សង្គមអន្តរជាតិ​
អន្តរជាតិ
ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គំរាម​ចាត់វិធានការ​ប្រឆាំង​កូរ៉េខាងត្បូង​
14, Jun 2020 , 12:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​គំរាម​កូរ៉េខាងត្បូង​ជាថ្មី​នៅ​ថ្ងៃទី​១៣ ខែមិថុនា អមដោយ​ការព្រមាន​ចាត់វិធានការ​ប្រឆាំង​ប្រទេស​បងប្អូន​កូរ៉េ​មួយ​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោកស្រី គីម អះអាងថា កងទ័ព​កូរ៉េខាងជើង នឹង​កំណត់​ពី​ជំហាន​បន្ទាប់​ប្រឆាំង​កូរ៉េខាងត្បូង​ដែល​បំពាន​មេដឹកនាំ​កំពូល​របស់ខ្លួន​។ យ៉ាងណាមិញ ទីក្រុង​សេ​អ៊ូ​ល​ប្រាប់​ឲ្យ​ព្យុងយ៉ាង​គោរព​កិច្ចព្រមព្រៀង​ប្រទេស​ទាំងពីរ​។​

 
«​ខ្ញុំ​គិតថា វា​ដល់​ពេលដែល​ត្រូវ​ចែកផ្លូវ​ជាមួយ​អាជ្ញាធរ​កូរ៉េខាងជើង​។ យើង​នឹង​ចាត់វិធានការ​ឆាប់ៗ​នេះ​។​» នេះ​ជាការ​លើកឡើង​របស់លោក​ស្រី គីម យ៉ូ​ចុង អនុប្រធាន​ទីមួយ​នាយ​ក​ដ្ឋា​ន​នៃ​គណៈ​មជ្ឈិមបក្ស​ពលករ​កូរ៉េ និង​ជា​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA លោកស្រី គីម ដែល​ត្រូវបាន​មើលឃើញថា កំពុង​ចាត់ចែង​កិច្ចការ​ជាមួយ​កូរ៉េខាងត្បូង និយាយទៀតថា ដោយ​ទទួលបាន​អំណាច​ពី​មេដឹកនាំ​កំពូល បក្ស និង​រដ្ឋ លោកស្រី​បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ​ដែល​ទទួល​បន្ទុក​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង អនុវត្ត​វិធានការ​ដាច់ខាត​នេះ​។ លោកស្រី​បន្ថែមថា សិទ្ធិ​ក្នុងការ​អនុវត្ត​ចំណាត់ការ​បន្ទាប់​ត្រូវប្រគល់​ឲ្យ​នាយសេនាធិការ​កងទ័ព​ប្រជាជន​កូរ៉េ​។​
 
​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ មិនបាន​បញ្ជាក់​អ្វី​ឲ្យ​ច្បាស់​ពី​ជំហាន​បន្ទាប់​របស់​ទីក្រុង​ព្យុងយ៉ាង​ប្រឆាំង​សេ​អ៊ូ​ល​ឡើយ​។ ប៉ុន្តែ​គេ​ជឿថា ការិយាល័យ​កិច្ចការ​អន្តរ​កូរ៉េ​នៅឯ Kaesong ទំនងជា​គោលដៅ​របស់​កូរ៉េខាងជើង​។ ការិយាល័យ​នេះ ជា​កន្លែង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ ដែល​ត្រូវបាន​បង្កើត​ក្រោម​កិច្ចព្រមព្រៀង​រវាង​លោក គីម និង​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន អំឡុង​ពេលដែល​ទំនាក់ទំនង​បងប្អូន​កូរ៉េ​កក់ក្ដៅ​ខ្លាំង​ចាប់ពី​ឆ្នាំ​២០១៨ មក​។​
 
​សេចក្ដីថ្លែងការណ៍​រប​ស់លោក​ស្រី គីម គឺជា​សារ​ព្រមាន​មួយទៀត​របស់​កូរ៉េខាងជើង​ចំពោះ​កូរ៉េខាងត្បូង​ដែល​ចាប់ផ្ដើម​តាំងពី​សប្ដាហ៍​មុន​។ មួយ​ថ្ងៃមុន​លោកស្រី គីម មន្ត្រី​កូរ៉េខាងជើង​ម្នាក់​ក៏បាន​ចេញ​សារ​ព្រមាន​ទីក្រុង​សេ​អ៊ូ​ល និង​ថា ព្យុងយ៉ាង​អស់​ការទុកចិត្ត​លើ​សេ​អ៊ូ​ល ព្រោះ​អាជ្ញាធរ​កូរ៉េខាងត្បូង​បណ្ដែតបណ្ដោយ​ឲ្យ​ជនភៀសខ្លួន​កូរ៉េខាងជើង​បង្ហោះ​ខិ​ត្ត​បណ្ណ​ដែល​មានន័យ​ប្រមាថ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។ 
 
​មួយថ្ងៃ​ក្រោយ កូរ៉េខាងត្បូង បាន​ទទូច​ឲ្យ​កូរ៉េខាងជើង​គោរព​ការព្រមព្រៀង​របស់​មេដឹកនាំ​ទាំងពីរ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១៤ ខែមិថុនា ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​បញ្ជាក់ថា កូរ៉េ​ទាំងពីរ​គួរតែ​អនុវត្តតាម​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​ដែល​ចុះហត្ថលេខា​កន្លងមក​។ ក្រសួង​ដ​ដដែល​នេះ​បន្ថែមថា ទីក្រុង​សេ​អ៊ូ​ល​តាមដាន​ស្ថានការណ៍​បច្ចុប្បន្ន​យ៉ាង​ដិតដល់​បំផុត​៕ 
 
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  គីម យ៉ូ​ចុង
© រក្សាសិទ្ធិដោយ thmeythmey.com