រដ្ឋាភិបាល ចាប់ផ្តើម​ជួយ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស ឲ្យ​បាន​មកវិញ តែ​ចេញ​លុយ​ខ្លួនឯង​ ​
COVID-19
ជាតិ
រដ្ឋាភិបាល ចាប់ផ្តើម​ជួយ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស ឲ្យ​បាន​មកវិញ តែ​ចេញ​លុយ​ខ្លួនឯង​ ​
13, Jun 2020 , 9:59 pm        
រូបភាព
និស្សិតខ្មែរថត selfie ក្នុងយន្តហោះ ពេលរៀបចេញដំណើរពីឥណ្ឌា មកកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំឥណ្ឌា)
និស្សិតខ្មែរថត selfie ក្នុងយន្តហោះ ពេលរៀបចេញដំណើរពីឥណ្ឌា មកកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំឥណ្ឌា)
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​កម្ពុជា បាន​កែប្រែ​គោលការណ៍ ដោយ​ពីមុន ប្រកាស​មិន​ឲ្យ​ពលរដ្ឋ​និង​និស្សិត​ខ្មែរ​នៅក្រៅ​ប្រទេស វិល​មក​កម្ពុជា​វិញ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពេលធ្វើ​ដំណើរ ហើយ​នាំ​ជំងឺ​នេះ​ចូលមក​ស្រុក តែ​ពេលនេះ បានសម្រេច​ជួយ​សម្រួល​ពលរដ្ឋ​និង​និស្សិត​ខ្មែរ នៅ​បណ្តា​ប្រទេស​មួយចំនួន ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ​។

 
​ចាប់​ផ្តើមដំបូង គេ ឃើញ​ពលរដ្ឋ​និង​និស្សិត​ខ្មែរ​នៅ​ឥណ្ឌូណេស៊ី និង នៅ​ឥណ្ឌា ដែល​ទទួលបាន​ការសម្របសម្រួល​ពី​រដ្ឋាភិបាល ក្នុង​ការធ្វើ​មាតុភូមិ​និវត្ត​។ យ៉ាងណាក៏ដោយ ពលរដ្ឋ​និង​និស្សិត​ខ្មែរ​នៅក្រៅ​ប្រទេស អាច​ទទួល​បានតែ​ការសម្របសម្រួល​ផ្នែក​នីតិវិធី​ផ្សេងៗ​ប៉ុណ្ណោះ ពី​រដ្ឋាភិបាល​ឬ​ស្ថានទូត ក្នុងការ​ធ្វើដំណើរ​មក​មាតុភូមិ តែ​ការចំណាយ​លើ​ជើងហោះហើរ គឺជា​ថវិកា​ផ្ទាល់ខ្លួន​។ 
 
​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«​កន្លងមក យើង គ្រាន់តែ​ជួយ​សម្រួល​ផ្នែក​ផ្លូវច្បាប់​ទេ យើង ជួយ​ផ្នែក​ដំណើរការ ឲ្យ​គាត់​អាចមាន​សិទ្ធិមក​បាន ទាំង​ម​ធ្យោ​បាន​ទាំង​អី តែរ​រឿង​ថវិកា ខ្ញុំ​យល់ថា គាត់​អាច​ដោះស្រាយ​ខ្លួនឯង​»​។ 
 
​លោក បន្តថា រដ្ឋាភិបាល​ឬ​ស្ថានទូត អាច​នឹង​ជួយ​សម្របសម្រួល​ពលរ​ដ្ឋ​និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ផ្សេងទៀត បើ​ពួកគាត់ ស្នើសុំ​។ លោក និយាយ​បែបនេះ​ថា​៖«​រឿង​ហ្នឹង វា អាស្រ័យ​លើ​សាមីខ្លួន​ទេ​។ សាមី​ខ្លួនគេ ចង់​ឲ្យ​ជួយ យើង​ជួយ​។ បើ​សាមីខ្លួន មិន​ចង់​ទេ គេ​អាច​ដោះស្រាយបាន អាហ្នឹង​តាម​សាមីខ្លួន​»​។​
 
​អ្នកនាំពាក្យ​រូបនេះ សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់​នោះ គឺ​ប្រទេស​នីមួយៗ អាច​បើក​ជើង​ហោះ មក​កម្ពុជា បាន​ឬក៏​អត់​។​
 
