ជាតិ
«​ត្មាត​» ជាង​៣០​ក្បាល កំពុងដណ្តើម​គ្នា​ស៊ី​សព​គោមួយ​ក្បាល នៅ​ខេត្តព្រះវិហារ​
12, Jun 2020 , 7:59 am        
រូបភាព
​សត្វ​«​ត្មាត​» ជាង​៣០​ក្បាល​កំពុងដណ្តើម​គ្នា​ហែក​ស៊ី​សាកសព​គោមួយ​ក្បាល នៅ​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ  នា​ព្រឹក​វេលា​ម៉ោង​ជិត​៨​ព្រឹក កាល​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​។ សាកសព​គោមួយ​ក្បាល​នោះ ត្រូវបាន​មន្ត្រី​អភិរក្ស​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប សម្លាប់ ដើម្បី​ធ្វើជា​ចំណី​បន្ថែម ដល់​ពួក​ត្មាត​ទាំងនោះ​។

  
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ ដែល​សត្វ​ត្មាត​នៅ​ដែនជម្រកសត្វព្រៃ​ឆែប កំពុងស៊ី​សព​គោមួយ​ក្បាល នៅ​អាហារ​ដ្ឋា​ន​ត្មាត​ក្នុង​សហគមន៍​ដង​ផ្លិត ខេត្តព្រះវិហារ ដែល​ថត​ដោយ លោក ទូច សុវណ្ណ​ឌី ដូចតទៅ​៖ 
 
 
​បើតាម​ក្រុម​អ្នកជំនាញ​របស់​ក្រសួងបរិស្ថាន និង​អង្គកា​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) ដែល​កំពុង​ឃ្លាំមើល សត្វ​ត្មាត​ទាំងនោះ​ដែល​កំពុង​ចឹក​ហែក​សាក​សព្វ​គោ​ស៊ី គឺ មាន​ត្មាត​ត្នោត​២២​ក្បាល ត្មាតផេះ​៩​ក្បាល និង​ត្មាតភ្លើង​៣​ក្បាល​។​
 
​កម្ពុជា ក្រៅពី​សត្វ​ត្មាត​ទាំង​៣៤​ក្បាល​នេះ កំពុង​រស់នៅក្នុង​ខេត្តព្រះវិហារ នៅមាន​សត្វ​ត្មាត​ចំនួន​៨៥​ក្បាល​ទៀត កំពុង​រស់នៅ​ដែន​ជម្រក​សត្វ​សៀម​ប៉ាង ក្នុង​ខេត្តស្ទឹងត្រែង និង ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​ទិន្នន័យ​ធ្វើ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​២០២០ ដែល​ធ្វើឡើង កាលពី​ថ្ងៃទី​១០​មិថុនា​។ 
 
​ទិន្នន័យ​នេះ ផ្តល់ឱ្យ​ដោយ លោក នេត្រ ភក្ត្រា  រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន  ដោយបាន​បញ្ជាក់ថា  ត្មាត​ទាំង​៨៥​ក្បាល​នោះ មាន​៨១​ក្បាល គឺ​កំពុង​រក្សា​ក្នុង​ដែនជម្រកសត្វព្រៃ ខេត្តស្ទឹងត្រែង ដោយ​លោក​បាន​អះអាង​ដូច្នេះ​៖«​វត្តមាន​សត្វ​ត្មាត​នៅ​កម្ពុជា គឺជា​ប្រភេទ​សត្វ​កម្រ​និង​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​»៕  
 
 

Tag:
 សត្វ​ត្មាត​
  ព្រះវិហារ​
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com