សង្គមអន្តរជាតិ​
អន្តរជាតិ
ទាហាន​ឥណ្ឌា កើន​ដល់​២០​នាក់​បាន​បាត់​បង់ជីវិត​ក្នុងការ​ប៉ះទង្គិច​តាម​ព្រំដែន​ជាមួយ​ចិន​
17, Jun 2020 , 11:30 am        
រូបភាព
ទាហានឥណ្ឌា (ខាងឆ្វេង) និងទាហានចិន។ រូបភាព៖ Twitter, 24 News HD
ទាហានឥណ្ឌា (ខាងឆ្វេង) និងទាហានចិន។ រូបភាព៖ Twitter, 24 News HD
​ទាហាន​ឥណ្ឌា យ៉ាងហោចណាស់ ២០​នាក់​បាន​បាត់​បង់ជីវិត ដោយសារតែ​ករណី​ប៉ះទង្គិច​គ្នា​រវាង​ចិន និង​ឥណ្ឌា នៅតាម​ព្រំដែន នៅ​ថ្ងៃទី​១៥ ខែមិថុនា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ថ្មី​របស់​យោធា​ឥណ្ឌា នា​ថ្ងៃទី​១៦ ខែមិថុនា​។


​បន្ទាប់ពី​អះអាងថា​ទាហាន​ខ្លួន​ស្លាប់​ចំនួន ៣​នាក់ យោធា​ឥណ្ឌា បានចេញ​សេចក្តីថ្លែងការណ៍​ថ្មី​មួយទៀត​ដោយ​ប្រកាសថា ទាហាន​ចំនួន​១៧​នាក់​ផ្សេងទៀត​ដែល​រងរបួស​ធ្ងន់​នៅក្នុង​ការប៉ះទង្គិចរ​វា​ង​កងទ័ព​ចិន និង​ឥណ្ឌា ក្នុង​តំបន់ Galwan Valley បានទទួល​មរណភាព​ហើយ​។ តួលេខ​សរុប​របស់​ទាហាន​ឥណ្ឌា មាន​ចំនួន ២០​នាក់​។ 
 
​ប្រភព​យោធា​ឥណ្ឌា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់ថា ករណី​ប៉ះទង្គិច​នៅ​តំបន់​ព្រំដែន Galwan Valley ដែល​ស្ថិតនៅ​ចន្លោះ​តំបន់​ទី​បេ​ប្រទេស​ចិន និង​តំបន់ Ladakh ប្រទេស​ឥណ្ឌា គឺជា​ការ​ប្រវាយប្រតប់​គ្នា​រវាង​ដៃ និង​ដៃ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ទាក់ទិន​នឹង​ការប៉ះទង្គិច​នេះ យោធា​ឥណ្ឌា បាន​អះអាងថា គឺ​បណ្តាល​ឲ្យ​មាន​ករណី​ស្លាប់​ភាគី​ទាំងសងខាង​។ ចំណែក​ក្រសួងការពារជាតិ​ចិន បាន​អះអាងថា ការប៉ះទង្គិច​នេះ គឺ​បណ្តាល​ឲ្យ​មាន​ទាហាន​ស្លាប់​មែន ប៉ុន្តែ មិនបាន​បញ្ចេញ​តួលេខ​ទាហាន​ស្លាប់​របស់ខ្លួន ឬ​ព័ត៌មាន​លំអិត​ជុំវិញ​បញ្ហា​នេះឡើយ​។ ករណី​ស្លាប់​ទាហាន​ឥណ្ឌា ២០​នាក់​នេះ គឺជា​តួលេខ​ដ៏​ច្រើន​បំផុត ក្នុង​រយៈពេល ៤​ទសរ​ត្ស​រ៍​ចុងក្រោយ​នៃ​ការប៉ះទង្គិច​គ្នា​រវាង​ចិន និង​ឥណ្ឌា​នៅតាម​ព្រំដែន​។ 
 
​ហេតុការណ៍ ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី​១៥ ខែមិថុនា​នេះ ចិន បាន​អះអាងថា ទាហាន​ឥណ្ឌា បាន​វាយប្រហារ​មកលើ​ទាហាន​ចិន​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ក្រ​សួ​ការបរទេស​ចិន លោក Zhao Lijian ទាហាន​ឥណ្ឌា​បាន​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ​ចំនួន​ពីរដង ដែល​នេះ​ជា​សកម្មភាព​សកម្មភាព​បង្កជម្លោះ និង​វាយប្រហារ​លើ​ទាហាន​ចិន​។ ដោយសារ​បញ្ហា​នេះ វា​បាន​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ធ្ងន់ធ្ងរ​ដាក់គ្នា​។ 
 
​ជាការ​ឆ្លើយតប​ទៅ​ភាគី​ចិន អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា បាន​តប​ថា ការប៉ះទង្គិច​នេះ កើតឡើង​ដោយសារតែ ភាគី​ចិន​ប៉ុនប៉ង​ជា​ឯកតោភាគី ចង់​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន (Status Quo) នៅតាម​ព្រំដែន​ប្រទេស​ទាំងពីរ​។ 
 
​ការប៉ះទង្គិច​តាម​ព្រំដែន​នេះ គឺ​ទំនងជា​កើតចេញពី​ការសាងសង់​ផ្លូវ​របស់​ឥណ្ឌា​នៅតាម​ព្រំដែន ក្នុង​តំបន់​ទន្លេ Galwan ដែល​ហូរ​ពី​តំបន់ Aksai Chin របស់​ចិន​មក​តំបន់ Ladakh របស់​ឥណ្ឌា ដែល​តំបន់​ទាំងនេះ​ស្ថិតក្នុង​តំបន់​កា​ស្មៀ​រទាំង​អស់​។ ចិន​បាន​ប្រឆាំង​ការសាងសង់​នេះ​ព្រោះ​នាំ​ឲ្យ​ឥណ្ឌា​មានប្រៀប​ក្នុងការ​ដឹកជញ្ជូន​យោធា ឬ​សព្វាវុធ​។ ភាព​តានតឹង​ក៏​ឡើងក​ម្ដៅ​ខ្លាំង​បន្តិច​ម្ដងៗ​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ខែឧសភា កន្លងទៅ  ទាហាន​ឥណ្ឌា និង​ចិន ក៏បាន​ប៉ះទង្គិច​ជាមួយគ្នា​ដែរ តាមរយៈ​ប្រវាយប្រតប់​គ្នា និង​ការ​ចោល​ដុំថ្ម​ដាក់គ្នា ប៉ុន្តែ​បញ្ហា​នេះ បាន​បង្ក​ឲ្យ​ភាគី​ទាំងពីរ​រងរបួស​តែប៉ុណ្ណោះ​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅក្នុង​តំបន់ Naku La ក្នុង​រដ្ឋ Sikkim៕

Tag:
 ​ឥណ្ឌា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com