រថយន្ត
អន្តរជាតិ
ម្ចាស់ក្រុមហ៊ុន និងអ្នកជំនួញយានយន្តជាង៥០នាក់ ស្ថិតក្នុងបញ្ជី Billionaires លោក Elon Musk ស្ថាបនិក និងជាអគ្គនាយក Tesla Motors, SpaceX ជាមហាសេដ្ឋីផ្នែកយានយន្តដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ។ រូបថត AP
× ក្នុងបញ្ជី World’s Billionaires List របស់ទស្សនាវដ្តី Forbes ប្រចាំឆ្នាំ២០២០ ម្ចាស់ក្រុមហ៊ុនយានយន្ត និងអ្នកជំនួញពាក់ព័ន្ធនឹងវិស័យយានយន្តដល់ទៅជាង៥០នាក់់ ស្ថិតក្នុងចំណោមមហាសេដ្ឋីពាន់លាន (Billionaires) សរុប២០៩៥នាក់។ ខណៈមហាសេដ្ឋីបច្ចេកវិទ្យា លោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon ឈរលំដាប់ខ្ពស់ជាងគេលើលោកជាមួយនឹងទ្រព្យសម្បត្តិ ១១៣ពាន់លានដុល្លារអាមេរិក រីឯលោក Bill Gates ម្ចាស់ក្រុមហ៊ុន Microsoft ស្ថិតនៅលេខ២ ជាមួយនឹងទ្រព្យសម្បត្តិ៩៨ពាន់លានដុល្លារអាមេរិកនោះ លោក Elon Musk ស្ថាបនិក និងជាអគ្គនាយក Tesla Motors, SpaceX ជាមហាសេដ្ឋីផ្នែកយានយន្តដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ។
អាយុ៤៩ឆ្នាំ លោក Elon Musk ដែលជាវិស្វករ និងអ្នកបច្ចេកវិទ្យា ជាពិសេសផ្នែកយានយន្តនោះ មានទ្រព្យសម្បត្តិ ៣៨.៨ពាន់លានដុល្លារអាមេរិក ដោយឈរក្នុងចំណាត់ថ្នាក់ទី៣១លើពិភពលោក។ មហាសេដ្ឋីដែលកើតនៅក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូងរូបនេះ ក៏មានសញ្ជាតិកាណាដា និងអាមេរិក ផងដែរ។ អ្នកដែលមានទ្រព្យសម្បត្តិច្រើនបន្ទាប់ពីលោក Musk នោះគឺ លោកស្រី Susanne Klatten (អាល្លឺម៉ង់) អាយុ៥៨ឆ្នាំ ក្រុមហ៊ុន BMW, ឱសថសាស្ត្រ ទ្រព្យ២១.៩ពាន់លានដុល្លារ និងលោក Stefan Quandt (អាល្លឺម៉ង់) អាយុ៥៤ឆ្នាំ ក្រុមហ៊ុន BMW ទ្រព្យ១៦.៥ពាន់លានដុល្លារ។
លេខរៀងបន្តបន្ទាប់រួមមាន លោក Li Shufu (ចិន) អាយុ៥៧ឆ្នាំ ក្រុមហ៊ុន Zhejiang Geely Holding Group Co. Ltd. និង Volvo ទ្រព្យ១៣ពាន់ដុល្លារ, លោក Shahid Khan (អាមេរិកដើមកំណើតប៉ាគីស្ថាន) អាយុ៧០ឆ្នាំ ក្រុមហ៊ុន Flex-N-Gate ទ្រព្យ១១.៨ពាន់លានដុល្លារ, លោក Georg Schaeffler (អាល្លឺម៉ង់) អាយុ៥៦ឆ្នាំ ក្រុមហ៊ុន INA Holding Schaeffler GmbH & Co. KG ទ្រព្យ១១.២ពាន់លានដុល្លារ, លោក Lu Zhongfang (ចិន) អាយុ៧៨ឆ្នាំ ក្រុមហ៊ុន Offcn Education Technology Co., Ltd., អតីត Yaxia Automobile Corporation ទ្រព្យ ៩.៨ពាន់លានដុល្លារ, លោក Ernest Garcia II (អាមេរិក) អាយុ៦៣ឆ្នាំ ក្រុមហ៊ុន DriveTime ទ្រព្យសម្បត្តិ ៧.៦ពាន់លានដុល្លារ និង លោក Wang Chuanfu (ចិន) អាយុ៥៤ឆ្នាំ ក្រុមហ៊ុន BYD Company ទ្រព្យ៥.២ពាន់លានដុល្លារ។
ក្រៅពីនេះ មានជាង៤០នាក់ទៀត ដែលមានទ្រព្យសម្បត្តិចន្លោះពីជាង១ពាន់លាន ដល់ជាង៤ពាន់លានដុល្លារអាមេរិក ក្នុងនោះ ថៃ មានលោកស្រី Somporn Juangroomgruangkit អាយុ៦៩ឆ្នាំ និងលោក Phornthep Phornprapha អាយុ៧២ឆ្នាំ (និងក្រុមគ្រួសារ) ដែលមានទ្រព្យសម្បត្តិ១.២ពាន់លានដុល្លារដូចគ្នា។ វៀតណាម មានលោក Tran Ba Duong អាយុ៦០ឆ្នាំ និងគ្រួសារ ដែលមានទ្រព្យ១.៥ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com