ជាតិ
ទស្សនៈ​៖ ហេតុអ្វី​កម្ពុជា​គួរ​ជំរុញ​«​ការស្រាវជ្រាវ​»​ឱ្យបាន​ខ្លាំងក្លា​ជាទីបំផុត​?
13, Jun 2020 , 10:29 pm        
រូបភាព
​ដោយ៖ ហេង គីម​គង់ 
 
​ការស្រាវជ្រាវ​គឺជា​ដំណើរការ ឬ​ជា​ជំហាន​បន្តបន្ទាប់​គ្នា​ដែលមាន​គោលបំណង ប្រមូល​និង​វិភាគ​ព័ត៌មាន​ដើម្បី​ទទួលបាន​ចម្លើយ​ចំពោះ​សំណួរ​ជាក់លាក់​ណាមួយ​។​

 
​ការស្រាវជ្រាវ​អាចជួយ​បង្កើត​ចំណេះដឹង​ថ្មីៗ និង​ជួយ​សម្របសម្រួល​ដល់​ការប្រើប្រាស់​ចំណេះដឹង​ដែលមាន​ស្រាប់ ដើម្បី​នាំទៅ​រកឃើញ ឬ​បង្កើត​របកគំហើញ​ថ្មីៗ​ផង​។ ការស្រាវជ្រាវ​ក៏​អនុញ្ញាតឱ្យ​យើង​ប្រើប្រាស់​ចំណេះដឹង​ដែលមាន​ស្រាប់​ដើម្បី​បង្កើន​ការយល់ដឹង​ថ្មី គំនិត​ថ្មី ក៏ដូចជា​ការច្នៃប្រឌិត​ថ្មី​។​
 
​ការស្រាវជ្រាវ​មិន​ត្រឹមតែ​ជួយ​ឱ្យ​យើង​ពង្រីក​ចំណេះដឹង​ជា​សកល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ឱ្យ​យើង​បង្កើន​ការយល់ដឹង​ដ៏​ស៊ីជម្រៅ​អំពី​ពិភពលោក និង រឿងរ៉ាវ​ផ្សេងៗ​ទៀត​។​
 
​តម្លៃ​នៃ​ការស្រាវជ្រាវ​គឺមាន​កម្រិត​ខ្ពស់បំផុត​ដែល​សឹង​មិនអាច​ពិពណ៌នា​បាន​។ ប្រទេស​ដែល​ទើប​មាន​ឧស្សាហកម្ម​ជឿនលឿន​ដូចជា​កូរ៉េខាងត្បូង និង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ខ្លាំង​ដូចជា ចិន បាន​ពិចារណា បង្កើត​សាកលវិទ្យាល័យ​ស្រាវជ្រាវ​លំដាប់​ពិភពលោក​។  ការសម្រេច​នេះ​គឺ ធ្វើឡើង​ក្នុង​គោលបំណង​ព្យាយាម​រក្សា​ភាព​ពាក់ព័ន្ធ និង​ជំរុញ​ការប្រកួតប្រជែង​នៅក្នុង​សហគមន៍​សកល​ក្នុងការ​ស្រាវជ្រាវ​និង​ការផលិត​ចំណេះដឹង​។ ចំណុច​នេះ​បាន​ក្លាយជា​និន្នាការ​សកល​ទៅហើយ ខណៈពេលដែល​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ដូចជា​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ក៏​កំពុងប្រកាន់យក​គំនិត​បង្កើត​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក​ដែរ​។​
 
​សម្រាប់​ប្រទេស​កម្ពុជា​ក្រោយពី​បានទទួល​សន្តិភាព​ពេញលេញ​ក្នុង​រយៈពេល ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ សេដ្ឋកិច្ច​ប្រទេស​នេះ​មាន​កំណើន​ជា​មធ្យម ៧ ភាគរយ​ជា​រៀងរាល់ឆ្នាំ​។ អត្រា​ភាពក្រីក្រ​ជាង ៥០​ភាគរយ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ត្រូវបាន​កាត់បន្ថយ​ម​ក​នៅត្រឹម​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ បើ​គិត​ត្រឹម​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​។​
 
​ឥឡូវនេះ​កម្ពុជា​ហាក់ដូចជា​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រែ​ក្លាយខ្លួនជា​សង្គម​មួយ​ដែល​រីកចម្រើន​ទៅមុខ មាន​បរិ​យាប​ន្ន​ភាព និង​យក​ចំណេះដឹង​ជា មូលដ្ឋាន​។ ប៉ុន្តែ​ដើម្បី សម្រេច នូវ​ចក្ខុវិស័យ​ដ៏​ល្អ​នេះ វា​ចាំបាច់​ត្រូវមាន​ការប្តេជ្ញា​មួយ​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការស្រាវជ្រាវ និង​ការច្នៃប្រឌិត​។​
 
​ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន គាំទ្រ ពី​ដៃគូ​អភិវឌ្ឍន៍​នានា បាន​ចាត់វិធានការ​លើកកម្ពស់ ការស្រាវជ្រាវ ដោយ​អនុវត្ត គោល នយោបាយ និង​យុទ្ធសាស្ត្រ​មួយចំនួន នៅមាន កិច្ចការ​ជា ច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​
 
​គោលនយោបាយ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ការស្រាវជ្រាវ​នៅក្នុង​ប្រទេស ដូចជា​គោលនយោបាយ​ស្តីពី​ការអភិវឌ្ឍ​ការស្រាវជ្រាវ​ក្នុង វិស័យ​អប់រំ (​ឆ្នាំ​២០១០) អនុក្រឹត្យ​ស្តីពី​ការតែងតាំង​សាស្ត្រាចារ្យ​ក្នុង វិស័យ​សុខាភិបាល (​ឆ្នាំ​២០១០) និង​ផែនការ គោល​សម្រាប់​អភិវឌ្ឍ​ការស្រាវជ្រាវ ក្នុង​វិស័យ​អប់រំ ( ឆ្នាំ​២០១១) មាន​សារៈសំខាន់ ប៉ុន្តែ​ជាទូទៅ​គោលនយោបាយ​ទាំងនេះ ហាក់​មិនមាន​គោលនយោបាយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ច្បាស់លាស់ សម្រាប់​គាំទ្រ​ការអនុវត្ត​នោះទេ​។ និយាយ​ម្យ៉ាងវិញទៀត គោលនយោបាយ ជំរុញ​ការស្រាវជ្រាវ​ទាំងនោះ មាន​សក្តានុពល​ក្នុង ការអភិវឌ្ឍ​ការ ស្រាវជ្រាវ​ក្នុងប្រទេស​ជារួម ប៉ុន្តែ​វា​មាន​ភាពខ្វះ​ចន្លោះ​នៅពេល​គេ​និយាយ​អំពី​ការអនុវត្ត ដោយសារ​កង្វះ​ធនធានមនុស្ស និង​ហិរញ្ញប្បទាន​។​
 
​ទោះយ៉ាងណា ក្នុងនាម​ខ្ញុំ​ជា​អ្នកស្រាវជ្រាវ​ថ្នាក់បណ្ឌិត​ដែល​កំពុង​ស្រាវជ្រាវ​យ៉ាងសកម្ម អំពី​ការលើកកម្ពស់​ការស្រាវជ្រាវ និង​ការបោះពុម្ពផ្សាយ​ទាំង​នៅក្នុង​សាកលវិទ្យាល័យ​ឯកជន និង​សាធារណៈ​នៅ​កម្ពុជា​អស់​រយៈ ពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ខ្ញុំ​យល់ថា​កង្វះ​ធនធានមនុស្ស​គឺជា​បញ្ហា​មែន ក៏ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ដែល​គ្មាន​ដោះស្រាយ នោះទេ​។​
 
​បញ្ហា​ពិត​និង​ជា​មូលដ្ឋាន​នោះ​ប្រហែលជា​ស្ថិតនៅក្នុង​ការគ្រប់គ្រង​និង​ការប្រើប្រាស់​ធនធានមនុស្ស​ទៅវិញ​នោះទេ​។​
 
​យោងតាម​ទិន្នន័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ឆ្នាំ​២០១៨ មាន​អ្នក មាន​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​ប្រហែល ១៣០០​នាក់​កំពុងធ្វើការ​នៅតាម​គ្រឹះស្ថាន ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា​។ ការស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​របស់ខ្ញុំ​ធ្វើ​នៅ​ឆ្នាំ ២០១៩ បាន​បង្ហាញថា នៅក្នុង​មហាវិទ្យាល័យ​មួយ​នៃ​សាកលវិទ្យាល័យ​សាធារណៈ មួយ​នៅ​កម្ពុជា មាន​សមាជិក​មហាវិទ្យាល័យ​ជិត ៣០​នាក់​ដែលមាន​សញ្ញាប័ត្រ បណ្ឌិត នេះ​មិនមែនជា​ចំនួន​តិចតួច​នោះទេ​។ 
 
