ប៉ូលិស​ក្រុង​Minneapolis បាន​ប្រើប្រាស់​វិធានការ​រឹត​ក​ជនសង្ស័យ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​រហូតដល់ ២៣៧​ដង​ឯណោះ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៥​កន្លងមក​។ មនុស្ស ៤៤​នាក់ ត្រូវបាន​គេ​រកឃើញថា មាន​ស្ថាន​ភាពមិនប្រក្រតី បន្ទាប់ពី​ប៉ូលិស​ប្រើប្រាស់​វិធានការ​ទាំងនោះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com