អន្តរជាតិ
សកលវិទ្យាល័យ​មួយ​នៅ Minneapolis ដាក់​អាហារូបករណ៍​យកតាម​ឈ្មោះ George Floyd
08, Jun 2020 , 9:29 am        
រូបភាព
ដោយ: ធីតា
​សកលវិទ្យាល័យ North Central University ដែល​ស្ថិតនៅ​ក្រុង Minneapolis រដ្ឋ Minnesota បានចាប់ផ្តើម​កម្មវិធី​អាហារូបករណ៍​ដែលមាន​ឈ្មោះថា «George Floyd Scholarship Fund» ដើម្បី​ឧទ្ទិស​ដល់​បុរស​ស្បែក​ខ្មៅ​អាយុ​៤៦​ឆ្នាំ ដែល​ត្រូវបាន​ប៉ូលិស​នៃ​ទីក្រុង​មួយ​នេះ យក​ជង្គង់​សង្កត់ក រហូតដល់​ស្លាប់ និង​បង្ក​ឲ្យ​មាន​ច​លាន​តវ៉ា​ទូទាំង​សហរដ្ឋអាមេរិក​។

 
​យោងតាម​ការផ្សាយ​រប​ស់ Daily News អាហារូបករណ៍ «George Floyd Scholarship Fund» នេះ នឹង​ផ្តល់​សម្រាប់​កម្មវិធី Act Six របស់​សកលវិទ្យាល័យ​លើ​ការបណ្តុះបណ្តាល​អនាគត​អ្នកដឹកនាំ​នៅ​ទីក្រុង​។ លោក Scott Hagen សាកលវិទ្យាធិការ​នៃ North Central University ក៏បាន​ស្នើ​ដល់​បណ្តា​សាកលវិទ្យាល័យ​ផ្សេងទៀត​នៅ​សហរដ្ឋអាមេរិក ធ្វើ​ដូច​ខ្លួន​យ៉ាង​ដូច្នោះ​ដែរ ។​
 
​បច្ចុប្បន្ន ទឹកប្រាក់​សម្រាប់​អ្នក​ជាប់​អាហារូបករណ៍​នេះ មាន​ចំនួន​៥៣០០០​ដុល្លារ​អាមេរិក​។ North Central University ដែលជា​សកល​វិទ្យាល័យ​ឯកជន មាន​ចម្ងាយ​ជិត​៥​គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​លោក George Floyd ត្រូវបាន​ប៉ូលិស​សង្កត់ក រហូតដល់​ស្លាប់​កាលពី​ថ្ងៃទី​២៥ ខែឧសភា បន្ទាប់ពី​គេ​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​សង្ស័យ​ប្រើ​ក្រដាសប្រាក់​ក្លែងក្លាយ​២០​ដុល្លារ​អាមេរិក​នៅ​ហាង​ទំនិញ​មួយ​។ 
 
​ករណីនេះ បាន​នាំ​ឲ្យ​មាន​រលក​នៃ​ការតវ៉ា​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​ពេញ​សហរដ្ឋអាមេរិក ថែមទាំង​មាន​ករណី​ហិង្សា​ដុត​រថយន្ត បំផ្លាញ​ទីតាំង​ផ្សារ​ទំនិញ និង​គ្រោះថ្នាក់​ជាច្រើន​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com