COVID-19
អន្តរជាតិ
ជប៉ុន នឹង​បន្ធូរ​បម្រាម​ធ្វើដំណើរ​ជាមួយ​ថៃ វៀតណាម អូស្ដ្រាលី និង​នូ​វែ​ល​សេ​ឡង់​
19, Jun 2020 , 1:28 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (AFP)
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (AFP)
ដោយ:
​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ និយាយ​នៅ​ថ្ងៃទី​១៨ ខែមិថុនា​ថា ជប៉ុន​នឹង​ព​ន្លឿ​ន​កិច្ចពិភាក្សា​ដើម្បី​បន្ធូរ​បម្រាម​ធ្វើដំណើរ​ជាមួយ​វៀតណាម ថៃ អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។ ផែនការ​នេះ ធ្វើឡើង​ខណៈ​ក្រុង​តូ​ក្យូ​ផ្ដើម​ដើរចេញ​ជា​បណ្ដើរៗ​ពី​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ដែល​បានដាក់​ចេញ​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19​។​

 
​វិសាលភាព​នៃ​ការដកហូត​បម្រាម​ធ្វើដំណើរ​របស់​ជប៉ុន មិន​អនុវត្ត​ជាទូទៅ​ឡើយ​។ ពោលគឺ​មានតែ​ធុរជន​មកពី​បណ្ដា​ប្រទេស​ទាំង​៤​នេះ​ប៉ុណ្ណោះ ដែល​នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចូលមក​កាន់​ប្រទេស​ជប៉ុន ប៉ុន្តែ​ក៏​តម្រូវ​ឲ្យ​ស្របតាម​លក្ខខណ្ឌ​មួយ​ផងដែរ គឺ ពួកគេ​ត្រូវតែមាន​លទ្ធផល​តេស្ត COVID-19 អវិជ្ជមាន ហើយ​ត្រូវមាន​ទុក​ទិន្នន័យ GSP ពួកគេ​លើ​កម្មវិធី​ទូរ​សព្ទ​ឆ្លាត​វៃ​ដើម្បី​ជា​ជំនួយ​ដល់​ការតាមដាន (contact tracing) ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ។​
 
​បើ​ពិភាក្សា​ជោគជ័យ នេះ​នឹង​ក្លាយជា​ជំហាន​ដំបូង​ក្នុង​ការបើក​ដំណើរការ​ឡើងវិញ​នៃ​ការធ្វើដំណើរ​អន្តរជាតិ​របស់​ប្រទេស​ជប៉ុន​។ ថ្លែង​អំឡុង​ជំនួប​មួយ​នៅមុខ​ក្រុមការងារ​ឆ្លើយតប COVID-19 របស់​រដ្ឋាភិបាល​ជប៉ុន នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ អះអាងថា​៖«​ប្រទេស​ទាំង​៤ ត្រូវបាន​ជ្រើសរើស ព្រោះ​ពួកគេ​គ្រប់គ្រង​ស្ថានការណ៍ COVID-19 ជោគជ័យ​»​។ លោក​សង្កត់ធ្ងន់ថា ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​លើ​បណ្ដា​ប្រទេស​ដទៃ​នឹងត្រូវ​បន្ធូរបន្ថយ នាពេល​ក្រោយ​ទៀត​នៅពេល​ស្ថានការណ៍ COVID-19 ធូរស្រាល​កាន់តែខ្លាំង​។ 
 
​ទោះជា​យ៉ាងណា ការបន្ធូរបន្ថយ​បែបនេះ មិន​មានន័យថា អ្នកធ្វើដំណើរ​បរទេស​ទាំងអស់​ដែល​មកដល់​ជប៉ុន​ពី​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ថៃ ឬ​វៀតណាម នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ឡើយ​។ បើតាម​លោក អា​បេ មានតែ​ជនជាតិ​នៃ​ប្រទេស​ទាំង​៤​នោះ​ប៉ុណ្ណោះ​ដែល​អាចធ្វើ​ដំណើរ​ទៅមក​រវាង​ប្រទេស​កំណើត​ពួកគេ​និង​ប្រទេស​ជប៉ុន​បាន​។​
 
​បើតាម Kyodo ធុរជន បុគ្គលិក​បច្ចេកទេស និង​អ្នក​ដែល​ចូលរួម​កម្មវិធី​ហ្វឹកហាត់​បច្ចេកទេស​នានា នឹង​ទទួលបាន​ការអនុញ្ញាត ខណៈ​សិស្ស​ឬ​និស្សិត នឹងត្រូវ​រង់ចាំ​យូរ​ទៀត មុនពេល​ពួកគេ​អាច​ចូល​ប្រទេស​ជប៉ុន​វិញ ហើយ​ដូចគ្នា​សម្រាប់​ភ្ញៀវទេសចរ​ដែរ​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុន ដាក់​បម្រាម​ធ្វើដំណើរ​សម្រាប់​ប្រទេស​និង​តំបន់​ចំនួន​១១១ រួមមាន សហរដ្ឋអាមេរិក ហើយ​ភាគច្រើន​នៅ​តំបន់​អាស៊ី​មាន​ចិន​និង​កូរ៉េខាងត្បូង ក៏ដូចជា​តំបន់​អឺរ៉ុប​ទាំងមូល​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមិថុនា ជប៉ុន​មាន​ករណី​ឆ្លង​សរុប​១៧ ៦៦៨ ក្នុងនោះ​ជាសះស្បើយ ១៥៩៣០​នាក់​។ អ្នក​ស្លាប់មាន​៩៣៥​នាក់ ខណៈ​ករណី​ឆ្លង​នៅសល់​សរុប​មាន​៨០៣​ករណី​។ នេះ​បើតាម worldometers ៕ 
 

Tag:
 ជប៉ុន​
  វៀតណាម​
  អូស្ត្រាលី​
  នូ​វែ​ល​សេ​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com