COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ អូស្ត្រាលី គ្រោង​បន្ថយ​ចំនួន​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន​ដើម្បី​អនុវត្ត​គម្លាត​សុវត្ថិភាព
13, Jun 2020 , 10:52 am        
រូបភាព
​អូស្ត្រាលី​នឹង​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ ១០០០០ នាក់​នៅក្នុង​កីឡដ្ឋាន​ដើម្បី​ទស្សនា​ការប្រកួត​កីឡា ដែល​នេះ​ជា​ផ្នែក​មួយ​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​ពី​គោល​ការ​គម្លាត​សុ​វត្តិភាព ដោយសារ​ជំងឺ COVID-19​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison អះអាង​បែបនេះ​នៅ​ថ្ងៃ​១២ ខែមិថុនា​។​


​លោក Morrison បាន​និយាយថា រដ្ឋ​របស់​អូស្ត្រាលី​កំពុងធ្វើការ​ងារ​ដើម្បី​ឆ្ពោះទៅរក​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​កីឡដ្ឋាន​ដែលមាន​សមត្ថភាព​ផ្ទុក​មនុស្ស​៤​ម៉ឺន​នាក់ មក​ដាក់​អ្នកគាំទ្រ​ត្រឹម ១០០០០ នាក់​វិញ​។ លោកនាយក​រដ្ឋមន្ត្រី​រូបនេះ ក៏​បន្ថែមថា ការផ្លាស់ប្តូរ​នេះ​នឹង​អាចអនុវត្ត​សម្រាប់​ការប្រគំ​តន្ត្រី និង​ពិធីបុណ្យ​ផ្សេងៗ​ផងដែរ​។​
 
​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក Morrison អះអាងថា ទីតាំង​កីឡដ្ឋាន​ត្រូវតែ​ជា​តំបន់​ធំ​ទូលាយ ដែល​អាចដាក់​ឲ្យ​មាន​គម្លាត​ក្នុង​ចំងាយ​សមរម្យ​។
​ព្រឹត្តិការណ៍​កីឡា​កម្រិត​អាជីព​ធំ​បំផុត​ចំនួន​ពីរ​របស់​អូស្ត្រាលី រួមមាន​កីឡា​បាល់ឱប (NRL) និង​កីឡាបាល់ទាត់​អូស្ត្រាលី (AFL) បាន​បន្ត​រដូវ​កាល​របស់​ពួកគេ​វិញ ជាមួយនឹង​ការប្រកួត​នៅ​កីឡដ្ឋាន​បិទទ្វារ ប៉ុន្តែ​ត្រូវបាន​ផ្តល់​ភ្លើង​បៃតង​ក្នុងការ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកគាំទ្រ​មួយចំនួន​តូច​ចូលរួម​ទស្សនា​ផងដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១២ ខែមិថុនា​នេះ អូស្ត្រាលី​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 ជាង​៧​ពាន់​នាក់ និង ១០២ នាក់​បាន​ស្លាប់​៕
 

Tag:
 COVID-19
  Scott Morrison
© រក្សាសិទ្ធិដោយ thmeythmey.com