​ប្រសិនបើ​ត្រូវបាន​គ្រប់គ្រង​និង​លើកទឹកចិត្ត ឱ្យបាន​ត្រឹមត្រូវ អ្នក​ដែលមាន​សញ្ញាបត្រ​បណ្ឌិត​ទាំងនោះ និង​អ្នក​ដទៃទៀត​ដែលមាន​ជំនាញ​ស្រាវជ្រាវ និង​មាន​ពិសោធន៍​ក្នុងការ បោះពុម្ពផ្សាយ គឺជា​ធនធាន​ដែល​មិនអាច កាត់ថ្លៃ​បានឡើយ​។ ធនធាន​ទាំងនោះ​អាច​ជំរុញ​ការផ្លាស់ប្តូរ​ទៅរក​ការអភិវឌ្ឍ​វិស័យ​ស្រាវជ្រាវ​នៅតាម​សាកលវិទ្យាល័យ នានា​នៅ​កម្ពុជា​ជាពិសេស​ក្នុង សាកលវិទ្យាល័យ​រដ្ឋ ក៏ដូចជា​ទូទាំង​កម្ពុជា​ទាំងមូល​ផង​។​
 
​ត្រង់ចំណុច​នេះ បើ​និយាយ​ពី​ចំណាត់ថ្នាក់​នៃ​សាកលវិទ្យាល័យ​នៅ​អាស៊ីអាគ្នេយ៍​ប្រទេស​វៀតណាម​មាន​សាកលវិទ្យាល័យ​ចំនួន ៣ ដែល​ត្រូវបាន​ចុះបញ្ជី​នៅក្នុង តារាង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ពិភពលោក​ឆ្នាំ​២០២០ ដោយ​ទស្សនា​វ​ដ្តី Times Higher Education​។ ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន ១៣ សាកលវិទ្យាល័យ ប្រទេស​ថៃ​មាន ១៦ សាកលវិទ្យាល័យ ប៉ុន្តែ​កម្ពុជា​គ្មាន​សាកលវិទ្យាល័យ​ណា មួយ​ដែល​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ឡើយ​។​
 
​ជាការ​ពិតណាស់ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​ម៉ាឡេស៊ី​បាន បោះពុម្ពផ្សាយ​អត្ថបទ​វិទ្យាសាស្ត្រ​ចំនួន ២៨៩,២៣១ អត្ថបទ ដែល​ត្រូវបាន​ចុះ បញ្ជី​ក្នុង​ទិន្នន័យ​របស់ Scopus ដែលជា​មូលដ្ឋាន​ផ្ទុក​ទិន្នន័យ​អត្ថបទ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ឯ​ថៃ​វិញ មានការ​បោះពុម្ព ផ្សាយ​អត្ថបទ​វិទ្យាសាស្ត្រ​ចំនួន ១៥២,២០៨ ។ ចំណែក​វៀតណាម​មាន​ចំនួន ៥៥,៦៣៩ ខណៈដែល​ប្រទេស​កម្ពុ​ជាមាន​ត្រឹមតែ ៣៧០៨ អត្ថបទ​ប៉ុណ្ណោះ​។​
 
​ផ្អែកលើ​របាយការណ៍​ប្រកួតប្រជែង​ជា​សកល​ឆ្នាំ​២០១៩ របស់​វេទិកា​សេដ្ឋកិច្ច ពិភពលោក សមត្ថភាព​ច្នៃប្រឌិត​រួម​របស់​កម្ពុជា​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ១០២ ក្នុងចំណោម​ប្រទេស​ចំនួន ១៤១​។ ម៉ាឡេស៊ី​ឈរ​នៅ​លំដាប់​ទី ៣០ ថៃ​លំដាប់​លេខ ៥០ និង​វៀតណាម​លេខ ៧៦ នៅ​ទូទាំង​ពិភពលោក​។​
 
​បើទោះបី​លទ្ធផល​នៃ​សមត្ថភាព​ប្រកួតប្រជែង​ជារួម​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ មាន​ភាពប្រសើរឡើង​ដោយ​ចំនួន​៣​ពិន្ទុ​ក៏ពិតមែន បើ​ប្រៀបធៀប​នឹង​ចំណាត់ថ្នាក់​ឆ្នាំ ២០១៨ (​កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ជាប់​លេខ ១១០ ក្នុងចំណោម ១៤០​ប្រទេស ហើយ​ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​ជាប់​លេខ ១០៦ ក្នុងចំណោម ១៤១​ប្រទេស​) សមត្ថភាព​នៃ​ការច្នៃប្រឌិត​របស់​កម្ពុ​ជា​បាន​ធ្លាក់ចុះ​ពី​លេខ ៩៦ ក្នុងចំណោម ១៤០ ប្រទេស​ក្នុង​ឆ្នាំ ២០១៨ មកដល់​លេខ ១០២ ក្នុងចំណោម ១៤១​ប្រទេស ក្នុង​ឆ្នាំ​២០១៩​។​
 
