រថយន្ត
អន្តរជាតិ
អេស្ប៉ាញគ្រោង៤.២ពាន់លានដុល្លារដើម្បីស្រោចស្រង់ឧស្សាហកម្មយានយន្ត
× អេស្ប៉ាញដែលប្រទេសផលិតរថយន្តលំដាប់ទីពីរនៅអឺរ៉ុប បន្ទាប់ពីអាល្លឺម៉ង់ ត្រៀមកញ្ចប់ថវិកាចំនួន៤.២ពាន់លានដុល្លារអាមេរិក ដើម្បីសង្គ្រោះឧស្សាហកម្មយានយន្ត ដែលរងគ្រោះដោយសារ Covid-19 នារយៈពេលកន្លះឆ្នាំកន្លងមក។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Bloomberg។
តាមរយៈសុន្ទរកថាមួយនៅក្រុងម៉ាឌ្រីត កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez បានប្រកាសពីការទម្លាក់កញ្ចប់ថវិកា៤.២ពាន់លានដុល្លារ សម្រាប់កំណែទម្រង់ លើការវិនិយោគ ក៏ដូចជានីតិវិធីផ្នែកពន្ធដារជាដើម ក្នុងគោលដៅសង្គ្រោះវិស័យយានយន្ត។
ផលិតកម្មរថយន្តនៅអេស្ប៉ាញ ស្ថិតនៅចំណាត់ថ្នាក់ទី៥លើការនាំចេញ ប៉ុន្តែត្រូវបានរាំងស្ទះដោយសារ Covid-19 ជាពិសេសបម្រាមដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺឆ្លងសាកលនេះ។
CIE Automotive SA និង Gestamp Automocion SA ដែលស្ថិតនៅក្នុងក្រុងម៉ាឌ្រីត ជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដ៏ធំបំផុតនៅអេស្ប៉ាញ។ បើទោះបីជាមិនមានក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែក្រុមហ៊ុនបរទេសធំៗ បានឈរជើងយ៉ាងរឹងមាំ ក្នុងឧស្សាហកម្មយានយន្តនៅអេស្ប៉ាញកន្លងមក ដែលក្នុងនោះរួមមាន Volkswagen AG, PSA Group, Renault SA និង Ford Motor Co. ជាដើម ខណៈ Nissan Motor Co. បានប្រកាសពីការបិទដំណើរការរោងចក្ររបស់ខ្លួននៅបាសេឡូណា៕
© រក្សាសិទ្ធិដោយ thmeythmey.com