អន្តរជាតិ
គណៈកម្មការ​ទន្លេមេគង្គ ស្នើ​ឲ្យ​ចិន​មាន​តម្លាភាព​បន្ថែម​លើ​ទិន្នន័យ​ពី​ទំនប់​វា​រី​អគ្គិសនី​ខ្លួន
17, Jun 2020 , 8:19 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​គណៈកម្មការ​ទន្លេមេគង្គ (MRC) បានស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​បង្ហាញ​តម្លាភាព​បន្ថែមទៀត​លើ​ប្រតិបត្តិការ​ទំនប់​វា​រី​អគ្គិសនី​លើ​ដង​ទន្លេមេគង្គ​ដែលជា​ទន្លេ​វែង​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។ សំណើ​នេះ​ធ្វើឡើង​ប៉ុន្មាន​ខែក្រោយ​ទឹកទន្លេ​មេគង្គ​ក្រោម​ធ្លាក់​ដល់​កម្រិត​ទាប ហើយ​គំរាម​ដល់​ជីវភាព​ពលរដ្ឋ​រាប់លាន​នាក់​ដែល​អាស្រ័យ​ផល​ដោយសារ​ទឹកទន្លេ​នេះ​។​

 
​ឡាវ ថៃ កម្ពុជា និង​វៀតណាម ដែលជា​ប្រទេស​មេគង្គ​ក្រោម គឺ​សុទ្ធតែ​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំមុន ខណៈ​លំហូរ​ទឹកទន្លេ​ធ្លាក់ចុះ​ទាប ដែល​ធ្វើ​ឲ្យ​មើលឃើញ​ផ្ទាំង​ថ្ម ត្រី​ងាប់ និង​ជីវភាព​ពលរដ្ឋ​រាប់លាន​នាក់​ប្រឈម​ហានិភ័យ​។ 
 
​ក៏ប៉ុន្តែ​នៅពេល​ជាមួយគ្នា ទំនប់​វា​រី​អគ្គិសនី​តាម​ដង​ទន្លេ ឡាន​ឆាង (​ដែលជា​ឈ្មោះ​ទន្លេមេគង្គ​ក្នុងប្រទេស​ចិន​) មាន​លំហូរ​ទឹកធម្មជាតិ​លើស​កម្រិត​មធ្យម​។ នេះ​បើតាម​រូបភាព​ផ្កាយរណប ដែល​ចុះផ្សាយ​កាលពី​មេសា​ឆ្នាំ​២០២០ ដោយ​អង្គការ Eyes on Earth របស់​សហរដ្ឋអាមេរិក​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៦ ខែមិថុនា គណៈកម្មការ​ទន្លេមេគង្គ (MRC) ដែល​ស្ថាប័ន​អន្តររដ្ឋាភិបាល​មួយ បញ្ជាក់ថា​៖«​លំហូរ​ទឹក​ទាប​ខ្លាំង​បំផុត បានបង្ហាញ​ពី​តម្រូវការ​សម្រាប់​ចិន​ចុះផ្សាយ​ទិន្នន័យ​ទាន់ពេល​ជុំវិញ​ទំនប់​វា​រី​អគ្គិសនី​ខ្លួន ដូច្នេះ​ប្រទេសជិតខាង​ខ្លួន អាច​ព្យាករ​លក្ខខណ្ឌ​អាក្រក់​»​។  
 
​ជា​សេចក្តីថ្លែងការណ៍​ដ៏​កម្រ​មួយ​ដែល​សំដៅត្រង់ៗ​ទៅកាន់​មហាអំណាច​តំបន់​ដែលជា​យក្ស​សេដ្ឋកិច្ច​ទី​២​នេះ អង្គការ​តំបន់​ទន្លេមេគង្គ​ដែលមាន​ប្រទេស​ជា​សមាជិក​៤ ដូចជា កម្ពុជា វៀតណាម ឡាវ និង​ថៃ បាន​ទទូច​ឲ្យ​ផ្ដល់​ទិន្នន័យ​ដែល​ប្រមូលបាន​ពេញ​មួយឆ្នាំ​ទាំងអស់ សម្រាប់​ប្រើ​ក្នុង​គោលដៅ​តាមដាន​និង​រាយការណ៍​ប្រកបដោយ​ប្រសិទ្ធភាព​លើ​គ្រោះទឹកជំនន់​និង​គ្រោះរាំងស្ងួត​។  
 
