សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូង រិះគន់​ប្អូនស្រី​លោក​គីម ជុង​អ៊ុន ដែល​ប្រើពាក្យ​មិន​សមរម្យ​ដាក់​លោក មូ​ន
17, Jun 2020 , 3:12 pm        
រូបភាព
លោកYoo Do-han មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងសាធារណៈវិមានប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព Yonhap
លោកYoo Do-han មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងសាធារណៈវិមានប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព Yonhap
ដោយ:
​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៧ ខែមិថុនា បាន​ថ្កោលទោស​លោកស្រី​គីម យូ​ច៉ុ​ង ប្អូនស្រី​លោក​គីម ជុង​អ៊ុន ដែល​ប្រើ​ពាក្យសម្ដី​មិនសូវ​សមរម្យ​ដាក់​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន​។ ខណៈដែល​កូរ៉េខាងជើង​បង្ករឿង​កាន់តែខ្លាំង ទីក្រុង​សេ​អ៊ូ​ល​សង្កត់ធ្ងន់ថា កូរ៉េខាងត្បូង​នឹងមិន​អត់អោន​ទៀតឡើយ​ចំពោះ​សកម្មភាព និង​ភាសា​មិន​សម​ហេតុផល​របស់​កូរ៉េខាងជើង​ទៀតឡើយ​។

 
«​វា​ជា​ទង្វើ​គ្មាន​ន័យ​ក្នុងការ​ទិតៀន ដែល​លើកឡើង​ជាមួយ​សំឡេង​មិន​សមរម្យ និង​មិន​យល់​ពី​គោលបំណង​អ្វី​ទាល់តែសោះ​»​។ នេះ​ជា​ការឡើង​របស់លោក​Yoo Do-han មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ទំនាក់ទំនង​សាធារណៈ​នៃ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae នៅ​ថ្ងៃទី​១៧ ខែមិថុនា ដោយ​សំដៅ​សេចក្ដីថ្លែងការណ៍​របស់​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន ។​
 
​ប្រតិកម្ម​របស់​កូរ៉េខាងត្បូង ទៅកាន់​លោកស្រី គីម យ៉ូ​ចុង នេះ​ធ្វើឡើង​បន្ទាប់ពី​លើក​ស្រី បាន​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​លោក មូ​ន ក្រោយ​លោក​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង កុំ​ដើរ​បញ្ច្រាស​ស្មារតី​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​ដែលមាន​ជា​ធរមាន​។ លោកស្រី គីម បាន​តប​ទៅនឹង​ការលើកឡើង​របស់លោក​មូ​ន ជាស​ម្តី​បោក​បញ្ឆោត​និង​គ្មាន​ការ​ខ្មាសអៀន​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Yoo បន្ថែមថា កូរ៉េខាងត្បូង និង​មិន​អត់អោន​អោយ​ទៀតឡើយ ចំពោះ​អាកប្បកិរិយា និង​សម្តី​គ្មាន​ការពិចារណា​របស់​កូរ៉េខាងជើង ព្រោះ​សកម្មភាព និង​សម្តី​ទាំងនោះ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ការទុកចិត្ត​គ្នា​រវាង​ថ្នាក់ដឹកនាំ​ទាំងសងខាង​។ លោក​បន្ថែមទៀតថា សកម្មភាព​បង្កហេតុ​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង​ប៉ុន្មាន​សប្តាហ៍​នេះ​នឹងមិន​ជួយ​កូរ៉េខាងជើង​ឡើយ ហើយ​កូរ៉េខាងជើង​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​។​
 
​លោក Yoo ក៏​បង្ហាញ​ការសោកស្តាយ​ផងដែរ​ចំពោះ​ការទម្លាយ​ព័ត៌មាន​ពី​សំណាក់​កូរ៉េខាងជើង ជុំវិញ​បំណង​ក្នុងការ​បញ្ជូន​បេសកជន​ពី​កូរ៉េខាងត្បូង ដោយ​និយាយថា​កូរ៉េខាងជើង​គួរ​ណាស់​តែមាន​របៀបរបប​ខ្លះ​ដែរ​។ មន្ត្រីជាន់ខ្ពស់​វិមាន Cheong Wa Dae សង្កត់ធ្ងន់ថា​៖ «​វា​ជា​រឿង​ដែល​មិន​ធ្លាប់មាន និង​ជា​ទង្វើ​គ្មាន​ហេតុផល ដែលមាន​ចេតនា​បំភ្លៃ​គោលបំណង នៃ​ការបញ្ជូន​បេសកជន​។​»
 
​សូមបញ្ជាក់ថា លោក មូ​ន កាលពី​ថ្ងៃទី​១៥ ខែមិថុនា បានស្នើ​បញ្ជូន ទីប្រឹក្សា​សន្តិសុខ​ជាតិ និង ប្រធាន​ចារកិច្ច ជា​អ្នក​បេសកជន​ពិសេស​ដើម្បី​ជជែក​ជាមួយ​កូរ៉េខាងជើង​។ ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​ច្រានចោល​ដោយ​លោកស្រី គីម  ចាត់ទុកជា​បំណង​មិន​សមរម្យ​។ ការចេញ​ពាក្យសម្តី​ឆ្លើយតប​ខ្លាំងៗ​របស់​កូរ៉េខាងត្បូង​លើក​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ប្រជុំ​បន្ទាន់​ជា មួយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដើម្បី​វិភាគ​លើ​សេចក្តី​ថ្លែង​ការ​របស់​កូរ៉េខាងជើង​៕
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com