COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល​៣០ សុំ​ឲ្យ​ឈប់​តាម​ចាប់​អ្នកប្រឆាំង​និង​ពលរដ្ឋ ដោយ​គ្រាន់តែ​បញ្ចេញមតិ​
12, Jun 2020 , 5:56 pm        
រូបភាព
រូបពី AFP
រូបពី AFP
​ស្ថាន​ប័ន​ក្រៅ​រដ្ឋាភិបាល​៣០ រួមមាន អង្គការ​សង្គម​ស៊ីវិល សហជីព និង សហគមន៍ បានធ្វើ​សេចក្តីថ្លែងការណ៍​រួមគ្នា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ ស្តីពី​ការព្រួយបារម្ភ​របស់​ពួកគេ លើ​ការបន្ត​ចាប់ខ្លួន​សកម្មជន​នយោបាយ ជាពិសេស​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងស្រុក​។​


​អង្គការ​សង្គម​ស៊ីវិល លើកឡើងថា ក្នុងស្ថានភាព​បច្ចុប្បន្ន ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ចរន្ត​សេដ្ឋកិច្ច សង្គមកិច្ច ទីផ្សារការងារ និង ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។ ដោយហេតុ​ផល​នេះ អង្គការ​សង្គម​ស៊ីវិល បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច តុលាការ និង ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​ការយាយី និង​បញ្ឈប់​បន្ត​ចាប់ខ្លួន​អតីត​សមាជិក​គណបក្សប្រឆាំង ក៏ដូចជា​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​គ្រាន់តែ​ពួកគេ​សម្តែង​មតិ​ដោយ​សន្តិវិធី​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ អង្គការ​សង្គម​ស៊ីវិល បញ្ចេញមតិ​រួមគ្នា​ដូច្នេះ​ថា​៖«​ជាការ​ពិតណាស់ ការបន្ត​ចាប់​និង​ឃុំខ្លួន​សកម្មជន​ទាំងនោះ មិនមែនជា​ជម្រើស​ដ៏​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​នោះទេ ផ្ទុយទៅវិញ រឹតតែ​ធ្វើ​ឲ្យ​ប្រទេសជាតិ​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត ព្រមទាំង​ធ្វើ​ឲ្យ​សង្គមជាតិ​ទាំងមូល បែកបាក់​កាន់តែខ្លាំង​ឡើងៗ​ទៅវិញ​»​។​
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មើលឃើញថា អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ហាក់​មាន​ចេតនា​ការពារ​ក្រុម​ណាមួយ​ជាក់លាក់​។ លោក ចង់​សំដៅថា អង្គការ​សង្គម​ស៊ីវិល មាន​ចេតនា​ការពារ​សកម្មជន​ឬ​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​។ 
 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា វិធានការ​របស់​អាជ្ញា​ធរ គឺ​អនុវត្ត​លើ​មនុស្ស​ទូទៅ មិនមែន​តែ​ក្រុម​ដោល​ដៅ​ណាមួយ​ឡើយ​។ លោក សង្កត់ធ្ងន់ថា​៖«​បានន័យថា អ្នកណា​ក៏ដោយ ឲ្យ​តែ​បំពាន់​ច្បាប់ ល្មើសច្បាប់ ត្រូវ​ទ​ទួ​ស​ខុសត្រូវ​តាមផ្លូវ​ច្បាប់​»​។ 
 
​សំឡេង​របស់លោក ជិន ម៉ា​លីន  





 
​មិន​ត្រឹមតែ​ស្នើ​ឲ្យ​បញ្ឈប់​ការចាប់ខ្លួន​ទេ តែ​អង្គការ​សង្គម​ស៊ីវិល នៅ​សុំ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ក្នុង​រឿង​នយោបាយ​ថែមទៀត និង សុំ​ឲ្យ​អាជ្ញាធរ គោរព​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និង សេរីភាព​បញ្ចេញមតិ​។ 
 
​ជាមួយគ្នានេះ ពួកគេ ឆ្លៀត​ស្នើសុំ​ជាថ្មី ឲ្យ​អ្នកនយោបាយ​គណបក្សកាន់អំណាច និង​អ្នកនយោបាយ​អតីត​គណ​បក្សប្រឆាំង ត្រឡប់​មករក​ការចរចា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រួមគ្នា ដោយ​ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ និង ការគោរព​តាម​រដ្ឋធម្មនុញ្ញ ហើយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​។​
 
​អង្គការ​សង្គម​ស៊ីវិល សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ថ្មីៗ​នេះ សមត្ថកិច្ច បាន​បន្ត​ចាប់ និង​ឃុំខ្លួន​អតីត​សមាជិក​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់ ដោយ​ចោទ​ពីបទ រួមគំនិត​ក្បត់ (​ជាតិ​)  បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ និង បទ​ញុះញង់​ឲ្យ​យោធា​មិន​ស្តាប់បង្គាប់​។ ពួកគេ ចាត់ទុកថា ការចោទប្រកាន់​នេះ ថា​ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ប្រជាពលរដ្ឋ ដែល​ទទួលស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា សេចក្តីប្រកាស​ជាស​កល​ស្តីពី សិទ្ធិមនុស្ស រួមទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ជា​រដ្ឋ​ហត្ថលេខី​។ 
 
​អង្គការ​សង្គម​ស៊ីវិល ដែល​ចេញ​សេចក្តីថ្លែងការណ៍​រួម​នោះ មានដូចជា អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (ADHOC) សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធមនុស្ស លីកាដូ (LICADHO) គណ​:​កម្ម​ការឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) និង មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ការពារ​សិទ្ធិ​កុមារ​កម្ពុជា (CCPCR) ជាដើម​៕ 

Tag:
 NGO
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com