ចាប់ឆ្នោត AFC U19៖ កម្ពុជា ប៉ះម្ចាស់ផ្ទះអ៊ូសបេគីស្ថាន អ៊ីរ៉ង់ និងឥណ្ឌូណេស៊ី នៅពូល A
កីឡាជាតិ
ជាតិ
ចាប់ឆ្នោត AFC U19៖ កម្ពុជា ប៉ះម្ចាស់ផ្ទះអ៊ូសបេគីស្ថាន អ៊ីរ៉ង់ និងឥណ្ឌូណេស៊ី នៅពូល A
18, Jun 2020 , 3:50 pm        
រូបភាព
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC
 ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ ចាប់ឆ្នោត​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ និង​ឥណ្ឌូណេស៊ី នៅ​ពូ​ល A សម្រាប់​ការប្រកួត​ពានរង្វាន់ AFC U-19 Championship 2020​។ ការចាប់​ឆ្នោត​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នៅ​ប្រ​ទេ​ម៉ាឡេស៊ី នា​ថ្ងៃទី​១៨ ខែមិថុនា​។​



​ដោយឡែក​ពូ​ល​ដទៃទៀត រួមមាន​ពូ​ល B មាន​កូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ាក់ និង​បា​រ៉ែ​ន​។ ពូ​ល C មាន​អា​រ៉ា​ប៊ី​សា​អូឌីត អូស្ត្រាលី វៀតណាម និង​ឡាវ ខណៈពេល D មាន​កាតា តា​ហ្ស៊ី​គី​ស្ថាន ម៉ាឡេស៊ី និង​យ៉េ​មែន​។ ​តាម​គម្រោង សម្រាប់​ព្រឹត្តិការណ៍ AFC U19 Championship 2020 នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​នេះ នឹង​ចាប់ផ្តើម​ការប្រកួត​នៅក្នុង​ខែតុលា ឆ្នាំ​២០២០​។​
 
​សូមបញ្ជាក់ថា មុន​ឈាន​មកដល់​ការចាប់​ឆ្នោត​នេះ គឺ​បន្ទាប់ពី U19 កម្ពុជា បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​កាលពី​ឆ្នាំ​២០១៩ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​ក្នុង​ពូ​ល G ដែលមាន​ក្រុម​ចំនួន​៥ ដូចជា​កម្ពុជា ម៉​ឡេ​ស៊ី កោះ​ម៉ា​រី​យ៉ា ថៃ និង ព្រុយ​ណេ​។ 
 
​កាលនោះ ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ បាន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជម្រុះ​ពូ​ល G ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ម៉ាឡេស៊ី​ឈរ​កំពូល​តារាង​។ ដូច្នេះ​ក្នុង​ពូ​ល G នេះ​មាន​កម្ពុជា និង​ម៉ាឡេស៊ី​ដែល​ទទួលបាន​សិទ្ធិ​ទៅកាន់​វគ្គ​បន្ត​។
 
៤ក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ នឹងបានកៅអីស្វ័យប្រវត្តិទៅកាន់ World Cup ២០២១ ក្រោមអាយុ២១ឆ្នាំដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ។ ប្រសិនបើឥណ្ឌូណេស៊ីស្ថិតក្នុងចំណោម៤ក្រុមនេះ​ តម្រូវឲ្យក្រុមដែលចាញ់នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ត្រូវប្រជែងគ្នាម្តងទៀតដើម្បីយក១កៅអីទៀត ទៅកាន់ការប្រកួតបាល់ទាល់ពិភពលោក U21 នៅប្រទេសឥណ្ឌូណេស៊ី៕  

© រក្សាសិទ្ធិដោយ thmeythmey.com