សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ បញ្ជា​ឲ្យ​ដក​កង​ឆ្មាំ​ជាតិ​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន​
08, Jun 2020 , 2:14 pm        
រូបភាព
ឆ្មាំជាតិអាមេរិក ដាក់ពង្រាយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។រូបភាព AP
ឆ្មាំជាតិអាមេរិក ដាក់ពង្រាយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។រូបភាព AP
ដោយ:
​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែមិថុនា បាន​បញ្ជា​ឲ្យ​ឆ្មាំ​ជាតិ​ដែល​កំពុង​ប្រចាំការ​ទប់ទល់​ស្ថានការណ៍​បាតុកម្ម និង​កុបកម្ម ដកខ្លួន​បណ្តើរៗ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​។ ការបញ្ជា​ឲ្យ​ដក​ឆ្មាំ​ជាតិ​ចេញ​នេះ ធ្វើឡើង​បន្ទាប់ពី​គេ​មើលឃើញថា បាតុកម្ម​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍ បណ្តាលមកពី​ការស្លាប់​របស់​បុរស George Floyd មិនមាន​លក្ខណៈ​ហិង្សា​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។

 
​ខណៈ​ស្ថានការណ៍​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ធូរស្រាល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ចេញ​បញ្ជា​ឲ្យ​កង​ឆ្មាំ​ការពារជាតិ​ត្រឡប់​ចូល​បន្ទាយ​វិញ​។ ប៉ុន្តែ​លោក ត្រាំ ព្រមាន​ថា ពួកគេ​នឹង​មកវិញ​ភ្លាម ក្នុងករណី​ចាំបាច់​។  
 
​ទាក់ទង​ព័ត៌មាន​លម្អិត​នៃ​ការដក​ទ័ព​នេះ លោក Ryan McCarthy មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​អាមេរិក បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា កង​ឆ្មាំ​ការពារជាតិ​មកពី​រដ្ឋ​ចំនួន​១១ ដែល​ត្រូវបញ្ជូន​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ នឹងត្រូវ​ដក​វិញ​ក្នុង​រយៈពេល​២ ទៅ ៣​ថ្ងៃ​ខាងមុខ​។  លោក McCarthy បាន​ធានា​ទៀតថា ស្ថានការណ៍​បច្ចុប្បន្ន ក៏​មិន​ត្រូវការ​កងទ័ព​ដែល​ទើបតែ​ទៅដល់​បន្ទាយ​ក្នុង​រដ្ឋ Virginia និង​Maryland ដែល​ហ៊ុមព័ទ្ធ​វ៉ាស៊ីនតោន​ដែរ​។​
 
​កាលពី​សប្តាហ៍​មុន ចំនួន​កង​ឆ្មាំ​ការពារជាតិ​ដែល​ដាក់​ប្រចាំការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន មាន​ចំនួន ៥​ពាន់​នាក់ ប៉ុន្តែ​មាន​ត្រឹមតែ​១​ភាគ​៣​ប៉ុណ្ណោះ ដែល​ត្រូវដាក់​ឲ្យ​ត្រួតពិនិត្យ​នៅតាម​ដងផ្លូវ​។ បន្ទាប់ពី​ឆ្មាំ​ត្រូវបាន​ដកចេញ​ប៉ូលិស និង​ភ្នាក់ងារ​សហព័ន្ធ នឹង​ជួយ​កង​ឆ្មាំ​ការពារ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុងករណី​ចាំបាច់​។​
 
​នៅពេលដែល​បាតុកម្ម​ឈានទៅដល់​កុបកម្ម ដែល​រួម​មានការ​លួច​ហាង​ទំនិញ និង​ការប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​កាលពី​សប្តាហ៍​មុន លោក ត្រាំ ធ្លាប់​លើកឡើង​ពី​ការដាក់​ឲ្យ​កងទ័ព​ចេញ​ប្រតិបត្តិការ​វិញ​ម្តង ដើម្បី​បង្ក្រាប​សកម្មភាព​ចលាចល​នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ​ក្រោយពេល​សកម្មភាព​ចលាចល បាន​ថមថយ​កម្លាំង លោក​ប្រធានាធិបតី ត្រាំ ក៏​ដកថយ​ពី​ជំហរ​នេះ​។ លោក ត្រាំ រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​អតីត​ឧ​ត្ត​ម​សេនីយ៍​អាមេរិក​ដោយសារ​ការចង់​ប្រើ​កម្លាំងយោធា​នេះ​
 
​គួរបញ្ជាក់​ផងដែរ​ថា នៅត្រឹម​ថ្ងៃទី​២ ខែមិថុនា កង​ឆ្មាំ​ជាតិ​ចំនួន​១៧,០០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​ក្នុង​រដ្ឋ​ចំនួន​២៣ ដើម្បី​ជួយ​អាជ្ញាធរ​តាម​មូលដ្ឋាន​ក្នុងការ​បង្ក្រាប​សកម្មភាព​ចលាចល​ដែល​កើតចេញពី​ការតវ៉ា​ក្រោយ​ការស្លាប់​របស់លោក ច​ច ហ្វ្ល​យ នៅ​ចុងខែ​ឧសភា​ដោយសារ​ប៉ូលិស​អាមេរិក​៕

© រក្សាសិទ្ធិដោយ thmeythmey.com