COVID-19
អន្តរជាតិ
ZOOM ថា ខ្លួនបិទគណនីសកម្មជនប្រឆាំងចិនបណ្តោះអាសន្នតាមការទាមទាររបស់ប៉េកាំង រូបភាព៖ AFP
× ក្រុមហ៊ុនទូរគមនាគមន៍ Zoom បានប្រកាសនៅថ្ងៃទី១១ ខែមិថុនា ថា ការផ្អាកគណនីសកម្មជនចិនបណ្តោះអាសន្ន និងបិទកិច្ចជួបប្រជុំតាមអនឡាញមួយចំនួនដែលទាក់ទងនឹងការបង្ក្រាបនៅទីលានធានអានមិន គឺធ្វើឡើងតាមការទាមទាររបស់រដ្ឋាភិបាលចិន។
នាពេលកន្លងមក ក្រុមហ៊ុនZoom បានផ្អាកគណនីបណ្តោះអាសន្នលើសកម្មជនចិនមួយចំនួនដែលមានមូលដ្ឋាននៅអាមេរិក និងបិទកិច្ចប្រជុំតាមអនឡាញខ្លះចោល។ សកម្មជន និងកិច្ចប្រជុំទាំងនោះ គឺមានទាក់ទងនឹងការបង្ក្រាបរបស់រដ្ឋាភិបាលចិនលើប្រជាជនស៊ីវិល និងសិស្សនិស្សិតនៅទីលានធានអានមិនកាលពីឆ្នាំ១៩៨៩។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP សកម្មជនចិនមួយចំនួនមានមូលដ្ឋាននៅបរទេសដែលប្រឆាំងនឹងរដ្ឋាភិបាលប៉េកាំង សុទ្ធតែបានលើកឡើងដូចៗគ្នាថា គណនីរបស់ពួកគេត្រូវបានបិទមួយរយៈ ចំណែកកិច្ចប្រជុំតាមអនឡាញវិញ ត្រូវគេបិទចោលតែម្តង។
ទាក់ទិននឹងការបិទគណនីនេះ ក្រុមហ៊ុន Zoom បានទទួលស្គាល់ថា ខ្លួនបានបិទប្រាកដមែន។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រុមហ៊ុននេះ ក៏ដូចក្រុមហ៊ុនអន្តរជាតិនានាដែរ Zoom ត្រូវតែគោរពទៅតាមច្បាប់ក្នុងស្រុកដែលក្រុមហ៊ុនកំពុងប្រតិបត្តិការ។ អ្នកនាំពាក្យ បានបន្ថែមទៀតថា គណនីទាំងនោះ គឺមានប្រភពមកពីប្រទេសជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែអ្នកទាំងនោះក៏ត្រូវគោរពច្បាប់ក្នុងស្រុករបស់ចិនដែរ។
នៅថ្ងៃទី១១ ខែមិថុនា ក្រុមហ៊ុន Zoom បានប្រកាសជាថ្មីថា ការបិទគណនីរបស់សកម្មជនដែលទាក់ទិននឹងព្រឹត្តិការណ៍ធានអានមិន គឺធ្វើឡើងតាមការទាមទាររបស់រដ្ឋាភិបាលចិន។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន Zoom ដែលពេញនិយមក្នុងសម័យជំងឺ COVID-19 បានបញ្ជាក់ថា បន្ទាប់ពីកត់សម្គាល់ឃើញថា មានផែនការបួនធំៗ ទាក់ទិននឹងពិធីរំលឹកខួបនៅទីលានធានអានមិន អាជ្ញាធរចិនបានទាមទារក្រុមហ៊ុនបញ្ចប់ព្រឹត្តិការណ៍ទាំងនោះ និងបិទគណនីដែលពាក់ព័ន្ធ។
បញ្ហានេះហើយទើបនាំឲ្យក្រុមហ៊ុនZoom សម្រេចបិទកិច្ចប្រជុំតាមអនឡាញចំនួន៣ចោល និងផ្អាកគណនីអ្នកចាប់ផ្តើមកម្មវិធីជួបជុំមួយចំនួនបណ្តោះអាសន្ន ព្រោះខ្លួនមិនអាចផ្អាកគណនីអ្នកចូលរួមដទៃទៀតបាន។ ក្រុមហ៊ុន Zoom លើកឡើងថា ខ្លួនត្រូវតែអនុវត្តតាមការស្នើសុំរបស់អាជ្ញាធរ នៅពេលដែលអាជ្ញាធរកំណត់ថាសកម្មភាពទាំងនោះ គឺខុសច្បាប់នៅក្នុងប្រទេស ប៉ុន្តែក្រុមហ៊ុន នៅតែអាចការពារកិច្ចសន្ទនានៃអ្នកចូលរួមទាំងនោះបាន។
សូមបញ្ជាក់ថា Zoom គឺជាបណ្តាញទំនាក់ទំនងសង្គមមួយដែលអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់ អាចនិយាយមើលមុខគ្នាបាន។ ចាប់តាំងពីផ្ទុះ COVID-19 នៅលើពិភពលោកមក Zoom ត្រូវបានគេប្រើប្រាស់យ៉ាងខ្លាំងសម្រាប់ទំនាក់ទំនង ការសិក្សា ឬជជែកពីផែនការអ្វីមួយជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com