ជាតិ
សុខភាព
ការប្រើផលិតផលធ្វើឲ្យស្បែកឆាប់ស ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត!
× ភ្នំពេញ៖ ការប្រើប្រាស់ផលិតផលមានជាតិកាត់ស្បែកដែលធ្វើឱ្យឆាប់ស អាចធ្វើឱ្យស្បែកជួបបញ្ហារបក, រលាក, ស្បែកស្ដើង, ស្ងួត, ជ្រួញ, ស្បែកឡើងពពាល, ឡើងកន្ទួល និងឡើងសង្វារជាដើម។ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសសើស្បែក និងឡេសឺរ បានឱ្យដឹងថា ការប្រើប្រាស់ផលិតផលកាត់ស្បែកនេះ វាអាចមានគ្រោះថ្នាក់ដល់សុខភាព ឬបាត់បង់ជីវិត បើសិនជាកម្រិតនៃការរលាកធ្ងន់ធ្ងរដោយសារទំហំនៃការប្រើប្រាស់ច្រើនពេក។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមន៍គ្រូពេទ្យសើស្បែក ដូចតទៅ៖
បើតាមលោកវេជ្ជបណ្ឌិតឯកទេសសើស្បែក និងឡេសឺរ ចាន់ វិចិត្រ អ្នកប្រើប្រាស់ផលិតផលធ្វើឱ្យស្បែកស ពេញចិត្តនឹងផលដែលទទួលបានយ៉ាងឆាប់រហ័ស ប៉ុន្តែ ស្បែកសបានពីការប្រើប្រាស់ផលិតផលជាតិកាត់នេះ ជាសញ្ញាបង្ហាញថាស្បែកស្ដើង និងប្រឈមនឹងជំងឺមហារីកស្បែកជាងមនុស្សទូទៅ។
លោកវេជ្ជបណ្ឌិតរៀបរាប់ដូច្នេះថា៖«ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ ហើយធ្វើឱ្យមហារីកស្បែកមិនមែនមានន័យថា ផលិតផលហ្នឹងប្រើទៅឱ្យកើតមហារីកស្បែកទេ គឺផលិតផលហ្នឹងប្រើទៅធ្វើឱ្យស្បែកយើងសឹក, ស្បែកខូច និងស្បែកស្ដើង»។ ដូច្នេះ នៅពេលដែលយើងត្រូវនឹងកម្ដៅថ្ងៃ និងប្រើប្រាស់សារធាតុគីមីមួយចំនួន គឺស្បែកយើងគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់ដូចស្បែកគេធម្មតាទេ ដែលជាហេតុនាំឲ្យស្បែកកើតមហារីក។
លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានណែនាំថា ការប្រើប្រាស់ផលិតផលដើម្បីឱ្យមានសុវត្ថិភាព អ្នកប្រើគួរជ្រើសរើសផលិតផលត្រូវតាមប្រភេទស្បែក និងជ្រើសរើសផលិតផលជាប្រភេទជំនួសស្បែក មិនមែនជាផលិតធ្វើឱ្យឆាប់ស ព្រោះផលិតដែលត្រឹមត្រូវមិនធ្វើឱ្យស្បែកសនោះទេ៕
Tag:
ផលិតផល
មហារីកស្បែក
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com