រថយន្ត
អន្តរជាតិ
អេ​ស្ប៉ា​ញ​គ្រោង​៤.២​ពាន់​លាន​ដុល្លារ​ដើម្បី​ស្រោចស្រង់​ឧស្សាហកម្ម​យានយន្ត​
15, Jun 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
​អេ​ស្ប៉ា​ញ​ដែល​ប្រទេស​ផលិត​រថយន្ត​លំដាប់​ទី​ពីរ​នៅ​អឺរ៉ុប បន្ទាប់ពី​អាល្លឺម៉ង់ ត្រៀម​កញ្ចប់​ថវិកា​ចំនួន​៤.២​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សង្គ្រោះ​ឧស្សាហកម្ម​យានយន្ត ដែល​រងគ្រោះ​ដោយសារ Covid-19 នា​រយៈពេល​កន្លះ​ឆ្នាំកន្លងមក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Bloomberg​។​

 
​តាមរយៈ​សុន្ទរកថា​មួយ​នៅ​ក្រុង​ម៉ា​ឌ្រី​ត កាលពី​ថ្ងៃ​ចន្ទ លោកនាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Pedro Sanchez បានប្រកាស​ពី​ការទម្លាក់​កញ្ចប់​ថវិកា​៤.២​ពាន់​លាន​ដុល្លារ សម្រាប់​កំណែទម្រង់ លើ​ការវិនិយោគ ក៏ដូចជា​នីតិវិធី​ផ្នែក​ពន្ធដារ​ជាដើម ក្នុង​គោលដៅ​សង្គ្រោះ​វិស័យ​យានយន្ត​។​
 
​ផលិតកម្ម​រថយន្ត​នៅ​អេ​ស្ប៉ា​ញ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥​លើ​ការនាំចេញ ប៉ុន្តែ​ត្រូវបាន​រាំងស្ទះ​ដោយសារ Covid-19 ជាពិសេស​បម្រាម​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​លើ​ការធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​សាកល​នេះ​។​
 
CIE Automotive SA និង Gestamp Automocion SA ដែល​ស្ថិតនៅក្នុង​ក្រុង​ម៉ា​ឌ្រី​ត ជា​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​ដ៏​ធំ​បំផុត​នៅ​អេ​ស្ប៉ា​ញ​។ បើទោះបីជា​មិនមាន​ក្រុមហ៊ុន​ក្នុងស្រុក ប៉ុន្តែ​ក្រុមហ៊ុន​បរទេស​ធំៗ បាន​ឈរជើង​យ៉ាងរឹងមាំ ក្នុង​ឧស្សាហកម្ម​យានយន្ត​នៅ​អេ​ស្ប៉ា​ញ​កន្លងមក ដែល​ក្នុងនោះ​រួមមាន Volkswagen AG, PSA Group, Renault SA និង Ford Motor Co. ជាដើម ខណៈ Nissan Motor Co. បានប្រកាស​ពី​ការបិទ​ដំណើរការ​រោងចក្រ​របស់ខ្លួន​នៅ​បា​សេ​ឡូ​ណា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com