COVID-19
អន្តរជាតិ
វៀតណាម ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​
09, Jun 2020 , 9:59 am        
រូបភាព
ទង់ជាតិវៀតណាម និងសហភាពអឺរ៉ុប នាពេលចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០១៩។ រូបភាព Reuters
ទង់ជាតិវៀតណាម និងសហភាពអឺរ៉ុប នាពេលចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០១៩។ រូបភាព Reuters
ដោយ:
​វៀតណាម នៅ​ថ្ងៃទី​៨ ខែមិថុនា​នេះ បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ដែល​នឹង​កាត់បន្ថយ​អត្រាពន្ធ​នាំចូល​ចំនួន​៩៩​ភាគរយ​លើ​ទំនិញ​រវាង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ និង​ប្លុក​ប្រទេស​អឺរ៉ុប​។ កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​មាន​សារសំខាន់​​សម្រាប់ការលូតលាស់នៃ​សេដ្ឋកិច្ច​វៀត​ណា​ម ក្រោយ​ជំងឺ​រាតត្បាត​COVID-19 ផុតរលត់ទៅ​។

 
​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សហភាព​អឺរ៉ុប​-​វៀតណាម (European Union Vietnam Free Trade Agreement) ត្រូវបាន​សមាជិក​រដ្ឋ​សភា​វៀតណាម​អនុម័ត​ផ្តល់​សច្ចាប័ន​ដោយ​សម្លេង​៩៤​ភាគរយ​។ សម្រាប់សហភាព​អឺរ៉ុប នេះ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទី​២ ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី​។ គេរំពឹងថា កិច្ចព្រមព្រៀង​នេះ ​នឹង​ចូល​ជា​ធរមាននៅក្នុង​ខែកក្កដា​។​
 
​បើតាម​ទីភ្នាក់ងារព័ត៌មាន Reuters កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ អនុញ្ញាត​ឲ្យ​វៀតណាម​មាន​រយៈពេល​អ​ន្ត​រកា​ល​១០​ឆ្នាំ​ ដើម្បីរៀបចំយន្តការអនុវត្តជាពិសេសការកាត់បន្ថយពន្ធលើផលិតផលបន្តិចម្តងៗ​ដែលធានាមិនឲ្យមានបញ្ហាប្រឈមខ្លាំង។ ជា​ថ្នូរ​មកវិញ វៀតណាម​ត្រូវ​បើកចំហរ​ទីផ្សារ​សេវាកម្ម​របស់ខ្លួន រួមមាន​ប្រៃសណីយ៍ ធនាគារ ការដឹកជញ្ជូន​តាម​នា​វា និង​ការដេញថ្លៃ​ជា​សាធារណៈ ដោយ​តម្រូវ​ផងដែរ​ឲ្យ​ផ្តល់​ការការពារ​លើ​ចំណីអាហារ និង​ភេសជ្ជៈ​អឺរ៉ុប​ពី​ការលួចចម្លង​កម្មសិទ្ធិ​បញ្ញា​។​
 
​យ៉ាងណាមិញ វាក៏​មានការរិះគន់​ផងដែរ​ទៅលើ​កិច្ចព្រមព្រៀង​នេះ ដ្បិត​អឺរ៉ុប​ហាក់​មិនបាន​លើកឡើង​ពី​ការអនុវត្ត​សិទ្ធិមនុស្ស និង​សិទ្ធិពលករ​នៅ​វៀតណាម​។ ប៉ុន្តែ​ក្រុង​ហា​ណូ ប្រកាស​ពី​ការប្ដេជ្ញាចិត្ត​របស់​ដើម្បី​កែប្រែ​ចំណុច​ខ្វះខាត​នេះ ស្រប​ពេលដែល​អឺរ៉ុប​នឹង​តាមដាន​សកម្មភាព​វៀតណាម​ផងដែរ​។​
 
​ធនាគារពិភពលោក បាន​ព្យាករ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​នឹង​បង្កើន​ផលិតផល​សរុប​ក្នុងស្រុក​របស់​វៀតណាម​បាន​២,៤​ភាគរយ និង​ជំរុញ​ការនាំចេញ​១២​ភាគរយ នៅ​ឆ្នាំ​២០៣០ ។ មិនតែប៉ុណ្ណោះ វា​នឹង​ជួយ​ពលរដ្ឋ​វៀតណាម​រាប់ម៉ឺន​នាក់​ចាក​ចេញពី​ភាពក្រីក្រ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com