សមាគមផ្គត់ផ្គង់ជ្រូក ព្រមានប្តឹងទៅ ACU បើនៅតែឲ្យក្រុមហ៊ុនតែមួយ ផ្តាច់មុខនាំចូលជ្រូក
ជាតិ
សេដ្ឋកិច្ច
សមាគមផ្គត់ផ្គង់ជ្រូក ព្រមានប្តឹងទៅ ACU បើនៅតែឲ្យក្រុមហ៊ុនតែមួយ ផ្តាច់មុខនាំចូលជ្រូក
09, Jun 2020 , 6:04 pm        
រូបភាព
លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា (ខាងលើ) និង លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ខាងក្រោម)
លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា (ខាងលើ) និង លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ខាងក្រោម)
ភ្នំពេញ៖ ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា លោក សាន់ ចាន់ថេត ប្រកាសថា លោក នឹងស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស៊ើបអង្កេត លើករណីប្រមូលផ្ដុំការនាំចូលជ្រូកផ្ដាច់មុខ ដោយសង្ស័យថា មានអំពើពុករលួយពាក់ព័ន្ធនឹងមន្រី្តកសិកម្ម រួមជាមួយក្រុមហ៊ុនដែលនាំជ្រូកចូល។



លោក សាន់ ចាន់ថេត លើកឡើងថា មានការប្រមូលផ្ដុំការនាំចូលផ្ដាច់មុខ ពោលគឺ ក្រុមហ៊ុន លឹម ស៊ីវម៉ី ប្រមូលទិញជ្រូកពីក្រុមហ៊ុនផ្សេងទៀត ដែលទទួលបានអាជ្ញាបណ្ណនាំជ្រូក។ បញ្ហានេះបណ្ដាលឲ្យប៉ះពាល់ដល់អាជីវករលក់ជ្រូកជាច្រើន ហើយនឹងបាត់បង់ឱកាសប្រកួតប្រជែងទីផ្សារសេរី។

ប៉ុន្តែ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា កន្លងមកមានតែ២ក្រុមហ៊ុនប៉ុណ្ណោះ ដែលប្រគល់សិទ្ធិអាជ្ញាបណ្ណរបស់ខ្លួនឲ្យអ្នកផ្សេង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ជ្រូកឡើងថ្លៃខុសប្រក្រតី» នៅថ្ងៃទី៩ មិថុនានេះ ជ្រូករស់ឡើងថ្លៃជាង១៤០០០រៀល ក្នុង១គីឡូក្រាម ដោយសារក្រុមហ៊ុន លឹម ស៊ីវម៉ី ប្រមូលផ្ដុំទិញអាជ្ញាបណ្ណបន្តពីក្រុមហ៊ុនផ្សេង ដើម្បីក្ដោបក្ដាប់ទីផ្សារ។ លើសពីនេះ ក្រុមហ៊ុនដែលមិនលក់អាជ្ញាបណ្ណបន្តឲ្យ ត្រូវក្រសួងកសិកម្ម សម្រេចដកអាជ្ញាបណ្ណវិញ។

លោក សាន់ ចាន់ថេត បញ្ជាក់ថា៖«សព្វថ្ងៃនេះ មានទាំងអស់៧ក្រុមហ៊ុន (ក្រុមហ៊ុននាំចូលជ្រូកពីថៃ) ហើយឥឡូវបិទ១ក្រុមហ៊ុន នៅសល់៦ក្រុមហ៊ុន។ ប៉ុន្តែក្នុងចំណោម៧ក្រុមហ៊ុននេះ ម្ចាស់ក្រុមហ៊ុនដែលនាំជ្រូករស់យកមកលក់ផ្ទាល់ តាមអាជ្ញាបណ្ណរបស់ខ្លួន ក្នុង៧ក្រុមហ៊ុនមានតែ២ក្រុមហ៊ុនទេ គឺក្រុមហ៊ុន លឹម ស៊ីវម៉ី និង ក្រុមហ៊ុន ដានី ដេង គឺអ្នកធ្វើផ្ទាល់ (នាំចូលជ្រូក) កន្លងមក ក៏ដូចជាបច្ចប្បន្ននេះដែរ។ តែបច្ចប្បន្ន គឺអស់ក្រុមហ៊ុនមួយហើយ នៅសល់តែ៦ទេ»។

អ្នកកាន់តម្លៃទីផ្សារជ្រូកមានតែពីរនាក់ប៉ុណ្ណោះ គឺក្រុមហ៊ុន ដានី ដេង និង ក្រុម លឹម ស៊ីវម៉ី។ តែបច្បុន្ន ក្រុមហ៊ុន ដានី ដេង ត្រូវបានក្រសួងកសិកម្មបិទហើយ។ ក្រៅពីនេះ ៥ក្រុមហ៊ុនទៀត ដែលទទួលបានអាជ្ញាបណ្ណនាំចូលជ្រូក បានលក់ជ្រូកទៅឲ្យក្រុម លឹម ស៊ីវម៉ី។ ដូច្នេះនៅមានតែក្រុមហ៊ុន លឹម ស៊ីវម៉ី តែមួយគត់ ដែលនាំចូលជ្រូកពីថៃមកកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់ លោក ចាន់ថេត ដដែល ដោយលោក បានស្នើឲ្យមានការចាត់វិធានការ ចំពោះការប្រមូលម្ដុំចំនួននាំចូលជ្រូក លើបុគ្គល ឬក្រុមហ៊ុនតែមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវករ និងបាត់បង់ឱកាសប្រកួតប្រជែងទីផ្សារសេរី។

