យុវតី ឈី សុគន្ធ​ទេវី ប្តេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​សង្គម តាមរយៈ​បច្ចេកវិទ្យា​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវតី ឈី សុគន្ធ​ទេវី ប្តេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​សង្គម តាមរយៈ​បច្ចេកវិទ្យា​
13, Jun 2020 , 3:59 pm        
រូបភាព
​កញ្ញា ឈី សុគន្ធ​ទេវី ជា​ជា​សហ​ស្ថាបនិក​កម្មវិធី​ទូរ​សព្ទ​ដៃ E-Lab ដែល​ជួយ​ឲ្យ​សិស្ស​វិទ្យាល័យ បាន​ស្វែងយល់ និង​ពិសោធន៍​ជាក់ស្តែង​ពី​បាតុភូត​វិទ្យាសាស្ត្រ​នានា ដែល​ពួកគេ​បាន​រៀន​។ បច្ចុប្បន្ន ទេវី វ័យ​១៩​ឆ្នាំ គឺជា​និស្សិត​ឆ្នាំ​ទី​២ ជំនាញ​វិស្វកម្ម​កុំព្យូទ័រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​។ ដ្បិត​ទើប​មានបទពិសោធន៍​លើ​ការ​ដំណើរការ​កម្មវិធី​ទូ​សព្ទ​ដៃ E-Lab ក្នុង​រយៈពេល​ខ្លី ទេវី បាន​ប្តេជ្ញា​ប្រើប្រាស់​ចំណេះដឹង​ផ្នែក​វិទ្យា​ទាំង​អម្បាលម៉ាន​របស់ខ្លួន ជួយ​ដោះស្រាយ​បញ្ហា​សង្គម​នៅ​ថ្ងៃ​អនាគត​។

 
 
​នៅក្នុង​អំឡុងពេល​រៀន​នៅ​វិទ្យាល័យ យុវ​សិស្ស ឈី សុគន្ធ​ទេវី មាន​ក្តី​ស្រមៃ​ច្រើន ហើយក៏​ហាក់​ស្រពេចស្រពិល​នឹង​ចំណង់​ចំណូលចិត្ត​របស់ខ្លួន មិន​ខុសពី​សិស្ស​ដទៃ​នោះទេ​។ ទេវី ចង់​ក្លាយទៅជា​គ្រូពេទ្យ​ផង ជា​អ្នកបើក​យន្តហោះ និង​ពេលខ្លះ​សំឡឹង​ឃើញ​ការងារ​ជា​គណនេយ្យករ ឬ​បុគ្គលិក​នៅ​ធនាគារ​ផង​។ ដោយសារតែ​ភាពមិនប្រាកដប្រជា​ក្នុង​ចិត្ត​នេះឯង ទើប​នៅពេល​រៀន​ថ្នាក់​ទី​១១ សុគន្ធ​ទេវី បានសម្រេច​ចិត្ត​ចូលរួម​ក្នុង​កម្មវិធី​នានា ដើម្បី​ទទួលបាន​បទពិសោធន៍​ខ្លះ និង​ជាពិសេស​គឺ​ស្វែងយល់​ពី​ជម្រៅ​ចំណូលចិត្ត​របស់ខ្លួន​តែម្តង​។ នៅពេលនោះ គឺ​នៅ​ឆ្នាំ​២០១៨ ទេវី បាន​ចូលរួម​នៅក្នុង​កម្មវិធី Technovation ហើយ​ជា​កម្មវិធី​ដែល​ធ្វើ​ឲ្យ​យុវតី​សម្បុរ​ស្រអែម រូបរាង​ស្តើង កម្ពស់​ខ្ពស់​រូបនេះ រកឃើញ​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ នោះ​គឺ​វិស្វកម្ម​កុំព្យូទ័រ​។​
 
