COVID-19
អន្តរជាតិ
សភា​ជប៉ុន អនុម័ត​កញ្ចប់​ថវិកា​គាំទ្រ​សេដ្ឋកិច្ច​ជិត​៣០០​ពាន់​លាន​ដុល្លារ​
10, Jun 2020 , 5:14 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Business Insider
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Business Insider
ដោយ: ថ្មីៗ
​សភា​ជាន់​ទាប​ជប៉ុន នៅ​ថ្ងៃទី​១០ ខែមិថុនា បានអនុម័ត​កញ្ចប់​ថ​វិកា​ជួយសង្គ្រោះ​សេដ្ឋកិច្ច ដែលមាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជិត ៣០០​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​រង​ផលប៉ះពាល់​ដោយសារតែ COVID-19​។ ការអនុម័ត​កញ្ចប់​ថ​វិកា​ជា​លើក​ទី​ពីរ​នេះ គឺធ្វើឡើង​ស្របពេល​សេដ្ឋកិច្ច​របស់​ជប៉ុន កំពុងតែ​ដាំ​ក្បាល​ចុះ​។


​កញ្ចប់​ថវិកា ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ ត្រូវបាន​សភា​ជាន់​ទាប​ជប៉ុន អនុម័ត​ហើយ បន្ទាប់ពី​រដ្ឋាភិបាល​ដាក់​សេចក្តីព្រាង​កញ្ចប់​ថវិកា​នេះ​នៅ​ថ្ងៃទី​៨ ខែមិថុនា​។ ជា​កញ្ចប់​ថវិកា ដែលមាន​ការគាំទ្រ​ស្ទើរ​ទាំងស្រុង​ពី​គណបក្សប្រឆាំង ដំណាក់កាល​បន្ទាប់ សេចក្ដីព្រាង​នេះ​នឹង​បញ្ជូនទៅ​សភា​ជាន់ខ្ពស់​ជប៉ុន ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​អនុម័ត​មុន​ថ្ងៃទី​១២ ខែមិថុនា​។ 
 
​កញ្ចប់​ថវិកា​នេះ នឹង​ផ្តល់​ជា​ឧបត្ថម្ភ​ធន​ដល់​ជំនួញ​តូចៗ និង​ផ្តល់​ជា​ប្រាក់​ដល់​ក្រុមគ្រូពេទ្យ ដែល​ប្រយុទ្ធ​ជាមួយ COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
​យ៉ាងណាក៏ដោយ ថវិកា​កញ្ចប់​មួយ​នេះ នឹងត្រូវ​រដ្ឋាភិបាល​ជ​ប៉ុន​ដំឡើង​បន្ថែមទៀត តាមរយៈ​ការលក់​សញ្ញា​ប័​ណ្ឌ​(Bond) របស់​រដ្ឋាភិបាល ដើម្បី​ទ្រទ្រង់ កម្មវិធី​ជួយសង្គ្រោះ​ហិរញ្ញវត្ថុ និង​កម្ចី​សម្រាប់​ជំនួញ​ដែល​កំពុង​រងគ្រោះ​ដោយសារ COVID-19​។ បើតាម​ការបញ្ជា​ក់រប​ស់​រដ្ឋាភិបាល​ជប៉ុន ទំហំ​នៃ​កញ្ចប់​ថវិកា​នេះ នឹងមាន​ជិត ១,១​ទ្រី​លាន​ដុល្លារ ដែល​ស្ទើរតែ​ស្មើនឹង​កញ្ចប់​ថវិកា​លើក​ទី​១ ដែល​បានអនុម័ត​នៅ​ថ្ងៃទី​៣០ ខែមេសា ដែលមាន​ទំហំ​ប្រមាណ​១,១​ទ្រី​លាន​ដុល្លារ​។ 
 
​បើ​កញ្ចប់​ថវិកា​លើកចុងក្រោយ​ត្រូវបាន​សភា​ជាន់ខ្ពស់​អនុម័ត សរុប​កញ្ចប់​ថវិកា​ទាំង​ពីរលើក គឺមាន​រហូតដល់​ជាង ២,១​ទ្រី​លាន​ដុល្លារ ដែល​ស្មើនឹង​៤០​ភាគរយ​នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​របស់​ជប៉ុន​(GDP)​។ បើតាម​ធនាគា​ពិភពលោក នៅក្នុង​ឆ្នាំ​២០១៩ ផលិតផល​ក្នុងស្រុក​សរុប​របស់​ជ​ប៉ុន មាន​ទំហំ ៥,១​ទ្រី​លាន​ដុល្លារ​អាមេរិក​។ 
 
​ដោយសារតែ​កញ្ចប់​ថវិកា​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​នេះ វា​ក៏​នឹងធ្វើ​ឲ្យ​បំណុល​របស់​ជប៉ុន​សរុប​ធៀប​ទៅនឹង​ផលិតផល​ក្នុងស្រុក​សរុប​កើនឡើង​ដល់ ២៥៧​ភាគរយ​ដែរ​។ លោក Naoya Oshikubo អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់ នៅ​ក្រុមហ៊ុន SuMi TRUST បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ទំហំ​កញ្ចប់​ថវិកា​ដ៏​ច្រើន​បែបនេះ នឹង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ជប៉ុន កាន់តែ​ប្រសើរ​ជាង​មុន​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ជប៉ុន​មាន​ករណី COVID-19 សរុប​ចំនួន ១៧២១០​ករណី អ្នកស្លាប់​មាន​ចំនួន ៩១៦​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៥២១៣​នាក់​។ ចំណែក​អ្នកជំងឺ COVID-19 ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ១០៨១​នាក់​៕ 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com