ជាមួយគ្នានេះដែរ លោក ចាន់ថេនត អះអាងថា គោលការណ៍របស់ក្រសួងកសិកម្ម មិនអនុញ្ញាត ឲ្យម្ចាស់អាជ្ញាបណ្ណ ផ្ទេរសិទ្ធិឬលក់ឲ្យបុគ្គលផ្សេងឡើយ។ លោក ស្នើក្រសួងដោះស្រាយបញ្ហានេះ ដោយមិនឲ្យមានការប្រមូលផ្ដុំការនាំចូលជ្រូកផ្ដាច់មុខ លើបុគ្គលតែម្នាក់ឡើយ ដោយចុះពិនិត្យឲ្យបានត្រឹមត្រូវឡើងវិញ។ ទន្ទឹមនឹងនេះ លោក ក៏ស្នើឲ្យក្រសួងពិចារណាលើការបិទសិទ្ធិនាំចូលជ្រូករបស់ក្រុមហ៊ុន ដានី ដេង ឡើងវិញ ព្រោះបើបិទក្រុមហ៊ុននេះ គឺគ្មានក្រុមហ៊ុនប្រកួតប្រជែងទីផ្សារសេរីឡើយ។

លោក តាន់ ផាន់ណារ៉ា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៩ ខែមិថុនាថា គ្មានករណីដូចប្រធានសមាគមផ្គត់ផ្គង់ជ្រូក លើកឡើងនោះទេ ដែលថាក្រុមហ៊ុនទាំង៥ ដែលនាំចូលជ្រូកបានលក់សិទ្ធិនាំចូលរបស់ខ្លួន ទៅឲ្យក្រុម ហ៊ុន លឹម ស៊ីវម៉ី។ លោក ថ្លែងថា៖«កន្លងមក មានក្រុមហ៊ុន២បានលក់សិទ្ធិនាំចូលជ្រូករស់របស់ខ្លួនមែន តែឥឡូវឈប់ហើយ»។

ពាក់ព័ន្ធករណីសង្ស័យថា អំពើពុករលួយរវាងមន្រី្តកសិកម្មនិងក្រុមហ៊ុននាំចូលជ្រូក លោក ផាន់ណារ៉ា សុំមិនបកស្រាយ ដោយលោក និយាយថា ក្រសួងនឹងធ្វើសេចក្ដីប្រកាសព័ត៌មានជុំវិញរឿងនេះបន្ថែមទៀត។

ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា សង្ស័យថា មានអំពើរពុករលួយ ទើបបណ្ដាលឲ្យមានការលក់សិទ្ធិនាំចូលជ្រូកបន្ត។ លោកមានប្រសាសន៍ថា៖«បញ្ហាប្រមូលផ្ដុំសិទ្ធិនាំចូលជ្រូក ខ្ញុំដាក់ចំណោទលើ អំពើរពុករលួយ បើគ្មានអំពើរពុករលួយពីមន្រី្តពាក់ព័ន្ធទេ ក្រុមហ៊ុន លឹម ស៊ីវម៉ី, ក្រុមហ៊ុន លឹម សុផល មិនអាចក្ដោបក្ដាប់បានឡើយ»។ លោក សង្កត់ធ្ងន់ថា៖«ខ្ញុំគ្រាន់តែផ្សព្វផ្សាយជាព័ត៌មានទេ បើអស់លោកខាងលើមិនដោះស្រាយ ខ្ញុំនឹងរកភស្តុតាងតាមរយៈអង្គភាពប្រឆាំងអំពើរពុករលួយបន្តទៀត»។

ចំពោះការដែលក្រសួងកសិកម្មបិទក្រុមហ៊ុន ដានី ដេង នាពេលថ្មីៗនេះ លោក ចាន់ថេត ចាត់ទុកជារឿងអយុត្តិធម៌។ លោក យល់ឃើញថា ដោយសារក្រុមហ៊ុននេះ មិនបានលក់សិទ្ធិនាំចូលជ្រូករបស់ខ្លួន ដូចក្រុមហ៊ុនផ្សេង ទើបបណ្ដាលឲ្យមានការបិទក្រុមហ៊ុន។ ទន្ទឹមនឹងនេះ លោក ក៏ទទួលស្គាល់ថា ក្រុមហ៊ុននេះ មានកំហុសដូចក្រសួងលើកឡើងដែរ។

ប៉ុន្តែលោកលើកឡើងថា ហេតុអ្វីបិទតែក្រុមហ៊ុននេះ ដោយកន្លងមកលោកសង្កេតឃើញថា ក្រុមផ្សេងៗទៀតក៏មានកំហុសដូចគ្នាដែរ។ ត្រង់ចំណុចនេះ លោក ផាន់ណារ៉ា បកស្រាយថា កន្លងមកក្រុមផ្សេងទៀតមានកំហុសដែរ ប៉ុន្តែមានការកែប្រែឡើយវិញ ទើបមិនមានការបិទអាជីវកម្ម។

សូមបញ្ជាក់ ការស្នើឲ្យក្រសួងដោះស្រាយការផ្ទេរសិទ្ធិនាំចូលជ្រូករស់ពីប្រទេសថៃនៅសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមិថុនានេះ គឺជាលើកទី២ហើយ។ ការស្នើសុំលើកទី១ ធ្វើឡើងតាមរយៈការដាក់លិខិតទៅក្រសួងកសិកម្ម ដែលមានតំណាងអាជីវកម្មលក់ជ្រូកប្រមាលជាង៥០០នាក់ កាលពីនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០៕

Tag:
 កសិកម្ម
  សេដ្ឋកិច្ច
  ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com