​គេ​មិនអាច​ដឹង​ច្បាស់​ទេ ពី​មូលហេតុ​អ្វីដែល​បណ្តាលឱ្យ​មានការ​ថយចុះ​សមត្ថភាព​ច្នៃប្រឌិត​រួម​របស់​កម្ពុជា​។ ប៉ុន្តែ​ផ្អែកលើ​ការពិនិត្យ​មើល​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ របាយការណ៍​ប្រកួតប្រជែង​ជា​សកល​ឆ្នាំ​២០១៩ បង្ហាញថា​ការបោះពុម្ព ផ្សាយ​អត្ថបទ​វិទ្យាសាស្ត្រ​របស់​ប្រទេស​កម្ពុជា ក៏​ស្ថិតនៅ​លំដាប់​ទី ១០២ ក្នុង ចំណោម​ប្រទេស​ចំនួន ១៤១ ដែរ​។ ហើយ​ការចំណាយ​លើ​ការស្រាវជ្រាវ​និង ការអភិវឌ្ឍ​បាន​ថយចុះ ខណៈពេលដែល​ពិន្ទុ​សម្រាប់​ស្ថាប័ន​លេចធ្លោ​ក្នុងការ ស្រាវជ្រាវ​របស់​កម្ពុជា គឺ​ស្ថិតនៅ​លំដាប់​ទី ១១៧ ក្នុងចំណោម ១៤១​ប្រទេស​។​
 
​ជារួម​ចំណាត់ថ្នាក់​សម្រាប់​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ស្ថិតក្នុង​លំដាប់​ទី ១២១ ក្នុងចំណោម ១៤១​ប្រទេស ចំណែក​ប្រទេស​ថៃ​ឈរ​នៅ លំដាប់​ទី ៥៦ ហើយ​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី ៧២​។​
 
​ស្ថិតិ​ទាំងអស់នេះ បង្ហាញថា​សមត្ថភាព​ស្រាវជ្រាវ​របស់​អ្នកសិក្សា និង​អ្នក​ស្រាវ ជ្រាវ​កម្ពុជា ក៏ដូចជា​សមត្ថភាពរ​បស់​សាកលវិទ្យាល័យ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ ក្នុងប្រទេស​នៅមានកម្រិត​ទាប​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​សមត្ថភាព​ស្រាវ​ជ្រា​របស់​ប្រទេសជិតខាង មួយចំនួន​ក្នុង​តំបន់​។​
 
​នៅពេល​ពិភពលោក​កំពុង​ឈានចូល​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ហើយ​សេដ្ឋកិច្ច សកលលោក​ដែល​ផ្អែក​ខ្លាំង​លើ​ចំណេះដឹង​កំពុង​ស្ថិតនៅ​ពីមុខ​យើង ការចូលរួម និង​ការប្រកួតប្រជែង​នៅក្នុង​ពិភពលោក​ដែលមាន​ការផ្លាស់ប្តូរ​ឥតឈប់ឈរ​នេះ នឹង​តម្រូវឱ្យមាន​ការច្នៃប្រឌិត និង​សមត្ថភាព​ផលិត ផ្សព្វផ្សាយ និង​ប្រើប្រាស់ ចំណេះដឹង​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។​
 
​ចាប់តាំងពី​ឆ្នាំ ២០០២ ធនាគារពិភពលោក​បាន​កត់សម្គាល់​ពី​ការផ្លាស់ប្តូរ​នៅក្នុង សេដ្ឋកិច្ចពិភពលោក ពី​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម ឬ​សេដ្ឋកិច្ច​ដែល​ពឹង ផ្អែកលើ​ធនធានធម្មជាតិ ទៅជា​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ចំណេះដឹង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ធនាគារ​នេះ​បាន​លើកឡើងថា ចំណេះដឹង​គឺជា​កត្តា​គន្លឹះ​ក្នុងការ​អភិវឌ្ឍ​។ ធនាគារពិភពលោក​ក៏បាន​កត់សម្គាល់​បន្ថែម​ថា «​សមត្ថភាព​របស់​សង្គម​មួយ​ក្នុង ការបង្កើត ជ្រើសរើស សម្របសម្រួល ធ្វើ​ពាណិជ្ជកម្ម និង​ប្រើប្រាស់​ចំណេះដឹង គឺមាន​សារៈសំខាន់​ខ្លាំង​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ការ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន​» ។​
 