​គ្រោះ​ទឹក​ជំនាន់​និង​គ្រោះរាំងស្ងួត នៅតែ​ជា​បញ្ហា​ប្រឈម​ចម្បង​សម្រាប់​ទន្លេមេគង្គ ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៩ កម្រាស់​ជាង​១០០​ទំព័រ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែមិថុនា​។  ក្នុង​របាយការណ៍​ដដែល MRC សរសេរថា​៖«​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម (LMB) បាន​បង្ក​បាត់បង់​ផ្នែក​សេដ្ឋកិច្ច​ក្រាស់ក្រែល​ដោយសារតែ​ការបំផ្លាញ​ផលដំណាំ​កសិកម្ម ផលប៉ះពាល់​អវិជ្ជមាន​លើ​បរិស្ថាន និង​ឥទ្ធិពល​មិន​អំណោយផល​លើ​ជីវភាព​ប្រជាជន​»​។​
 
​ទន្លេមេគង្គ​ដែលជា​ទន្លេ​វែង​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ជា​ឆ្នាំងបាយ​សម្រាប់​មនុស្ស​៦០​លាន​នាក់ ដែល​រស់នៅ​តាម​ដង​ទន្លេ​នេះ​។ 
 
​គណៈកម្មការ​ទន្លេមេគង្គ (MRC) ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដើរតួនាទី​ជា​ស្ថាប័ន​ប្រឹក្សា​យោបល់​លើ​រឿង​ទំនប់​វា​រី​អគ្គិសនី​សម្រាប់​ប្រជាជាតិ​មេគង្គ​។ ក៏ប៉ុន្តែ​ស្ថាប័ន​នេះ ត្រូវបាន​រិះគន់ថា​«​គ្មាន​ចង្កូម​»​ក្នុងការ​បញ្ឈប់​គម្រោង​សង់​ទំនប់​វា​រី​អគ្គិសនី​លើ​ទន្លេមេគង្គ​ដែល​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​អាជីវកម្ម​ធំៗ​។  
 
​តួយ៉ាង ចិន បាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​១១​ទីតាំង​លើ​ផ្នែក​ទន្លេ​ខាង​ខ្លួន ខណៈ​បណ្ដា​ប្រទេស​ទន្លេមេគង្គ​ក្រោម រួមទាំង ប្រទេស ឡាវ កំពុងដំណើរការ​សាងសង់​ទំនប់​វា​រី​អគ្គិ​ស​នៅ ឬ​កំពុង​រៀបចំ​គម្រោង ដែល​ភាគច្រើន​គាំទ្រ​ដោយ​ក្រុមហ៊ុន​ចិន​។ សកម្មភាព​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ឥត​ដាច់​ក្នុងប្រទេស​ចិន ក៏ដូចជា​ក្នុងប្រទេស​ឡាវ បង្កក្តី​បារម្ភ​ចំពោះ​សហរដ្ឋអាមេរិក ដែល​ប្រកួតប្រជែង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ក្រុង​ប៉េកាំង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​កាលពី​ឆ្នាំមុន រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ  បាន​ព្រមាន​ថា ចិន​គ្រប់គ្រង​ផ្ដាច់មុខ​លើ​លំហូរ​ទឹក​ផ្នែក​ខាងក្រោម​របស់​ទន្លេមេគង្គ​។ យ៉ាងណាមិញ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជា​យូរ​មកហើយ ច្រានចោល​ទំនួល​ខុសត្រូវ​លើ​លំហូរ​ទឹក​ខ្សោយ​នៃ​ទន្លេមេគង្គ​ក្រោម​នេះ ហើយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី កាលពី​ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ចិន​បាន​រំដោះ​ទឹក​ច្រើន​បន្ថែមទៀត​តាម​សំណើ​របស់​ប្រទេស​ថៃ ដែល​ជួប​វិបត្តិ​រាំងស្ងួត​៕ 

Tag:
 ​ចិន​
  កម្ពុជា​
  ឡាវ​
  កម្ពុជា​
  វៀតណាម​
  ទន្លេមេគង្គ​
  MRC
© រក្សាសិទ្ធិដោយ thmeythmey.com