សង្គមអន្តរជាតិ​
អន្តរជាតិ
មនុស្ស​១៩​នាក់​ស្លាប់ និង​ជាង​១៧០​នាក់​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​រថយន្ត​ដឹក​ហ្គាស​នៅ​ចិន​
14, Jun 2020 , 2:54 pm        
រូបភាព
ក្រុមពន្លត់អគ្គីភ័យកំពុងពន្លើតភ្លើងក្រោយហេតុការណ៍ផ្ទុះ។ រូបភាព Xinhua
ក្រុមពន្លត់អគ្គីភ័យកំពុងពន្លើតភ្លើងក្រោយហេតុការណ៍ផ្ទុះ។ រូបភាព Xinhua
​មនុស្ស​យ៉ាងហោចណាស់​១៩​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ផ្ទុះ​រថយន្ត​ដឹកនាំ​ហ្គាស​ក្នុង​ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន​។ ក្នុង​ហេតុការណ៍​ដែល​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា មនុស្ស​យ៉ាងហោចណាស់​១៧០​នាក់​ទៀត បាន​រងរបួស​។​

 
​ហេតុការណ៍​ផ្ទុះ​រថយន្ត​ដឹក​ហ្គាស បានកើត​ឡើង​នៅ​ភូមិ​មួយ​ក្នុង​ទីក្រុង​វិ​ន​លីង ខេត្ត​ជឺ​ជាំ​ង ភាគ​ខាងកើត​ចិន​លើ​កំណត់​ផ្លូវ​ល្បឿន​លឿន​ស៊ិន​យ៉ាង​-​ហៃ​ខូវ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ បន្ទាប់ពី​ផ្ទុះ​លើផ្លូវ រថយន្ត​ក៏​បន្ត​រុលចូល​អាគារ​ក្បែរ​នោះ ដែល​បណ្ដាល​ឲ្យ​មានការ​ដួលរលំ​ផ្ទះ និង​អាគារ​មួយចំនួនទៀត​។​
 
​អាជ្ញាធរ​ក្នុង​តំបន់​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៤ ខែមិថុនា ថា អ្នកស្លាប់​បាន​កើន​ដល់​១៩​នាក់ ហើយ​អ្នករបួស​មាន​១៧២​នាក់ ក្នុងនោះ​២៤​នាក់​របួសធ្ងន់​។ អភិបាលរង​ទីក្រុង​វិ​ន​លីង Zhu Minglian និយាយថា បុគ្គលិក​សង្គ្រោះ​ច្រើនជាង​២៦៦០​នាក់ កំពុង​ធ្វើ​ប្រតិបត្តិ​ការសង្គ្រោះ ដែល​អមដោយ​រថយន្ត​សង្គ្រោះ​១៥១​គ្រឿង ក៏ដូចជា​គ្រឿងចក្រ​ធុន​ធ្ងន់ និង​គ្រឿង​បរិក្ខារ​ជាង​៣០​មុខ​ទៀត​។​
 
​អភិបាលរង​ដដែល​នេះ បញ្ជាក់ថា បុគ្គលិក​សុខាភិបាល​ច្រើនជាង​៦៣០​នាក់ ត្រូវបាន​កោះហៅ​ដើម្បី​ព្យាបាល​អ្នករងគ្រោះ ខណៈ​អាជ្ញាធរ​ក៏បាន​ត្រួតពិនិត្យ​កម្រិត​បំពុល​ខ្យល់​ដែល​កើតចេញពី​ហេតុការណ៍​នេះដែរ ប៉ុន្តែ​មិនមាន​ការបំពុល​អ្វី​ទេ​។ 
 
​ខណៈ​ការសង្គ្រោះ​កំពុង​ធ្វើ អាជ្ញាធរ​ចិន​ក៏​បើក​ការស៊ើបអង្កេត​លើ​ករណី​ផ្ទុះ​នេះដែរ​៕  

Tag:
 ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com