COVID-19
អន្តរជាតិ
ប៉េកាំង គ្រោង​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​មាន​ករណី​ឆ្លង​COVID-19 កើនឡើង​ថ្មី​
15, Jun 2020 , 9:57 am        
រូបភាព
សន្តិសុខ វាស់កម្តៅប្រជាជនមកផ្សារ Xinfadi។​ រូបភាព៖ AFP
សន្តិសុខ វាស់កម្តៅប្រជាជនមកផ្សារ Xinfadi។​ រូបភាព៖ AFP
​អាជ្ញាធរ​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៤ ខែមិថុនា បានគ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ចិន​ជាច្រើន​ម៉ឺន​នាក់ ដើម្បី​ពិនិត្យ​រកមើល​ជំងឺ​រលា​ក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19)​។ គម្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ជាច្រើន​នាក់​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល​ក្រុង​ប៉េកាំង បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​កើនឡើង​ជាថ្មី​។


​ក្នុង​ថ្ងៃទី​១៤ ខែមិថុនា អាជ្ញាធរ​សុខាភិបាល​ចិន បាន​រាយការណ៍​ថា ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៣៦​ករណី នៅក្នុង​ទីក្រុង​ប៉េកាំង​, ៣​ករណី នៅ​ខេត្ត​ផ្សេងទៀត និង ១៩​ករណី គឺជា​អ្នក​ដែល​ត្រលប់​មកពី​បរទេស​។ 
 
​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ប៉េកាំង​នេះ អាជ្ញាធរ​ចិន បាន​អះអាងថា គឺ​ទាក់ទង​នឹង​ផ្សារ Xinfadi ទាំងអស់​។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​ចិន​មានការ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​វា​អាចធ្វើ​ឲ្យ​ប្រទេសមួយ​នេះ ផ្ទុះ COVID-19 សារជាថ្មី​។ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19 មន្ត្រី​ចិន បាន​លើកឡើងថា ពួកគេ បានគ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ចំនួន ៤៦០០០​នាក់ នៅក្នុង​តំបន់​ជុំវិញ​ផ្សារ​។ ស្ថានីយ​ធ្វើតេស្ត​COVID-19 ចំនួន ២៤ ក៏ត្រូវ​បាន​គេ​រៀបចំ​រួចរាល់​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​តាមរយៈ​ការសង្កេត​របស់​អាជ្ញាធ​រ បន្ទាប់ពី​មាន​ករណី​ឆ្លង​ជាច្រើន​ករណីនេះ វីរុស​ថ្មី​នេះ ត្រូវបាន​គេ​រកឃើញ​មាន​នៅលើ​ជ្រុ​ញ​វះ​សាច់​ត្រី​សាម៉ុន​។ អាជ្ញាធរ​ទីក្រុង​ប៉េកាំង ក៏បាន​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​សាច់​ក្លាសេ និង​សាច់​ស្រស់ បក្សី ត្រី នៅក្នុង​ផ្សារ​ទំនើប កន្លែង​ស្តុក និង​កន្លែង​សម្រាប់​ដាក់​សាច់​ជាដើម​។  
 
​សូមបញ្ជាក់ថា ចិន​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៨៣១៨១​ករណី អ្នកស្លាប់ ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៧៨៣៧០​នាក់​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com