COVID-19
កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន រំពឹង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន ជួយ​ស្តារ​ស្ថានភាព​ទេសចរណ៍​នៅ​កម្ពុជា​
12, Jun 2020 , 9:39 pm        
រូបភាព
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​អះអាងថា ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​មិន​ត្រូវបាន​លុបចោល​នោះទេ​។ លោក​រំពឹងថា ព្រឹត្តិការណ៍​នេះ នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា ពិសេស​ខេត្តសៀមរាប​។ NOCC នឹង​រក្សា​ឈ្មោះ​កីឡាករ​ដែល​បាន​ចុះឈ្មោះ​រួច​ទុក​ទៅ​ឆ្នាំក្រោយ ក្នុងករណី​ពួកគេ​មិនបាន​ចូលរួម ដោយសារ​កត្តា​ហាមឃាត់​ផ្សេងៗ​នៃ​ជំងឺ​កូ​វីដ​-១៩​។

 
​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រំពឹង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ ជួយ​ស្ថា​រ​ស្ថានភាព​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​បាន​ធ្លាក់ចុះ​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ​។ ចំនួន​ភ្ញៀវទេសចរ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុងអំឡុងពេល​ពិភពលោក​ជួប​វិបត្តិ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ តែ​ក្រសួងទេសចរណ៍​ពុំបាន​បង្ហាញ​របាយការណ៍​ជាក់លាក់​ណាមួយ​នៃ​ការធ្លាក់ចុះ​នេះឡើយ​។ 
 
​ជាមួយ​ការបង្ហាញ​ក្តី​រំពឹង លោក ជឿជាក់ថា ព្រឹត្តិការណ៍​នេះ នឹង​ជួយ​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញថា កម្ពុ​ជាមាន​សមត្ថភាព និង​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ព្រឹត្តិការណ៍​នេះ ក៏​ជា​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្តសៀមរាប​ផងដែរ​។ 
 
«​សូម​ឲ្យ​ការចូលរួម​របស់​យើង​បង្ហាញ​ពី​សុវត្ថិភាព សន្តិភាព រមណីយដ្ឋាន ឬ​គោលដៅ​ទេសចរណ៍​ឯក​មួយ​របស់​កម្ពុជា​នៅ​អង្គរវត្ត​ក្នុង​ខេត្តសៀមរាប​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​។ យើង​រំពឹងថា ក្រោយ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន នឹង​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញថា នៅ​អង្គរ​សៀមរាប​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​ទទួល​ពួកគាត់ នៅក្រោយ​ជំងឺ​កូ​វីដ​-១៩»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។   
 
​ទោះបី​បច្ចុប្បន្ន​ពិភពលោក ក៏ដូចជា​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ អគ្គលេខាធិការ NOCC រូបនេះ​អះអាងថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​ខាងលើ​មិន​ត្រូវបាន​លុបចោល​នោះទេ​។ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ NOCC បានសម្រេច​លុបចោល​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ចំនួន​ពីរ​រួមមាន​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ា​រា់​តុ​ន​អន្តរជាតិ​ភ្នំពេញ និង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​នៅ​ខេត្តសៀមរាប​។ 
 
​លោក​បន្ថែមថា​៖«NOCC មាន​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ គឺ​នៅ​ខែធ្នូ ហើយ​នៅ​បើក​នៅឡើយ​ទេ​។ តែ​យើង​បាន​លុប​នៅ​ខែសីហា គឹ​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​។ យើង​មិន​សង្ឃឹម​បាន​ភ្ញៀវ​ពី​ក្រៅប្រទេស តែ​រំពឹង​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ក្នុងស្រុក​យើង នឹងចូលរួម​រត់​លេង​សប្បាយ​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​អង្គរវត្ត​យើង​»​។​
 
​សម្រាប់​កីឡាករ​កីឡាការិនី​នៅក្រៅ​ប្រទេស ដែល​បាន​ចុះឈ្មោះ​ចូលរួម​រួច តែ​មិនបាន​ចូលរួម​ក្រោម​លក្ខខណ្ឌ​ហាមឃាត់​ណាមួយ​របស់​ប្រទេស​ដោយសារ​ជំងឺ​កូ​វីដ​-១៩ NOCC នឹង​រក្សា​ឈ្មោះ​ពួកគេ​ទុក​ទៅ​ឆ្នាំក្រោយ​។ បើ​គ្មាន​ការប្រែប្រួល​ទេ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ទី​១​ក្នុង​ខែធ្នូ ឆ្នាំ​២០២០ នៅ​ខេត្តសៀមរាប​។ 
 
​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរសធម៌​មាន និង​ជួយ​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ស្រលាញ់ និង​ការពារ​បរិស្ថាន​ក្នុង​បរិវេណ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​។ ពិសេស ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​តំបន់​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​ខេត្តសៀមរាប​។ ការផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្តសៀមរាប ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​។ គួររំឭកថា កាលពី​ឆ្នាំ​២០១៩ ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​កីឡាករ​កីឡាការិនី​ជាង​១​ម៉ឺន​នាក់​ឲ្យ​ចូលរួម​៕    

Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com