សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងជើង កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​
09, Jun 2020 , 11:55 am        
រូបភាព
តំបន់ គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំង២។រូបភាពAFP
តំបន់ គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំង២។រូបភាពAFP
ដោយ:
​កូរ៉េខាងជើង នឹង​កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់​ជាមួយ​កូរ៉េខាងត្បូង​នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា​នេះ ដោយ​ចោទប្រកាន់​កូរ៉េខាងត្បូង​ថា មិនបាន​បញ្ឈប់​ការ​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​ទីក្រុង​ព្យុងយ៉ាង​ពី​អ្នករត់​ចេញពី​កូរ៉េខាងជើង​។ នេះ​បើតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។​

 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA បញ្ជាក់ថា បណ្តាញ​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​នឹងត្រូវ​កាត់ផ្តាច់​នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា​នេះ មាន​ខ្សែ​ទូរស័ព្ទ​បន្ទាន់​រវាង​ទីស្នាក់ការ​បក្ស​ពលករ​កូរ៉េខាងជើង​របស់លោក គីម ជុង​អ៊ុន និង​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​របស់លោក មូ​ន ចេ​អ៊ី​ន​, បណ្តាញ​ទំនាក់ទំនង​រវាង​យោធា​ប្រទេស​ទាំងពីរ​, និង​ខ្សែ​ទូរស័ព្ទ​នៅឯ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​។ 
 
​ការសម្រេចចិត្ត​នេះ ធ្វើឡើង​ក្រោយ​កិច្ចប្រជុំ​ចូលរួម​លោកស្រី Kim Yo-jong ប្អូនស្រី​លោក គីម ជុង​អ៊ុន និង​លោក Kim Yong-chol អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិម​របស់​បក្ស​ពលករ​កូរ៉េ​។ អំឡុង​កិច្ចប្រជុំ​នេះ កូរ៉េខាងជើង​បាន​សង្ក​ត់​ធ្ងន់​ថា ការងារ​ជាមួយ​កូរ៉េខាងត្បូង​គួរតែ​ប្រែក្លាយជា​ការងារ​ប្រឆាំង​សត្រូវ និង​ពិភាក្សា​ផែនការ​ជា​ដំណាក់ៗ​ក្នុងការ​ប្រែក្លាយ​ការងារ​នេះ​ដើម្បី​ឲ្យ​អ្នក​ក្បត់ និង​មនុស្ស​ឋានៈ​តូច​ទាប​ទទួលខុសត្រូវ​ចំពោះ​អំពើ​ដែល​បាន​ប្រព្រឹត្ត​។​
 
​ក្រោយ​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​បាន​សន្និដ្ឋាន​ថា​៖ «​គេ​មិនមាន​ការចាំបាច់​ក្នុង​ការជជែក​ទល់មុខ​គ្នា​ជាមួយ​អាជ្ញាធរ​កូរ៉េខាងត្បូង​ឡើយ និង​ពុំមាន​បញ្ហា​អ្វីដែល​ត្រូវ​ជជែក​ដែរ ដោយសារតែ​ការពិភាក្សា​ជាមួយ​កូរ៉េខាងត្បូង​បណ្តាល​ឲ្យ​តែ​មានរឿង​ស្រងាកចិត្ត​។​» បើតាម KCNA ការ​កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង​នេះ គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ក្នុងការ​កាត់ផ្តាច់​មធ្យោបាយ​ជាមួយ​កូរ៉េខាងត្បូង និង​រឿង​មិនបានការ​ទាំងឡាយ​។​
 
​គួរ​បញ្ជាក់ថា ខ្សែ​ទំនាក់ទំនង​ដែល​កូរ៉េខាងជើង​នឹង​កាត់ផ្តាច់​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៨ ក្រោយ​ជំនួប​ចំនួន​៣​ដង រវាង​លោក មូ​ន និង​លោក គីម ដែល​បង្កើត​ឲ្យ​មាន​បរិយាកាស​សន្តិភាព​រវាង​កូរ៉េ​ទាំងពីរ​។​
 
​កាលពី​ថ្ងៃទី​៤ ខែមិថុនា លោកស្រី Kim Yojong ធ្លាប់បាន​ព្រមាន​កូរ៉េខាងត្បូង​ឲ្យ​បញ្ឈប់​សកម្មភាព​បង្ហោះ​ខិត្តប័ណ្ណ​ដោយ​អ្នក​លួច​រត់​ចេញពី​កូរ៉េខាងជើង ចូលក្នុង​តំបន់​គ្មាន​កងទ័ព​ដែល​បែងចែក​ប្រទេស​ទាំងពីរ​។ លោកស្រី Kim Yo Jong ប្អូនស្រី​សំណព្វ​លោក គីម ជុង​អ៊ុន ព្រមាន​ថា កូរ៉េខាងជើង នឹង​លុបចោល​កិច្ចព្រមព្រៀង​យោធា​ទ្វេភាគី​ជាមួយ​កូរ៉េខាងត្បូង និង​គម្រោង​រួមគ្នា​ឯទៀត បើសិនជា​សកម្មភាព​នេះ​នៅតែ​បន្ត​៕
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com