ជាតិ
សេដ្ឋកិច្ច
មន្រ្តី រំពឹងថា ការវិនិយោគនៅព្រះសីហនុ នឹងងើបឡើងវិញ ក្រោយការវិលត្រឡប់របស់អ្នកវិនិយោគចិន
15, Jun 2020 , 5:57 pm        
រូបភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ៖ ជនជាតិចិនជាង១ពាន់នាក់ បានត្រឡប់ទៅខេត្តព្រះសីហនុ តាមជើងហោះហើរត្រង់ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ដល់១៣មិថុនា ដោយក្នុងចំណោមពួកគេ ភាគច្រើនជាអ្នកវិនិយោគនិងអ្នកធ្វើការ។ នេះបើតាមការអះអាងរបស់លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ ដោយបង្ហាញក្តីរំពឹងថា វត្តមានរបស់អ្នកវិនិយោគចិនទាំងនោះ អាចនឹងធ្វើឲ្យស្ថានភាពវិនិយោគនៅខេត្តព្រះសីហនុ ប្រែប្រួលឬដំណើរឡើងវិញ។



លោក ឃាង ភារម្យ ប្រាប់សារព័ត៌មាថ្មីៗ តាមទូរស័ព្ទនៅថ្ងៃ១៥ មិថុនានេះថា រាល់ជនបរទេសទាំងអស់ ដែលទៅដល់ខេត្តព្រះសីហនុ សុទ្ធតែឆ្លងកាត់ការធ្វើតេស្តរកកូវីដ-១៩ រួមទាំងការធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តលើកទី២បន្ថែមទៀតផង។ លោក ថ្លែងថា៖ «ការត្រឡប់របស់អ្នកវិនិយោគ [ចិន] ពេលនេះ ខ្ញុំសង្ឃឹមនិងមើលឃើញពីភាពវិជ្ជាមាននៃវិស័យទេសចរណ៍និងឧស្សាហកម្មនឹងងើបឡើងវិញ បន្ទាប់ពីបញ្ចប់វិធានការនៃការដាក់ចត្តាឡីស័ក [លើពួកគេ]»។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន លើកឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពខេត្តព្រះសីហនុ នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៩ មិថុនា ថា បច្ចុប្បន្នជនជាតិចិនជាង១,៥ម៉ឺននាក់ កំពុងរស់នៅខេត្តព្រះសីហនុ។ លោក អះអាងថា កាលពីកូវីដ-១៩ មិនទាន់ផ្ទុះឡើង ជនជាតិចិនប្រមាណ២ម៉ឺននាក់ បានរស់និងដើរកម្សាន្តនៅខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១០កន្លែង ដែលឥឡូវ កំពុងដំណើងការ៤កន្លែង។ ដោយឡែកកន្លែងផ្សេងទៀត កំពុងដំណើរការសាងសង់និងកន្លែងខ្លះបានផ្អាកសកម្មភាព បន្ទាប់ផ្ទុះជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ ដោយបន្ថែមថា ស្ថានភាពហាងទំនិញ ផ្សារ ផ្ទះសំណាក់ គឺដំណើរការធម្មតា៕

Tag:
 ព្រះសីហនុ
  អ្នកវិនិយោគចិន
© រក្សាសិទ្ធិដោយ thmeythmey.com