​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ ស្ថានទូត​កម្ពុជា​ប្រចាំ​ឥណ្ឌូណេស៊ី បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ហោះហើរ​របស់​កម្ពុជា (Cambodia Airways) ជួយ​រៀបចំ​ឲ្យ​និស្សិត​ខ្មែរ​៤២​នាក់ បានធ្វើ​មាតុភូមិ​និវត្ត​។ នេះ​បើតាម​លិខិត​បស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ឥណ្ឌូណេស៊ី ផ្ញើជូន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​។  
 
​ក្នុង​លិខិត​នោះ ស្ថានទូត​កម្ពុជា អះអាងថា និស្សិត​ខ្មែរ​ទាំង​៤២​នាក់ បានបញ្ចប់​ការសិក្សា​និង​ត្រូវ​សម្រាក​ក្នុងពេល​វិស្សមកាល ហើយ​បាន​ជាប់គាំង​នៅ​ឥណ្ឌូណេស៊ី ដោយសារ​ការផ្អាក​ជើង​ហោះហើរ បន្ទាប់ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ស្ថានទូត​កម្ពុជា ជម្រាប​លោក​រដ្ឋមន្ត្រី​ថា​៖«​ពេលនេះ និស្សិត​ទាំង​៤២​រូប បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កម្ពុជា ដោយ​សុវត្ថិភាព​ហើយ​»​។​

ចំណែក និស្សិត រួមទាំង​ពលរដ្ឋ​ខ្មែរ​៦០​នាក់ នៅ​ឥណ្ឌា ក៏បាន​វិលត្រឡប់​មកវិញ​ដែរ នៅ​ថ្ងៃទី​១២ ខែមិថុនា​ម្សិលមិញ​ដូចគ្នា តាម​យន្តហោះ​មួយគ្រឿង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ឥណ្ឌា បាន​បង្ហោះ​រូបភាព អម​ជាមួយនឹង​សារ​ថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា មន្ត្រី​ស្ថានទូត បាន​ចូលរួម​ជូន​ដំណើរ​សមណ​និស្សិត និស្សិត និង ប្រជាពលរដ្ឋ​ខ្មែរ ធ្វើ​មាតុភូមិ​និវត្ត​វិញ ដោយ​សេចក្តី​សប្បាយរីករាយ​។​
 
​ក្រសួងការបរទេស ផ្តល់ព័ត៌មាន​ពី​ការវិលត្រឡប់​របស់​និស្សិត​និង​ពលរដ្ឋ​ខ្មែរ​នៅ​ឥណ្ឌា បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ណារិន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​និយាយ​ជាមួយគ្នា​តាម​ទូរស័ព្ទ​។ មិនមែន​តែ​ជួយ​ពលរដ្ឋ​និង​និស្សិត​ខ្មែរ​ឲ្យ​បាន​ចេញពី​ឥណ្ឌា​ទេ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ក៏បាន​សហការគ្នា​ជួយ​យក​ពលរដ្ឋ​ឥណ្ឌា​២៨០​នាក់ ចេញពី​កម្ពុជា​ដែរ តាម​ជើង​ហោះ​ពីរលើក គឺ​លើកទីមួយ នៅ​ថ្ងៃទី​១១ ខែមិថុនា ហើយ​លើក​ទី​ពីរ នៅ​ថ្ងៃទី​១៩ ខែមិថុនា​ខាងមុខ​។ 
 
​រីឯ ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី បាន​បង្ហោះ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ក្រុមការងារ​ស្ថានទូត កំពុងធ្វើការ​ងារ​ជាមួយ​ក្រុមហ៊ុន​ហោះហើរ​របស់​ម៉ាឡេស៊ី (Malaysian Airlines) ដើម្បី​រៀបចំ​ជើងហោះហើរ សម្រាប់​ពលរដ្ឋ​ខ្មែរ​១៤៣​នាក់ ដែល​ខកខាន​ដំណើរ​វិល​មក​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។ ពួកគេ មិន​អាចមក​កម្ពុជា តាម​ការគ្រោងទុក​នាពេល​នោះ គឺ​ដោយសារតែ​គ្មាន​ជើងហោះហើរ​។ 
 
