អន្តរជាតិ
មេធាវី​តំណាង​ហ្គំ​ប៊ី​ស្នើ Facebook បញ្ចេញ​ឯកសារ​និង​កិច្ចសន្ទនា​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​លើ​ការ​ធ្វើទុក្ខបុកម្នេញ​រ៉ូ​ហ៊ីង​យ៉ា​
14, Jun 2020 , 10:59 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ដោយ:
​ក្រុម​មេធាវី​តំណាង​ឲ្យ​ហ្គំ​ប៊ី បានស្នើ​ឲ្យ​ក្រុមហ៊ុន Facebook បញ្ចេញ​ឯកសារ​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​មី​យ៉ាន់​ម៉ា ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ រា​ខាន របស់​មី​យ៉ាន់​ម៉ា​។ នេះ គឺជា​បេសកកម្ម​មួយ​ថ្មី​របស់​ក្រុម​ដើមបណ្តឹង​ក្នុង​សំណុំរឿង វិបត្តិ​មនុស្សជាតិ​រ៉ូ​ហ៊ីង​យ៉ា ក្នុងការ​ប្រមូល​ភស្តុតាង​បន្ថែម​ដើម្បី​ដាក់បន្ទុក និង​ស្វែងរក​អ្នក​មក​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​។​

 
​តាមរយៈ​តុលាការ​ក្នុងស្រុក​របស់​អាមេរិក ក្រុម​មេធាវី​តំណាង​ឲ្យ ហ្គំ​ប៊ី នាពេល​ថ្មីៗ​នេះ បានស្នើ​ឲ្យ​ក្រុមហ៊ុន Facebook បញ្ចេញ​ក្រុម​ឯកសារ និង​កិច្ចសន្ទនា​ពាក់ព័ន្ធ​ទាំងអស់ ដែល​ផលិត និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​ទំព័រ Facebook របស់​កងកម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ ព័ត៌មាន Reuters​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ មុខសញ្ញា​កងកម្លាំង​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា ដែល​ក្រុម​មេធាវី​បានស្នើ​នោះ មាន​គណនី​ចំនួន ២០ ដែល​របស់​មន្ត្រី និង​ស្ថាប័ន​របស់​មី​យ៉ាន់​ម៉ា​។ គណនី​របស់​អគ្គមេបញ្ជាកា​រ​កងទ័ព​មី​យ៉ាន់​ម៉ា លោក មិន អ៊ុង​ឡាំង ក៏មាន​រាប់បញ្ចូល​ក្នុង​សំណើ​បញ្ចេញ​ឯកសារ​ផងដែរ​។ ជុំវិញ​សំណើ​នេះ ក្រុមហ៊ុន Facebook មិនទាន់​អាច​ធានាបាន​ក្នុងការ​បញ្ចេញ​ឯកសារ​នៅឡើយ​នោះទេ ដោយ​អះអាងថា ត្រូវ​ត្រួតពិនិត្យ​ពី​លក្ខខណ្ឌ​ផ្នែក​ច្បាប់​ជាមុនសិន​។​
 
​គួរ​រម្លឹក​បន្តិច​ថា នៅ​ចុងឆ្នាំ​២០១៩​កន្លងទៅ រដ្ឋ​អាហ្វ្រិក​ខាងលិច​ហ្គំ​ប៊ី ដែលមាន​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម​នៅ​ពីក្រោយ  បាន​ប្ដឹង​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ពីបទ​បំពាន​អនុសញ្ញា​ឆ្នាំ​១៩៤៨​ស្ដីពី​ការ​ប្រល័យពូជសាសន៍​ជុំវិញ​ករណី​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ បណ្តឹង​នេះ មាន​គោលដៅ​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ឈប់​សកម្មភាព​ពាក់​ព័ន្ធ​លើ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា និង​ស្វែង​ក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ផងដែរ​។​
 
​ជា​លទ្ធផល​នៅ​ដើមឆ្នាំ​២០២០​កន្លងទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ បានចេញ​សេចក្តីសម្រេច​បង្គាប់បញ្ជា​ដំបូង​មួយ​ឲ្យ​មី​យ៉ាន់​ម៉ា​ត្រូវការពារ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​តាម​គ្រប់​មធ្យោបាយ​ក្នុង​រដ្ឋអំណាច​ខ្លួន​, ធានា​មិន​ឲ្យ​មាន​សកម្មភាព​មាន​ច​រិ​ក​លក្ខណៈ​ប្រល័យពូជសាសន៍​របស់​យោធា​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​, ធានា​មិន​ឲ្យ​បាត់ បង់​នូវ​វត្ថុតាង​ដែល​ប្រព្រឹត្តឡើង​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ធ្វើការ​របាយការណ៍​ជាប្រចាំ​ពី​វ​ឌ្ឍ​នា​ភាព​ក្នុង​តំបន់​មាន​បញ្ហា​។​
 
​ដោយឡែក​សម្រាប់​ការចោទប្រកាន់​លើ​អ្នកពាក់ព័ន្ធ ឬ​អ្នក​ពីក្រោយ​ខ្នង​នៃ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​មិនទាន់​កំណត់​នៅឡើយ​នោះទេ ដ្បិត​សំណុំ​រឿងនេះ ក៏​ស្ថិតក្នុង​នីតិវិធី​តតាំង​គ្នា​នៅឡើយ​។ ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​ហ្គំ​ប៊ី ត្រូវ​បន្តការងារ​របស់ខ្លួន ក្នុងការ​ប្រមែប្រមូល​ភស្តុតាង​ដើម្បី​ដាក់បន្ទុក​ទៅលើ​អ្នក​ដែលមាន​ការទទួលខុសត្រូវ​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ផ្ទុះឡើង​តាំងពី​ឆ្នាំ​២០១៧ និង​មិនទាន់មាន​ពន្លឺយុត្តិធម៌ ក៏ដូចជា​ដំណោះស្រាយ​សមរម្យ​សម្រាប់​ជនរងគ្រោះ​៕ 
 

Tag:
 ហ្គំ​ប៊ី​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com