​មាន​វ័យ ១៩​ឆ្នាំ កញ្ញា ឈី សុគន្ធ​ទេវី រៀបរាប់​ញញឹម​ដូច្នេះ​៖«​ដំបូង​ឡើយ ខ្ញុំ​អត់​សូវ​ចាប់អារម្មណ៍​ជាមួយ​វា​ទេ​(​បច្ចេកវិទ្យា​)​។ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម សរសេរ​កម្មវិធី​ទូរ​សព្ទ​ដៃ​ដោយ​ខ្លួនឯង ខ្ញុំ​មាន​អារម្មណ៍ ថា​នេះហើយ​ជា​អ្វីដែល​ខ្ញុំ​ស្រឡាញ់ ហើយ​វា​អ្វីដែល​ខ្ញុំ​អាច​ប្រើប្រាស់​បាន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​»​។ 
 
 
​ 


 
​បើតាម ទេវី នៅក្នុង​កម្មវិធី Technovation នាង និង​សមាជិក​ក្រុម​៤​នាក់​ទៀត ត្រូវបាន​តម្រូវ​ឲ្យ​បង្កើត និង​សរសេរ​កម្មវិធី​ទូ​សព្ទ​ដៃ​មួយ ដែល​អាច​ផ្តល់​ជា​ដំណោះស្រាយ​មួយ នៅក្នុង​សង្គម​។ នៅពេលនោះ ក្រុម​របស់​នាង​បាន​បង្កើត​កម្មវិធី​ទូរ​សព្ទ​ដៃ E-Lab ដែលជា​កម្មវិធី ជួយ​ឲ្យ​សិស្ស​វិទ្យាល័យ បាន​ស្វែងយល់​កាន់តែច្បាស់ និង​ឃើញជាក់ស្តែង​ពី​បាតុភូត​វិទ្យាសាស្ត្រ​នានា​ដែល​ពួកគេ​បាន​រៀន ជាជាង​បានដឹង​តែ​ទ្រឹស្តី​។ កម្មវិធី​ទូរ​សព្ទ​ដៃ E-Lab​នេះ ក៏បាន​ធ្វើ​ឲ្យ​យុវតី សុគន្ធ​ទេវី ជាប់​ជា​ជ័យលាភី​ពានរង្វាន់​ពន្លក​ថ្មី (Girl Innovator Award) ប្រចាំឆ្នាំ​២០១៩ នៅក្នុង​កម្មវិធី​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា ដែល​រៀបចំ​ដោយ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​ផងដែរ​។​
 
​សហ​ស្ថាបនិក E-Lab រូបនេះ​អះអាងថា​នឹង​បន្ត​អភិវឌ្ឍន៍​កម្មវិធី​ទូរ​សព្ទ​ដៃ​មួយ​នេះ ឲ្យ​កាន់តែ​ងាយស្រួល​ប្រើប្រាស់ និង​ផ្តល់​ចំណេះដឹង​កាន់តែ​សម្បូរបែប​ជាង​មុន​។​
 
 
​ពេល​ក្មេងស្រី ហ៊ាន​បញ្ចេញ​គំនិត និង​សមត្ថភាព នោះគេ​នឹង​អាចជួយ​សង្គម​បាន​
 
​កញ្ញា ឈី សុគន្ធ​ទេវី គឺជា​អ្នក​ភ្នំពេញ និង​មាន​បងប្អូន​២​នាក់​។ បច្ចុប្បន្ន នាង​គឺជា​និស្សិត​ឆ្នាំ​ទី​២ ជំនាញ​វិស្វកម្ម​កុំព្យូទ័រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​។  ដើមឡើយ យុវតី​វ័យ​១៩​ឆ្នាំ​រូបនេះ មិន​ជឿថា​ក្មេងស្រី ឬ​សិស្ស​វិទ្យាល័យ អាចធ្វើ​អ្វី​បាន​ដើម្បី​ជួយ​ដល់​សង្គម​នោះទេ​។ ប៉ុន្តែ​នៅពេល​នាង​ចូលរួម​ក្នុង​កម្មវិធី Technovation ជំនឿ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​។ កញ្ញា ឈី សុគន្ធ​ទេវី ពន្យល់​ដូច្នេះ​៖«​គេ​គិតថា ក្មេងស្រី ឬ​សិស្ស​វិទ្យាល័យ មិនអាច​ធ្វើ​អ្វី​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ទេ ប៉ុន្តែ​ពួក​ខ្ញុំ​បានធ្វើ​អ្វីមួយ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​។ ហើយ​ខ្ញុំ​ជឿជាក់ថា ប្អូនៗ​ជំនាន់​ក្រោយ ឬ​សិស្ស​ច្បង ក៏​គាត់​អាច​ធ្វើបាន​ដូចគ្នា ឲ្យ​តែ​គាត់​អត់​ខ្លាច​នៅក្នុង​ការបញ្ចេញ​សមត្ថភាព និង​គំនិត​របស់គាត់​»​។​
 
