បន្ទាប់ពីបើកប្រទេស សិស្សសាលានៅចិន បានចាប់ផ្តើមត្រលប់មករៀននៅសាលាវិញ។ ទន្ទឹមនឹងការត្រលប់មកវិញនេះ សិស្សសាលាមួយចំនួន ត្រូវបានគ្រូ និងទីប្រឹក្សាប្រចាំសាលាមើលឃើញថា ក្នុងចំណោមពួកគេកំពុងមានវិបត្តិផ្លូវចិត្តដោយសារបញ្ហាក្នុងគ្រួសារ និងការធ្លាក់ចុះនៃការសិក្សាជាដើម។ បញ្ហាផ្លូវអារម្មណ៍ទាំងនេះ អាចនាំឲ្យសិស្សសាលាចំនួនតូចធ្វើអត្តឃាត។
ថ្លែងនៅក្នុងកិច្ចប្រជុំសភាប្រជាជនចិននាពេលកន្លងទៅ លោក Yan Wu អភិបាលរងក្រុង Zhuhai បានលើកឡើងថា វាមានបញ្ហាខ្លះ នៅពេលបើកសាលារៀនឡើងវិញ។ បើតាមលោកអភិបាលរងក្រុង បញ្ហានោះ គឺបញ្ហាផ្លូវចិត្តរបស់សិស្សសាលា ដែលទាមទារឲ្យរដ្ឋាភិបាលចិនយកចិត្តទុកដាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា។
បញ្ហាផ្លូវចិត្តរបស់សិស្ស កំពុងក្លាយជាបញ្ហាប្រឈម និងការបារម្ភមួយនៅចិន បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេស និងសាលារៀនឡើងវិញ។ បញ្ហានេះ បាននាំឲ្យរដ្ឋាភិបាលតំបន់ និងសាលារៀនចាត់វិធានការមិនធ្លាប់មានមួយចំនួន ដើម្បីផ្តោតសំខាន់លើការដោះស្រាយបញ្ហាផ្លូវចិត្តរបស់សិស្ស តួយ៉ាងដូចជា ការផ្តល់យោបល់ ការកែសម្រួលមេរៀនៅក្នុងសាលា និងការលុបចោលការប្រលងខ្លះជាដើម។
ថ្លែងប្រាប់ទស្សនាវដ្តីហិរញ្ញវត្ថុ Caixin នៅខែឧសភា លោក Li Guohua អភិបាលរងខណ្ឌ Pudong ក្រុងសៀងហៃ បានលើកឡើងថា មានសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ១៤នាក់ បានធ្វើអត្តឃាត នៅក្នុងឆ្នាំ២០២០។ តួលេខនេះ គឺមានចំនួនច្រើនជាងតួលេខរយៈពេល ៣ឆ្នាំកន្លងមកនេះ។ ចំណែកសារព័ត៌មាន Health Time បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ថា មានសិស្សចំនួន ១៨នាក់ នៅទូទាំងប្រទេស បានលោតចុះពីលើអាគារក្នុងរយៈពេល ៣ខែកន្លងមក។ យ៉ាងណាក៏ដោយ អត្ថបទនេះ ត្រូវបានគេលុបចេញវិញ។ នេះបើតាម Reuters។
ជាមួយការបើកសាលាឡើងវិញ សិស្សមករៀនដោយមានបញ្ហាផ្លូវចិត្តមកជាមួយដែរ។ យោងតាមស្ទង់មតិមួយដោយគណៈកម្មការសុខភាពខេត្ត Guangdong និងសកលវិទ្យាល័យមួយនៅក្នុងខែមីនាលើសិស្សបឋមសិក្សា និងអនុវិទ្យាល័យចំនួន ១,២២លាននាក់ សិស្សសាលា ១០,៥ភាគរយ កំពុងមានបញ្ហាផ្លូវចិត្ត។ ប៉ុន្តែតួលេខនេះ មិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈឡើយ។
នៅចុងខែមេសា ក្រសួងអប់រំចិន បានប្រាប់ឲ្យសាលារៀនយកចិត្តទុកដាក់ពីបញ្ហាផ្លូវចិត្តរបស់សិស្ស និងបន្ថយកម្មវិធីសិក្សាមួយចំនួន។ ដើម្បីអនុវត្តតាមអនុសាសន៍របស់ក្រសួអប់រំ រដ្ឋាភិបាលតំបន់មួយចំនួន ដូចជា Anhui បានលុបចោលការប្រលងខ្លះ ចំណែកនៅក្នុងក្រុងវូហាន ខេត្ត Hainan និងក្រុងសៀងហៃ បានបង្កើតថ្នាក់ «អប់រំជីវិត» ថ្មី ក្នុងគោលបំណងជួយសិស្សកាត់បន្ថយសម្ពាធ និងបញ្ហាស្មុគស្មាញ។
ក្នុងកម្មវិធីនេះ ក្នុងមួយថ្នាក់ ត្រូវគេបែងចែកទៅពីរក្រុម។ សិស្សមួយក្រុម ត្រូវប្រជែងគ្នាផ្គុំពាក្យអង់គ្លេស និងមួយក្រុមទៀត ត្រូវគេផ្តល់ឲ្យសំណួរពិបាកៗ ដើម្បីពិភាក្សាពីស្ថានភាពដ៏ស្មុគស្មាញ។ ការធ្វើបែបនេះ គឺដើម្បីឲ្យសិស្សដឹងពីសម្ពាធ និងដឹងពីរបៀបដោះស្រាយបញ្ហាស្មុគស្មាញ។ នេះបើតាមការបញ្ជាក់របស់អ្នកគ្រូម្នាក់នៅក្នុងទីក្រុងសៀងហៃ ដែលសុំមិនបញ្ចេញឈ្មោះ។
យ៉ាងណាក៏ដោយ កម្មវិធីដោះស្រាយសម្ពាធសម្រាប់សិស្សសាលានេះ បានធ្វើឲ្យគ្រូបង្រៀនមានបន្ទុកការងារកាន់តែច្រើនជាងមុន ព្រោះត្រូវពិភាក្សា និងផ្តល់យោបល់ជាមួយសិស្ស រៀបចំកម្មវិធីសិក្សា និងត្រូវជួបជាមួយអាណាព្យាបាលរបស់សិស្សតាមអនឡាញថែមទៀត។ បើទោះបីជាត្រូវទទួលបន្ទុកច្រើនមែន ប៉ុន្តែអ្នកគ្រូដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា កូរ៉ូណាវីរុស នឹងបង្រៀនក្មេងៗពីរបៀបដោះស្រាយការផ្លាស់ប្តូរនៅក្នុងជីវិត។ ជីវិត គឺពោរពេញដោយការលំបាក»៕