ជាតិ
អភិបាលស្រុក​បន្ទាយស្រី​ គ្រោង​ដាំក្ងោក និង​កា​សាគូ​រ៉ា​ ៤​ពាន់​ដើម ពីភូមិ​ព្រះ​ដាក់​ដល់ប្រាសាទបន្ទាយស្រី
10, Jun 2020 , 9:19 pm        
រូបភាព
រូបភាពពីលោក ឃឹម ហ្វី​ណង់ អភិបាលស្រុកបន្ទាយស្រី
រូបភាពពីលោក ឃឹម ហ្វី​ណង់ អភិបាលស្រុកបន្ទាយស្រី
ដោយ:
​ភ្នំពេញ​៖លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី គ្រោង​ដឹកនាំ​ពលរដ្ឋ និង​យុវជន ដាំ​ដើមក្ងោក និងដើម​សាគូ​រ៉ា​ ចំនួន​៤​ពាន់​ដើម នៅ​​សងខាង​​​បណ្តោយផ្លូវ​ពី​ភូមិ​ព្រះ​ដាក់ ​ដល់​ប្រាសាទបន្ទាយស្រី ដែលមាន​​​ចម្ងាយ​ជិត​២០​គីឡូម៉ែត្រ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។​

 
​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​ ​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន ​ThmeyThmey តាម​ទូរស័ព្ទ​ថា គម្រោង​ដាំ​​ក្ងោក និង​​សាគូ​រ៉ា​នេះ នឹង​ចាប់ផ្តើម​ពី​ខែកក្កដា​តទៅ ដោយ​ដាំ​ម្តង​៤០០ ទៅ​៥០០​ដើម​។ បើតាមអភិបាលស្រុកបន្ទាយស្រី ក្ងោក និងសាគូរ៉ា នឹងមានផ្ការីកស្គុសស្គាយ នៅរយៈពេល១ ទៅ២ឆ្នាំទៀត ដោយសារ​តែដើមដែលត្រូវយកទៅដាំនោះ មានអាយុ​១ឆ្នាំជាងរួចទៅហើយ។ ទោះយ៉ាង​ណាក៏ដោយ លោក ហ្វីណង់ ក៏មានកង្វល់​ចំពោះការ​ថែទាំដើមឈើនៅទីតាំងដែលគ្មានផ្ទះពលរដ្ឋដែរ។ លោក ពន្យល់បន្ថែមដូច្នេះ៖«​ចំណុច​ដែល​ពិបាក​នោះ​ គឺ​មិនមែន​ពិបាក​រក​ដើមមក​ដាំ​​ ហើយពេលដែល​ដាំ​ហើយ ​​ទាមទារ​ឲ្យ​មានការ​ថែរក្សា ស្រោច​ទឹក​​​ជាប្រចាំ។ ហើយ​កន្លែង​ណា​ដែល​វា​នៅមុខ​ផ្ទះ​របស់​ប្រជាជន វា​មិន​ពិបាក​ទេ​។ ប៉ុន្តែ​ចន្លោះ​ខ្លះ ​វា​អត់​មានផ្ទះ​នៅទេ​។ អ៊ីចឹង​វា​ចាំបាច់​ឲ្យ​រដ្ឋបាល​ស្រុក​ ចាត់ចែង​ស្រោច​ទឹកជា​ប្រចាំ។ ម្យ៉ាងទៀត​គឺ​យើង​ស្រូត​ទាន់​រដូវវស្សា និង​កេងចំណេញ​អំពី​ទឹកភ្លៀង​ធ្លាក់ វា​អាច​នឹង​ចាប់​ឫស​បាន​ទាន់​»​។  


 
​ក្រៅពី​​​ដាំ​ដើមក្ងោក និង​​​​សាគូ​រ៉ា​​ អភិបាលស្រុក​បន្ទាយស្រី​រូបនេះ ក៏​គ្រោង​ដាំ​ផ្កា​ម៉ោង​១០ ផ្កាកំពីងពួយ និង​ផ្កាស្បៃរឿង នៅតាម​របង​ផ្ទះ​របស់​ពលរដ្ឋ​ ហើយ​​គ្រោង​ចែក​ដើម​ផ្កា​តូចៗ​មួយចំនួន​ទៀត ​​ឲ្យ​ពលរដ្ឋ​ដាំ​លម្អតាមផ្ទះផងដែរ។ ​ដ្បិតត្រូវចំណាយលុយផ្ទាល់ខ្លួន និងប្រាក់ដែលទទួលបានពីសប្បុរសជនខ្លះដើម្បីទិញដើមឈើ និងផ្កា​ទាំងនេះ តែអភិបាលស្រុកវ័យក្មេងរូបនេះ សង្ឃឹមថានឹងឃើញដើមផ្កាតាមផ្ទះពលរដ្ឋកាន់តែច្រើន ជាពិសេស គឺទាក់ទាញទេសចរកាន់តែច្រើន។ 
​​សូមបញ្ជាក់ថា ក្រៅពីប្រាសាទបន្ទាយស្រី និង​ភ្នំ​គូលែន ​​ស្រុក​បន្ទាយស្រី ក៏មាន​តំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដែរ ដូចជា​​រមណីយដ្ឋាន​បឹង​ឈូក​, រមណីយដ្ឋាន​ក្បាលស្ពាន​, សួន​មេអំបៅ​,​ សារមន្ទីរ​មីន​, ​ផ្ទះ​ស្នាក់​បៃតង​,​ ផ្ទះ​ស្នាក់​បងធំ និង​មាន​កន្លែង​ត្បាញ​សូត្រ​ជាដើម​៕ 
 

Tag:
 អភិបាលស្រុក​បន្ទាយស្រី​
 ​ផ្កាក្ងោក​
 ​ផ្កា​សាគូ​រ៉ា​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com