គម្រោងច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង ធ្វើឲ្យចិនរងការរិះគន់យ៉ាងខ្លាំង។ ប្រទេសលោកខាងលិចមួយចំនួនមានអាមេរិក កាណាដា អូស្ត្រាលី និងអង់គ្លេសដែលជាអតីតម្ចាស់អាណានិគមហុងកុង បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាដើម្បីរិះគន់ចិន។ ជប៉ុនវិញ ក៏មិនស្ងៀមដែរ ដោយបានបង្ហាញក្ដីបារម្ភចំពោះការវិវត្តិនៅហុងកុង ប៉ុន្តែមិនខ្លាំងក្លាដូចមហាអំណាចផ្សេងឡើយ។ គេមើលឃើញថា ក្រុងតូក្យូកំពុងព្យាយាមថ្នាក់ថ្នមទំនាក់ទំនងជាមួយក្រុងប៉េកាំង។
ស្របពេលអាមេរិក អូស្ត្រាលី អង់គ្លេស និងកាណាដាពួតដៃគ្នាចេញសេចក្ដីថ្លែងការណ៍រិះគន់ចិនខ្លាំងរឿងការបង្កើតច្បាប់សន្តិសុខដែលអាចប៉ះពាល់សិទ្ធិស្វ័យភាពហុងកុង ជប៉ុនឯណោះវិញ ហាក់មានជំហរប្រុងប្រយ័ត្នខ្លាំងចំពោះបញ្ហានេះ។ តាមកាសែតជប៉ុនក្យូដូ ជប៉ុនបានសម្រេចចិត្តមិនចូលរួមជាមួយប្រទេសទាំង៤នេះដើម្បីវាយប្រហារចិនឡើយ។
ដ្បិតមិនចូលរួមជាមួយគេឯងក្តី ជប៉ុនក៏បានចេញយោបល់បង្ហាញក្ដីបារម្ភផងដែរតាំងពីពេលសភាចិនអនុម័តដំណោះស្រាយមួយដែលបើកផ្លូវឲ្យមានការតាក់តែងច្បាប់សន្តិសុខដែលហាមឃាត់ការផ្ដាច់ខ្លួន ការធ្វើវិទ្ធង្សនា និងអំពើភេរវកម្ម។ កាលនោះ ទីក្រុងតូក្យូ ក៏បានកោះហៅអគ្គរដ្ឋទូតចិនដើម្បីប្រាប់ពីជំហររបស់ខ្លួនផងដែរ។
មកដល់ថ្ងៃទី៨ ខែមិថុនា នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក៏ចេញមុខដោយផ្ទាល់ ដោយបានបង្ហាញការព្រួយបារម្ភពីស្ថានការណ៍នៅហុងកុង។ លោក អាបេ ប្រាប់សមាជិកសភាជប៉ុនថា ទីក្រុងតូក្យូ តាមដានដោយក្ដីបារម្ភ ហើយចង់ឃើញគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» បន្តអនុវត្តនៅហុងកុងដដែល ព្រោះហុងកុងក៏ជាដៃគូសេដ្ឋកិច្ចដ៏ធំមួយរបស់ជប៉ុន និងមានទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនផងដែរ។
អាចមានមូលហេតុពីរដែលជប៉ុនមិនចូលដៃជាមួយអាមេរិកដើម្បីរិះគន់ចិន។ ទីមួយ ជប៉ុនចង់រក្សាទំនាក់ទំនងបច្ចុប្បន្នដែលមានភាពល្អប្រសើរគួរសម មិនឲ្យរអិលទៅរកភាពយ៉ាប់យ៉ឺនដើម្បីរក្សាបរិយាកាសល្អត្រៀមទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ។ តាមគម្រោង លោក ស៊ី ត្រូវទៅកាន់តូក្យូនៅខែមេសា ប៉ុន្តែជំងឺ COVID-19 បានរារាំងដំំណើរទស្សនកិច្ចនេះ។ ភាគីទាំងពីរ បន្តទំនាក់ទំនងគ្នាដើម្បីកំណត់កាលបរិច្ឆេទថ្មី។
ជប៉ុន ពិតជាចង់ឲ្យលោក ស៊ី ទៅកាន់តូក្យូឲ្យបានឆាប់ ព្រោះប្រធានាធិបតីចិនអាក់ខានទៅជប៉ុន១២ឆ្នាំមកហើយ។ លោក ហ៊ូ ជិនតាវ ជាប្រមុខរដ្ឋចិនចុងក្រោយដែលធ្វើដំណើរទៅកាន់ជប៉ុនតាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ ដូចនេះ ទស្សនកិច្ចលោក ស៊ី ពិតជាសំខាន់សម្រាប់ជប៉ុនក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសហ៊ុមព័ទ្ធដោយបញ្ហាជាច្រើននោះ។
ទីពីរ ជប៉ុនចង់ដើរផ្លូវរបស់ខ្លួនក្នុងការឆ្លើយតបនឹងបញ្ហាក្នុងតំបន់ជាជាងចូលរួមជាប្រទេសឯទៀត។ អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ជប៉ុនបានបង្ហាញជំហររបស់ខ្លួនដោយផ្ទាល់ និងឆាប់រហ័សទៅកាន់ចិននៅកម្រិតខ្ពស់ ហើយក៏បានបង្ហាញជំហរនេះទៅកាន់អន្តរជាតិផងដែរ។ ប្រភពមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសជាច្រើនសរសើរជំហរឯករាជ្យរបស់ជប៉ុន។
តាមពិតទៅ ការណ៍ដែលជប៉ុនចូលរួមជាមួយអាមេរិក និងសម្ព័ន្ធមិត្តឯទៀត ក៏ព្រោះតែជប៉ុនមិនចង់ឲ្យត្រូវបានមើលឃើញថា ខ្លួនមានប្រឆាំងចិនដូចដែលជាប្រទេសទាំងនោះចេញមុខប្រឆាំងដោយឥតលាក់លៀមដែរ។ ក្រោយការចេញសេចក្ដីថ្លែងការណ៍របស់អាមេរិក និងសម្ព័ន្ធមិត្ត អ្នកនាំពាក្យក្រសួងការបរទេសចិនបានព្រមានទីក្រុងតូក្យូឲ្យនៅឆ្ងាយពីអាមេរិក និងប្រទេសអឺរ៉ុបនៅពេលដែលដោះស្រាយបញ្ហារសើប ហើយសង្ឃឹមថា ជប៉ុននឹងបង្កើតបរិយាកាស និងលក្ខខណ្ឌល្អដើម្បីឲ្យទស្សនកិច្ចលោក ស៊ី លេចជារូបរាង។
ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី នៅតែជាអ្វីដែលជប៉ុនចង់បានឲ្យបានឆាប់ ទោះជាបញ្ហាខ្លះក្ដី។ ដ្បិតមិនពេញចិត្តគម្រោងបង្កើតច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង ជប៉ុនក៏ត្រូវគិតគូរពីបញ្ហាធំជាងនេះ៕