កូរ៉េខាងជើង ប្រាប់​អាមេរិក​ឲ្យ​នៅ​ឆ្ងាយ​ពី​កិច្ចការ​អន្តរ​កូរ៉េ បើ​ចង់​ឲ្យ​ការបោះឆ្នោត​ខែវិច្ឆិកា​ដំណើរការ​រលូន​
អន្តរជាតិ
កូរ៉េខាងជើង ប្រាប់​អាមេរិក​ឲ្យ​នៅ​ឆ្ងាយ​ពី​កិច្ចការ​អន្តរ​កូរ៉េ បើ​ចង់​ឲ្យ​ការបោះឆ្នោត​ខែវិច្ឆិកា​ដំណើរការ​រលូន​
11, Jun 2020 , 8:39 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបភាព AFP
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបភាព AFP
​កូរ៉េខាងជើង បា​នប​ង្ហ​ញ​ការខឹង​សម្បារ​ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​អាមេរិក​ពាក់ព័ន្ធ​សំណុំរឿង​អន្តរ​កូរ៉េ​ក្រោយ​កូរ៉េខាងជើង​ផ្ដាច់​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​។ មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាមេរិក​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង នៅ​ថ្ងៃទី​១១ ខែមិថុនា បាន​ប្រាប់​ឲ្យ​អាមេរិក​នៅ​ស្ងៀមស្ងាត់ និង​មិនត្រូវ​និយាយ​អ្វី​ពី​បញ្ហា​អន្តរ​កូរ៉េ​ឡើយ បើ​មិន​ចង់​ជួប​បញ្ហា​ធំ ឬក៏​ការបោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា អាច​នឹងមិន​ដំណើរការ​ដោយ​រលូន​។​

 
​មិន​ទុក​យូរ​ក្រោយ​អាមេរិក​បង្ហាញ​ក្ដីបារម្ភ​របស់ខ្លួន​ទៅនឹង​ការផ្ដាច់​បណ្ដាញ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ដោយ​កូរ៉េខាងជើង ទីក្រុង​ព្យុងយ៉ាង​ក៏បាន​ប្រតិកម្ម​ភ្លាមៗ​វិញ ដោយ​ប្រាប់​ឲ្យ​អាមេរិក​កុំ​លូកលាន់​កិច្ចការ​អន្តរ​កូរ៉េ និង​គិតគូរ​តែ​ពី​បញ្ហា​ក្នុងស្រុក​របស់ខ្លួន​ទៅ​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទី​ភ្នា​ក់​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA អគ្គនាយក​កិច្ចការ​អាមេរិក​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង លោក Kwon Jong-gun បាន​ប្រាប់​ឲ្យ​អាមេរិក​កុំ​ចេះដឹង​កិច្ចការ​ប្រទេស​ដទៃ​ជាមួយ​សេចក្ដីថ្លែងការណ៍​មិនបានការ នៅពេលដែល​ស្ថានការណ៍​នយោបាយ​ក្នុងស្រុក​របស់ខ្លួន​កំពុងមាន​បញ្ហា​នោះ​។ មន្ត្រី​កូរ៉េខាងជើង​រូបនេះ​ព្រមាន​ថា បើ​អាមេរិក​នៅតែ​បំពាន អាមេរិក​នឹង​ជួយ​បញ្ហា​ដែល​ពិបាក​ដោះស្រាយ​មិន​ខាន​។​
 
​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខែវិច្ឆិកា​ដែ​លោក ដូ​ណា​ល់ ត្រាំ ត្រូវ​តទល់​ជាមួយ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន គឺជា​គោលដៅ​របស់​កូរ៉េខាងជើង​។ លោក Kwon និយាយថា​៖ «​អាមេរិក​គូរ​កុំ​គន្លាក់​អណ្ដាត និង​គិតតែ​ពី​បញ្ហា​ក្នុងស្រុក​ខ្លួនឯងបាន​ហើយ ប្រសិនបើ​មិន​ចង់​ជួប​បទពិសោធ​ភ័យខ្លាច​។ ធ្វើបែបនេះ មិន​ត្រឹម​ល្អ​សម្រាប់​អាមេរិក​ឡើយ តែ​អាមេរិក​ក៏​ងាយស្រួល​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ឲ្យ​រលូន​ខាងមុខ​។​
 
​មន្ត្រី​កូរ៉េខាងជើង​រូបនេះ មិន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿងនេះ​ទេ ប៉ុន្តែ​អ្វីដែល​កូរ៉េខាងជើង​អាចធ្វើ​បាន គឺ​ការ​បំបាក់មុខ​លោក ត្រាំ ដែល​តែង​និយាយ​ពី​សមិទ្ធផល​នៃ​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​ដែល​មិនមាន​មេដឹកនាំ​អាមេរិក​ធ្វើបាន ពិសេស​ការជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដល់​ទៅ​បី​ដង​។ កូរ៉េខាងជើង ក៏​ទំនងជា​ធ្វើ​សកម្មភាព​បង្កហេតុ​ដាក់​អាមេរិក​ផងដែរ​៕  
 
 

Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com