COVID-19
អន្តរជាតិ
លោក ប្រា​យុទ្ធ ការពារ​ថា ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ពុំមាន​ចរិត​នយោបាយ​ឡើយ​
10, Jun 2020 , 9:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (Xinhua)
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (Xinhua)
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៩ ខែមិថុនា បាន​ថ្លែង​ការពារ​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ដោយ​ចាត់ទុក​វា គឺជា​ឧបករណ៍​ផ្នែក​ច្បាប់​សម្រាប់​អាជ្ញាធរ​អនុវត្ត​វិធានការ​គ្រប់គ្រង​វីរុស​។

 
​តាម​ការចុះផ្សាយ​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១០ ខែមិថុនា លោក ប្រា​យុទ្ធ បាន​អះអាងថា ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន បើកផ្លូវ​ឲ្យ​អាជ្ញាធរ​ធ្វើ​សកម្មភាព និង​ការសម្របសម្រួល​លឿន​រហ័ស​។ ឆ្លើយតប​នឹង​ការទទូច​សុំ​របស់​ប្រជាជន​ថៃ​ខ្លះ ដែល​ទាមទារ​រដ្ឋាភិបាល​ដក​ហូត​អនុក្រឹត្យ​អាសន្ន​នេះ ដោយ​ឃើញថា ប្រទេស​ថៃ​រាយការណ៍​ករណី​ឆ្លង​ទាប លោកនាយក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា​៖«​សាធារណជន​ត្រូវ​យល់ដឹង​ហេតុអ្វី​បាន​វា​ត្រូវអនុវត្ត​»​។ 
 
​ត្រង់ចំណុច​នេះ លោក ប្រា​យុទ្ធ អះអាងថា នេះ​ពុំមែន​ជា​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​ដកហូត​បញ្ជា​បិទ​ប្រទេស​នោះឡើយ ព្រោះថា ជំងឺ​រាតត្បាត COVID-19 មិនទាន់​សាបរលាប​បាត់​ពីលើ​ផែនដី​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ពុំមាន​ចរិត​នយោបាយ​អ្វី​ឡើយ​»​។​
 
​បើតាម​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ បាន​អរគុណ​ប្រជាជន​ថៃ​គ្រប់គ្នា​ដែល​បានរួម​ចំណែក​រក្សា​តួលេខ​ឆ្លង COVID-19 ថ្មី​នៅ​ទាប​។ លោក និយាយ​បន្ថែមថា ប្រសិនបើ​វា​គ្មាន​រាយការណ៍​COVID-19​ថ្មី សម្រាប់​ពេល​ច្រើន​ថ្ងៃ​ជាប់​គ្នា​នោះ រដ្ឋាភិបាល​នឹង​ដកហូត​ការ​រឹតត្បិត​បន្ថែមទៀត ជាពិសេស​លើ​អាជីវកម្ម អំឡុង​ដំណាក់កាល​ទី​៤​នៃ​ការបន្ធូរបន្ថយ​បញ្ជា​បិទ​ប្រទេស​។​
 
​គិត​ត្រឹម​ថ្ងៃទី ១០ ខែមិថុនា ប្រទេស​ថៃ​មាន​ករណី​ឆ្លង​សរុប ៣១២៥​ករណី ក្នុងនោះ​៤​ករណី​ថ្មី ។ អ្នកស្លាប់​សរុប​មាន ៥៨​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន ២៩៨១​នាក់​។ អ្នកជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​៨៦​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers ៕

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com