ជាតិ
សង្គមជាតិ
សម្ព័ន្ធកសិករ ស្នើរដ្ឋាភិបាល បង្កើតប្រព័ន្ធរាយការណ៍ពីមន្ត្រី ដែលគប់គិតនាំចូលបន្លែគីមី
12, Jun 2020 , 10:14 pm        
រូបភាព
រថយន្តសាំងយ៉ុង ដឹកស្ពៃក្តោប និងបន្លែផ្សេងទៀត ចេញពីវៀតណាម តាមច្រកព្រំដែនជ្រៃធំ ខេត្តកណ្តាល ឆ្ពោះទៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។
រថយន្តសាំងយ៉ុង ដឹកស្ពៃក្តោប និងបន្លែផ្សេងទៀត ចេញពីវៀតណាម តាមច្រកព្រំដែនជ្រៃធំ ខេត្តកណ្តាល ឆ្ពោះទៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។
ភ្នំពេញ៖ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានទាមទារឲ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់តាមទូរសព្ទ (Hot Line) ដើម្បីឲ្យពលរដ្ឋអាចរាយការណ៍អំពីករណីសង្ស័យទៅលើមន្ត្រី ឬអាជ្ញាធរអនុញ្ញាតឲ្យនាំបន្លែ និងផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីបរទេស ចូលកម្ពុជា។ ការទាមទារនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់ បង្គាប់រដ្ឋបាលខេត្តទាំងអស់នៅជាប់ព្រំប្រទល់ប្រទេសជិតខាង ឲ្យទប់ស្កាត់ការនាំបន្លែ-ផ្លែឈើដែលមានជាតិគីមីពុល និងទំនិញខូចគុណភាពចូល។



តាមរយៈសេចក្តីថ្លែងការរួម ចេញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានលើកឡើងថា ការអនុញ្ញាតឲ្យនាំយកទំនិញខូចគុណភាព ជាពិសេសបន្លែ និងផ្លែឈើដែលមានសារធាតុគីមីពុលចូលនោះ បានធ្វើឲ្យប៉ះពាល់សុខភាព និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមយុទ្ធនាការ «ពហិរការ» មិនប្រើប្រាស់ ឬទិញបន្លែ-ផ្លែឈើ នាំចូលពីបរទេសដែលមានផ្ទុកសារធាតុគីមីពុល និងអាចធ្វើឲ្យប៉ះពាល់សុខភាព ដោយត្រូវងាកមកគាំទ្រការប្រើប្រាស់បន្លែ និងផ្លែឈើក្នុងស្រុកវិញ ដែលកសិករអនុវត្តតាមគោលការណ៍ធម្មជាតិ សុវត្ថិភាព និងសរីរាង្គ។

អត្ថបទទាក់ទង


របាយការណ៍របស់លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បានឲ្យដឹងថា បច្ចុប្បន្ន ថ្វីដ្បិតការដាំដុះក្នុងស្រុកមានការកើនឡើងគួរឲ្យគត់សម្គាល់ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែបន្តនាំចូលបន្លែពីប្រទេសជិតខាងប្រមាណ២០០ទៅ៤០០តោនដដែល ក្នុងមួយថ្ងៃ ក្នុងនោះមាន៦០ភាគរយ ជាប្រភេទបន្លែនាំចូលពីប្រទេសវៀតណាម។

លោក ច័ន្ទ សុផល បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី១២ ខែមិថុនា ថា ក្នុងទំហំបន្លែ៦០ភាគ ដែលកម្ពុជា នាំចូលពីវៀតណាម មាន៥០ភាគរយ ជាបន្លែដែលកសិករកម្ពុជាមិនសូវដាំដុះ ដូចជាការ៉ុត ដំឡូបារាំង ស្ពៃបូកគោ ស្ពៃក្តោប ម្ទាស់ផ្លោក និងផ្កាស្ពៃ ជាដើម។

លោក បន្ថែមថា ការនាំចូលបន្លែ-ផ្លែឈើពីប្រទេសជិតខាងពី២០០ទៅ៤០០តោនក្នុងមួយថ្ងៃនោះ កម្ពុជាខាតបង់ទឹកប្រាក់ប្រមាណ១៥០ដុល្លារទៅ២០០លានដុលា្លរ ក្នុងមួយឆ្នាំ៕ 

Tag:
 បន្លែគីមី
© រក្សាសិទ្ធិដោយ thmeythmey.com