ក្រៅពីការលើកបដាផ្សេងៗ ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិពលរដ្ឋស្បែកខ្មៅ និងការស្វែងរកយុត្តិធម៌សម្រាប់ George Floyd សកម្មភាពហិង្សាក៏កើតមានញឹកញាប់ផងដែរ នៅបណ្តាក្រុងជាង៧៥ទូទាំងសហរដ្ឋអាមេរិក ជាពិសេសនៅ Minneapolis-Saint Paul, New York City, Chicago, Philadelphia និង Los Angeles។
ការដុតហាងទំនិញ និងរថយន្តប៉ូលិសបានក្លាយជាគោលដៅនៃការវាយកម្ទេច និងដុតបំផ្លាញរបស់ក្រុមអ្នកតវ៉ា ព្រោះដើមចមនៃទារុណកម្មលើ George Floyd កើតចេញពីបុគ្គលិកហាងទំនិញនៅ Minneapolis ហៅប៉ូលិសឲ្យទៅចាប់បុរសរូបនេះ ដោយសង្ស័យប្រើប្រាស់ប្រាក់២០ដុល្លារអាមេរិកក្លែងក្លាយដើម្បីទិញទំនិញ។
មិនមានរបាយការណ៍ទាក់ទងនឹងចំនួនរថយន្តប៉ូលិសដែលត្រូវបានវាយកម្ទេច និងដុតបំផ្លាញនោះឡើយ ប៉ុន្តែនាយកដ្ឋានប៉ូលិសនៅ Los Angeles បានបញ្ជាក់ឲ្យដឹងថា ត្រឹមតែពីរបីថ្ងៃដំបូងប៉ុណ្ណោះ រថយន្តប៉ូលិសមូលដ្ឋានជិត៧០គ្រឿងត្រូវបានវាយកម្ទេច ក្នុងនោះប្រមាណ១០គ្រឿងត្រូវបានដុតបំផ្លាញទាំងស្រុង៕
នៅក្រុង Salt Lake មនុស្សជាច្រើនត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបាននាំគ្នាលោតជាន់លើរថយន្តប៉ូលិស ដែលក្នុងនោះ មានស្ត្រីម្នាក់ថែមទាំងបន្ទរបង់ដាក់លើរថយន្តនោះថែមទៀតផង។