​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី សរសេរថា បើ​មាន​អ្នកដំណើរ​គ្រប់​ចំនួន យន្តហោះ អាច​ហោះ​បាន នៅ​ថ្ងៃទី​១៦ ខែមិថុនា​។ ប៉ុន្តែ ស្ថានទូត បញ្ជាក់ថា ក្រុមហ៊ុន រក្សា​សិទ្ធិ​ពន្យា​ពេល​ហោះហើរ បើ​ពុំមាន​អ្នកដំណើរ​គ្រប់​ចំនួន ដើម្បី​អាច​ទូទាត់​ថ្លៃដើម​បាន​។ ស្ថានទូត អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ស្ថិត​ក្នុងចំណោម​អ្នកដំណើរ​ទាំង​១៤៣​នាក់​នោះ ប្រញាប់​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហោះហើរ​នេះ ឬ​ទាក់ទង​ទៅ​ក្រុមការងារ​ស្ថានទូត​។​
 
​គ្រប់​ពលរដ្ឋ​ខ្មែរ ដែល​មកដល់​ស្រុក​វិញ ត្រូវ​ឆ្លងកាត់​ការពិនិត្យ​សុខភាព​និង​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។ ទោះ​ធ្វើតេស្ត​ទៅ​មិនមាន​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ក៏​ពួកគាត់ ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ​ដែរ​។ ពលរដ្ឋ​ខ្មែរ មិន​តម្រូវ​ឲ្យ​ចំណាយ​ថវិកា លើ​ការធ្វើ​តេស្ត​និង​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដូច​ជនបរទេស​ឡើយ​។ 
 
​គេ មិនទាន់​ដឹង​ពី​គោលបំណង​ជាក់​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ឡើយ​ថា អ្វី​បានជា​ពេលនេះ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​និង​និស្សិត​ខ្មែរ​នៅក្រៅ​ប្រទេស វិល​មក​ស្រុកកំណើត​វិញ ខណៈ​កាលពី​ដើមទី ប្រកាស​ដាច់​ណាត់​ឲ្យ​ពលរដ្ឋ​និង​ខ្មែរ ដែល​កំពុង​ស្ថិតនៅក្នុង​ប្រទេស​ណាមួយ ឲ្យ​បន្ត​នៅក្នុង​ប្រទេស​នោះ​សិន ដោយ​មិនត្រូវ​ដំណើរ​ចាកចេញ​នោះទេ​។

ទោះ​មិនទាន់​បង្ហាញ​គោលបំណង​ក្តី តែ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការជួយ​ពលរដ្ឋ​និង​និស្សិត​ខ្មែរ និង​អនុញ្ញាត​ឲ្យ​ពួកគាត់ អាច​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ គឺ​ស្ថិតក្នុង​កាលៈទេសៈ​ដែល​ជំងឺ​កូ​វីដ​-១៩ កាន់តែ​រាលដាល​ខ្លាំង​ឡើងៗ នៅលើ​ពិភពលោក​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ជំងឺ​កូ​វីដ​-១៩ ឆ្លង​ដល់​មនុស្ស​ជាង​៧,៧​លាន​នាក់​ហើយ នៅលើ​ពិភពលោក ដោយ នៅ​ឥណ្ឌា មាន​អ្នក​ឆ្លង​ជាង​៣​សែន​នាក់ ជាសះស្បើយ​ជាង​១,៥​សែ​នាក់ ស្លាប់​ជាង​៨,៨​ពាន់​នាក់ នៅ​ឥណ្ឌូណេស៊ី មាន​អ្នក​ឆ្លង​ជាង​៣,៦​ម៉ឺន​នាក់ ជាសះស្បើយ​ជាង​១,៣​ម៉ឺន​នាក់ ស្លាប់​ជាង​២​ពាន់​នាក់ នៅ​ម៉ាឡេស៊ី មាន​អ្នក​ឆ្លង​ជាង​៨​ពាន់​នាក់ ជាសះស្បើយ​ជាង​៧​ពាន់​នាក់ ស្លាប់​១១៩​នាក់ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​១២៦​នាក់ ជាសះស្បើយ​១២៥ គ្មាន​អ្នកស្លាប់​។ 
 
​អាមេរិក នៅតែ​ជា​ប្រទេស ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើនជាងគេ បន្ទាប់មក គឺ ប្រេ​ស៊ី​ល រុស្ស៊ី និង ឥណ្ឌា​៕ 
 
 

Tag:
 ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com