ថវិកា ដែលទិញរថយន្តយោធា២៩០គ្រឿងពីចិន ជាការបរិច្ចាគរបស់សប្បុរសជន
ជាតិ
សង្គមជាតិ
ថវិកា ដែលទិញរថយន្តយោធា២៩០គ្រឿងពីចិន ជាការបរិច្ចាគរបស់សប្បុរសជន
18, Jun 2020 , 4:35 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើជាអធិបតីក្នុងពិធីប្រគល់រថយន្តយោធា២៩០គ្រឿង ដែលត្រូវបានទិញមកពីសាធារណរដ្ឋប្រជាមានិតចិន ទៅឲ្យកងយោធពលខេមភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។



លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីនោះថា រថយន្តទាំង២៩០គ្រឿង ជាអំណោយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនដល់កងយោធពលខេមរភូមិន្ទនិងនគរបាលជាតិ។ លោក អះអាងថា ថវិកា ដែលទិញរថយន្តទាំងនោះ គឺបានមកពីសប្បុរសជនក្នុងប្រទេស តាមរយៈការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី។ លោក បញ្ជាក់ដូច្នេះ៖«អត់មានបានប្រើថវិការដ្ឋមួយរៀលទេ..»។

មេបញ្ជាការកងទ័ពជើងគោក បំភ្លឺថា ថវិកា ដែលសប្បុរសជន បរិច្ចាគ សម្រាប់ទិញរថយន្តនោះ មិនពាក់ព័ន្ធនឹងថវិកា ដែលសប្បុរសជន បរិច្ចាគ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ។ លោក ថ្លែងដូច្នេះថា៖«យើង បានធ្វើការជាមួយសប្បុរសជន កុម្មង់ទិញតាំងពីពាក់កណ្តាលឆ្នាំ២០១៩...ជាងពាក់កណ្តាលឆ្នាំ មុនកូវីដ-១៩ផ្ទុះម្ល៉េះ...»។




លោក សរសេរលើទំព័រហ្វេសប៊ុកបន្ថែមថា ការចូលរួមបរិច្ចាគថវិកា ទិញរថយន្តនេះ ក៏ព្រោះតែសប្បុរសជនទាំងនោះ មានសមានចិត្ត ចង់លើកកម្ពស់ប្រសិទ្ធភាពនិងលទ្ធភាពរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ចបម្រើប្រទេសជាតិនិងប្រជាជន។

នៅលើទ្វារថយន្តទាំងនោះ មានសរសេរអក្សរថា «អំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»។




លោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ឡើយថា រថយន្តទាំង២៩០គ្រឿងនោះ ត្រូវចំណាយថវិកាអស់ប៉ុន្មាន។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា  លោកក៏«មិនទាន់ទទួលបានព័ត៌មានដែរថា ចំណាយអស់ថវិកាប៉ុន្មាន ក្នុងការទិញរថយន្តនេះ»។


ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នារសៀលថ្ងៃទី១៨ ខែមិថុនា លោកឧត្តមសេនីយ៍ទោ លើកឡើងថា រថយន្តទាំងអស់នោះ មាន២ប្រភេទ គឺកង់៦និងកង់១០។ មន្ត្រីជាន់ខ្ពស់យោធាបានរៀបរាប់បន្តថា ប្រភេទរថយន្តកង់៦ អាចផ្ទុកទម្ងន់ប្រមាណ១០តោន ហើយបើដាក់កងកម្លាំង បានប្រហែល២០នាក់ ចំណែកប្រភេទកង់១០ អាចដាក់របស់បានប្រមាណ២០តោន ហើយបើដាក់កងកម្លាំង អាចបាន៣០នាក់។




កាលពីថ្ងៃ១២ ខែមិថុនា អ្នកនាំពាក្យកងទ័ពជើងគោករូបនេះ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗម្តងរួចមកហើយថា ការទិញរថយន្តទាំងនោះ គឺដើម្បីយកមកប្រើប្រាស់ក្នុងវិស័យយោធា ដូចជាដឹកជញ្ជូនកងកម្លាំង និងពលរដ្ឋ ពេលមានគ្រោះអាសន្ន ជាដើម៕

Tag:
 រថយន្តយោធា
© រក្សាសិទ្ធិដោយ thmeythmey.com