​ប្រទេស​កម្ពុជា​បាន​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម និង​ធនធានធម្មជាតិ​មហាសាល​របស់ ខ្លួន​អស់​រយៈពេល​ជា​យូរ​មកហើយ​។ ពិតណាស់​ធនធានធម្មជាតិ​ដែល​ប្រទេស​នេះ​មាន គឺ​មិនអាច​ស្ថិត​ស្ថិរ​ជា​រៀងរហូត​នោះទេ​។ ដូច្នេះហើយ​វា​ដល់​ពេលដែល កម្ពុជា​ត្រូវ​ពិចារណា​ឡើងវិញ​លើ​ចក្ខុវិស័យ​របស់ខ្លួន និង​វាយតម្លៃ​ឡើងវិញ​អំពី​របៀប​ដែល​ខ្លួន​ចង់ឃើញ​ប្រទេស​នេះ​លូតលាស់​ទៅមុខ​សម្រាប់​រយៈពេល ១០, ២០ ឬ ១០០ ឆ្នាំ ត​ទៅមុខទៀត​។​
 
​ការចង់​ក្លាយខ្លួនជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឬ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​គឺជា​រឿង​ដ៏​ល្អ​មួយ ហើយ​យើង​មាន​ក្តី​សង្ឃឹមថា យើង​អាច​សម្រេចបាន​នូវ​គោលដៅ​រយៈពេល​វែង​ទាំងនេះ​។ ប៉ុន្តែ​ការសម្រេច បាន​នូវ​សេចក្តីប្រាថ្នា​ទាំងនេះ និង​សេចក្តីប្រាថ្នា​ផ្សេងទៀត ក៏ដូចជា​អនុញ្ញាតឱ្យ​ខ្លួន មាន និង​ភាព​ពាក់ព័ន្ធ មានការ​ប្រកួតប្រជែង​នៅក្នុង​ពិភពលោក​នៅពេល​អនាគត ឧទាហរណ៍​នៅ​ឆ្នាំ​២០៥០ គឺជា​រឿង​មួយ​ផ្សេងទៀត​។​
 
​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ជា​ក្រុម​ស្ថិតក្នុង​វណ្ណៈ​វីរជន និង​ជា​បុគ្គល​ដែលមាន​ការអប់រំ ជ្រៅជ្រះ​។ ពួកគេ​គួរតែ​ជា​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ច្រើនជាងគេ ប្រសិនបើ​ពួកគេ បរាជ័យ​ក្នុង​ការរៀបចំ​ប្រទេសមួយ​នេះ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដ៏ទៃទៀត ដោយ​មិនទាន់​ទាំង​គិត​អំពី​ការ​នាំមុខ​ប្រទេស​ផ្សេង ក្នុង​អនាគត​ដ៏​ខ្លី ក៏ដូចជា​អនាគត​ដ៏​វែងឆ្ងាយ​ខាងមុខ​។​
 
​ជា​ចុងបញ្ចប់ ប្រជាជន​យើង​ម្នាក់ៗ​គួរតែ​ដឹងខ្លួន​ថា យើងទាំងអស់គ្នា​មាន​តួនាទី​ជា​ផ្នែក​មួយ​ក្នុង​ការជំរុញ​ការកែប្រែ​ប្រទេស​កម្ពុជា ទៅជា​ប្រទេសមួយ​ដែល​ធ្វើ​ឲ្យ​យើងទាំងអស់គ្នា​កាន់​តែមាន​មោទកភាព​នាពេល​អនាគត​។ ដូច្នេះហើយ ទំនួល​ខុសត្រូវ​មួយ​នេះ​គឺជា​របស់​យើងទាំងអស់គ្នា​៕
 
​លោក ហេង គីម​គង់ ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អប់រំ​នៅ​សាកលវិទ្យាល័យ ឃ្វី​ន​លែ​ន ជា​និស្សិត​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី និង​ជា​អ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន ខ្មែរ សំរាប់​សហប្រតិបត្តិកា​រ​និង​សន្តិភាព​។​មតិ​ទាំងអស់នេះ​ជា​ទស្សនៈ​របស់​អ្នកនិពន្ធ​ផ្ទាល់​។​

Tag:
 ការស្រាវជ្រាវ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com