COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់ រៀបចំ​ការិយាល័យ​សម្រាប់​ជួយ​អ្នកមាន​បំណង​ចាក​ចេញពី​ហុងកុង​
19, Jun 2020 , 3:12 pm        
រូបភាព
ពលរដ្ឋតៃវ៉ាន់ បង្ហាញការគាំទ្រដល់បាតុកម្មនៅហុងកុង។រូបភាពAFP
ពលរដ្ឋតៃវ៉ាន់ បង្ហាញការគាំទ្រដល់បាតុកម្មនៅហុងកុង។រូបភាពAFP
ដោយ:
​កោះ​តៃវ៉ាន់ នៅ​ថ្ងៃទី​១៨ ខែមិថុនា បាន​លើកឡើងថា ខ្លួន​នឹង​រៀបចំ​ការិយាល័យ​មួយ​សម្រាប់​ជួយ​អ្នក​ដែលមាន​បំណង​ចាក​ចេញពី​ហុងកុង ខណៈ​ចិន​កំពុងតែ​ព្យាយាម​បន្តឹង​ការគ្រប់គ្រង​លើ​ដែនដី​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​។ ជារឿយៗ តៃវ៉ាន់​តែង​បង្ហាញ​សមានចិត្ត​របស់ខ្លួន​ចំពោះ​ហុងកុង ពិសេស​សកម្មជន​ប្រជាធិបតេយ្យ​ដែល​ចង់​រត់គេច​ពី​ការ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​។

 
​ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​(MAC) ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​របស់​តៃវ៉ាន់​បាន​លើកឡើងថា ការិយាល័យ​ដែល​នឹង​បង្កើតឡើង​នៅពេល​ខាងមុខ មាន​គោលបំណង​ជាក់លាក់​មួយ ដោយ​ផ្តល់ជំនួយ​មនុ​ស្សធ​ម៍ និង​ការថែទាំ ចំពោះ​ពលរដ្ឋ​ដែលមាន​បំណង​ចាក​ចេញពី​ហុងកុង​។ ប៉ុន្តែ​ពលរដ្ឋ​ហុងកុង​ទាំងនោះ​ត្រូវគោរព​លក្ខខណ្ឌ​ជាមុន​ថា នឹង​ការពារ​សន្តិសុខ​ជាតិ​តៃវ៉ាន់​។​
 
​ការិយាល័យ​ថ្មី​នេះ នឹង​បង្កើន​សេវា​ដែលមាន​ស្រាប់​រួមមាន​អន្តោប្រវេសន៍ ទិដ្ឋាការ​សម្រាប់​ការងារ និង​ធ្វើការ​សម្រាប់​ពលរដ្ឋ​ហុងកុង និង​បង្ហាញ​ការគាំទ្រ​របស់​តៃវ៉ាន់​ទៅកាន់​ហុងកុង​លើ​បញ្ហា​ប្រជាធិបតេយ្យ សេរីភាព និង​សិទ្ធិមនុស្ស​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ការិយាល័យ​នេះ នឹង​ចាប់ផ្តើម​បើក​ដំណើរការ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ដែលជា​ខួប​អង់គ្លេស​បានប្រគល់​ហុង​កុង មក​ឲ្យ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ចិន​នៅ​ឆ្នាំ​១៩៩៧ ជាមួយនឹង​ការសន្យា​ថា នឹង​ផ្តល់​សេរីភាព​យ៉ាង​ទូលំទូលាយ ក្រោម​ការគ្រប់គ្រង​បែប​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។​
 
​គិត​មកដល់ពេលនេះ មាន​ពលរដ្ឋ​ហុងកុង​ជាង​២០០​នាក់​បាន​ចាក​ចេញមក​រស់នៅ​តៃវ៉ាន់​តាំងតែ​បាតុកម្ម​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន​។ ក្នុងនោះ មាន​១០​ភាគរយ​ទទួលបាន​ទិដ្ឋាការ​ក្រោម​ច្បាប់​ហុងកុង​ដែល​ការពារ​អ្នក​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​ហេតុផល​នយោបាយ​។ នេះ​ដោយ​យោងតាម​សមាគម​តៃវ៉ាន់​ដើម្បី​សិទ្ធិមនុស្ស​។​
 
​បើទោះជា​ការិយាល័យ នឹងត្រូវ​បើក​នាពេល​ខាង​ដ៏​ខ្លី​នេះ​ក្តី ក៏​គេ​ពុំទាន់​អាច​ឃើញ​មាន​មនុស្ស​ច្រើន​អាច​ចូល​តៃវ៉ាន់​ដែរ ត្បិត​អី​ដែន​កោះ​មួយ​នេះ​កំពុង​បិទ​ព្រំដែន​ដើម្បី​ការពារ​ជំងឺ​COVID-19​។ ក្រៅតែពី​នេះ​មន្ត្រី​រដ្ឋាភិបាល​តៃវ៉ាន់ ក៏​បង្ហាញ​ការបារម្ភ​ផងដែរ ថា​ខ្លួន​មិនអាច​ចាត់ចែង​ចំនួន​ពលរដ្ឋ​ហុងកុង​ដ៏​ច្រើន ដោយសារ​តែមាន​ពិសោធន៍​តិចតួច​លើ​ការដោះស្រាយ​បញ្ហា​ជនភៀសខ្លួន ឫ​ជន​ស្វែងរក​សិទ្ធ​ជ្រកកោន​។​
 
​កាលពី​ខែ​មុន លោកស្រី​ប្រធានាធិបតី Tsai Ing-wen បាន​សន្យាថា នឹង​ចេញ​វិធានការ​ដើម្បី​ជួយ​ពលរដ្ឋ​ហុងកុង ឲ្យ​ចាក​ចេញពី​ការគាបសង្កត់​របស់​ប៉េកាំង​ដូចជា​គម្រោង​ច្បាប់​សន្តិសុខ ដែល​ត្រូវបាន​គេ​មើលឃើញថា​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​។ ជាការ​តប​ចិន បាន​ថ្កោលទោស​លោកស្រី Tsai ចំពោះ​ការសន្យា​ជួយ​ពលរដ្ឋ​ហុងកុង ក៏ដូចជា​បដិសេធ​ការជ្រៀតជ្រែក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​នៅ​ហុងកុង​៕
 
 

Tag:
 ហុងកុង​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com