​ 


 
​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ទាមទា​ឲ្យ​កម្ពុជា រឹងរឹតតែ​ត្រូវការ​ធនធានមនុស្ស​ដែលមាន​គុណភាព នៅក្នុង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍន៍​ទាំង​សេដ្ឋកិច្ច និង​សង្គមជាតិ​។ ដូចនេះ​ស្ត្រី ក្នុង​វិស័យ​បច្ចេកវិទ្យា នឹង​ដើរតួនាទី​កាន់តែ​សំខាន់​។ 
 
​ក៏ប៉ុន្តែ​នៅ​កម្ពុជា  ទេវី មើលឃើញថា ចំនួន​ស្ត្រី ដែល​កំពុងធ្វើការ​ផ្នែក​បច្ចេកវិទ្យា​នេះ នៅមានកម្រិត​នៅឡើយ បើ​ធៀប​នឹង​បុរស​។ និស្សិត វិស្វកម្ម​កុំព្យូទ័រ​រូបនេះ បាន​ប្តេជ្ញា​ប្រើប្រាស់​ចំណេះដឹង​បច្ចេកវិទ្យា​របស់ខ្លួន ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម ឬ​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​មនុស្ស​កាន់តែ​ងាយស្រួល​ផងដែរ ហើយ នាង ក៏​សង្ឃឹមថា ធនធាន​ស្ត្រី​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ទៅ​អនាគត នឹងមាន​កាន់តែច្រើន ហើយ​ស្ត្រី  នឹង​បាន​ចូលរួម​កាន់តែច្រើន ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម​។ ទន្ទឹមនឹងនេះ ស្ថាបនិក E-Lab រូបនេះ ក៏​លើកទឹកចិត្ត ស្ត្រី ឬ​យុវតី​ដទៃទៀត ឲ្យ​ហ៊ាន​ពុះពារ​ដើម្បី​អាចធ្វើ​អ្វី​ខ្លួន​ស្រឡាញ់​ដូច​នាង​អីចឹង​ដែរ​។ «​ស្ត្រី​នៅមាន​ចំនួន​តិច​នៅឡើយ​ដោយសារតែ​កត្តា​សង្គម​ជាដើម​។ គេ​គិតថា ជំនាញ​នេះ គឺ​មិនមែន​សម្រាប់​មនុស្ស​ស្រី តែ​ការពិតទៅ​ស្ត្រី​មួយចំនួន គឺ​ពូកែ​មែនទែន ហើយ​អ្នក​ដែល​សរសេរ​កម្មវិធី ដំបូង​គេ​បង្អស់​ក៏​ជា​មនុស្ស​ស្រី​ដូចគ្នា​។ អីចឹង​ខ្ញុំ ជឿជាក់ថា មនុស្ស​ស្រី​ជាច្រើន​ពូកែ​ដែរ​។ លើកទឹកចិត្ត កុំ​ខ្លា​ចនឹង​រៀន​អ្វីដែល​ខ្លួន​ស្រឡាញ់ ធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត​»​។ នេះ​ជាការ​លើកឡើង​របស់ កញ្ញា ឈី សុគន្ធ​ទេវី​៕
 

Tag:
 យុវជន​
 ​បច្ចេកវិទ្យា​
 ​ឈី សុគន្ធ​ទេវី​
© រក្សាសិទ្ធិដោយ thmeythmey.com