លោក ចំរើន វណ្ណ​ថា​៖«​អ្នកនិពន្ធ​គួរប្រើ​ទេ​ព្យ​កោសល្យ​របស់ខ្លួន ជួយ​វប្បធម៌​ជាតិ​»
ជាតិ
លោក ចំរើន វណ្ណ​ថា​៖«​អ្នកនិពន្ធ​គួរប្រើ​ទេ​ព្យ​កោសល្យ​របស់ខ្លួន ជួយ​វប្បធម៌​ជាតិ​»
13, Jun 2020 , 10:59 pm        
រូបភាព
លោក ចំរើន វណ្ណថា ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាពិន័យ និង​លើក​សរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ (រូប​ផ្ដល់ឱ្យ)
លោក ចំរើន វណ្ណថា ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាពិន័យ និង​លើក​សរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ (រូប​ផ្ដល់ឱ្យ)
​ភ្នំពេញ​៖ លោក ចំរើន វណ្ណ​ថា ប្រធាន​លេខាធិការដ្ឋាន​ក្រុម​បឹ​ក្សា​ពិន័យ និង​លើកសរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចង់ឱ្យ​អ្នកនិពន្ធ​ទាំងអស់ យក​ទេពកោសល្យ​របស់ខ្លួន ទៅ​បម្រើ​សិល្បៈ​និង​វប្បធម៌​ជាតិ ឱ្យ​រីកចំរើន ដោយ​ចៀសវាង​ការយកទៅ​បំផ្លាញ​វប្បធម៌​ជាតិ​។​



​មួយរយៈ​ចុងក្រោយ​នេះ អ្នកនិពន្ធ​បទ​ចម្រៀង​មួយចំនួន​តូច ហាក់​មិនបាន​ពិចារណា​ឱ្យបាន​ល្អិតល្អន់ លើ​ការប្រើប្រាស់​ពាក្យពេចន៍ ខ្លឹមសារ និង​អត្ថន័យ នៅក្នុង​បទ​ចម្រៀង​របស់ខ្លួន ឱ្យមាន​ភាពថ្លៃថ្នូរ​ឡើយ​។ តែ​ពួកគេ​បែរជា​ប្រើពាក្យ​អសុរោះ អសីលធម៌ និង​អាសគ្រាម ទៅវិញ​។ ការណ៍​នេះ​បានធ្វើឱ្យ ប្រធាន​លេខាធិការដ្ឋាន​ក្រុម​បឹ​ក្សា​ពិន័យ និង​លើកសរសើរ លោក ចំរើន វណ្ណ​ថា យល់ឃើញថា អ្នកនិពន្ធ​ទាំងនោះ​មិនបាន​ប្រើ​ទេពកោសល្យ​របស់ខ្លួន ដើម្បី​ជួយ​លើកស្ទួយ និង​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​ឡើយ​។ 
 
​លោក មានប្រសាសន៍​ដូច្នេះ​ថា​៖«​គួរឱ្យ​សោកស្ដាយ ទេពកោសល្យ និង​ចំណេះ​ជំនាញ​របស់គាត់ ដែល​គាត់​មិនបាន​យកមក​ជួយ​វប្បធម៌​ជាតិ​។ ក្នុងនាម​ជា​អ្នកនិពន្ធ ត្រូវតែ​បន្សល់ទុក​នូវ​អ្វី​ដែលជា​ស្នាដៃ​ល្អៗ សម្រាប់​ក្មេងជំនាន់ក្រោយ​។ បើ​ទុក​អ្វីដែល​មិនល្អ នោះ​ក្មេងៗ​នឹង​ទទួលយក​វា​ហើយ​»​។​
 
​កន្លងមក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែងតែបាន​ហៅ​អ្នកនិពន្ធ​បទ​ចម្រៀង​មួយចំនួន ដែល​បាន​ប្រើប្រាស់​ពាក្យ បង្ហាញ​ពី​ខ្លឹមសារ​មិន​សមរម្យ ទៅ​ទូន្មាន និង​អប់រំ​ណែនាំ​។ ប៉ុន្តែ​ករណី​ដដែលៗ តែងតែ​កើតមាន​ចំពោះ​បុគ្គល​ផ្សេងទៀត ប្រៀបបាន​នឹង​ការចាប់​ក្ដាម​ដាក់​ចង្អេរ​អ៊ីចឹង​។ សម្រាប់​លោក ចំរើន វណ្ណ​ថា ក្នុងដំណាក់កាល​នេះ គឺ​មានតែ​ការផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ ដើម្បីឱ្យ​អ្នកនិពន្ធ​ទាំងនោះ​យល់​ពី​សារសំខាន់​នៃ​ការ​តែង​និពន្ធ​។​
 
«​អ្នកនិពន្ធ​ខ្លះ​គិតតែ​ពី​ផលប្រយោជន៍​នៅ​ចំពោះមុខ​ភ្លាមៗ តែ​មិនបាន​គិតពី​ផលប៉ះពាល់​ដល់​វប្បធម៌​ជាតិ​ឡើយ ដូច្នេះ​មានតែ​បណ្ដាញ​ព័ត៌មាន​នេះហើយ ដែលជា​ផ្នែក​មួយ​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យទៅដល់​ពួកគាត់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ចំរើន វណ្ណ​ថា​៕
 
 

Tag:
 វប្បធម៌​
  សិល្បៈ​
  និពន្ធ​
  ចម្រៀង​
  ទេពកោសល្យ​
© រក្សាសិទ្ធិដោយ thmeythmey.com