ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
គណៈមេធាវី ស្នើឲ្យសមាជិក ស្ម័គចិត្តជួយការពារក្តីអ្នក ដែលគ្មានលទ្ធភាពជួលមេធាវី
19, Jun 2020 , 6:09 pm        
រូបភាព
គណៈមេធាវីកម្ពុជា ប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលសុក្រឹតការដល់មេធាវី ដើម្បីចូលប្រកបវិជ្ជាជីវៈមេធាវី ដែលរៀបចំឡើងទីស្តីការគណៈមេធាវី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីគណៈមេធាវីកម្ពុជា)
គណៈមេធាវីកម្ពុជា ប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលសុក្រឹតការដល់មេធាវី ដើម្បីចូលប្រកបវិជ្ជាជីវៈមេធាវី ដែលរៀបចំឡើងទីស្តីការគណៈមេធាវី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីគណៈមេធាវីកម្ពុជា)
គណៈមេធាវីកម្ពុជា អំពាវនាវដល់មេធាវីជាសមាជិកខ្លួន និងមេធាវីកំពុងបំពេញកម្មសិក្សាទាំងអស់ ឲ្យស្ម័គ្រចិត្តជួយការពារសិទ្ធិជនត្រូវចោទឬជនជាប់ចោទ ដែលច្បាប់តម្រូវឲ្យមានមេធាវី។ ការអំពាវនាវរបស់គណៈមេធាវី ទៅកាន់សមាជិកនាពេលនេះ គឺដើម្បីចូលរួមជាមួយក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការរាជធានី-ខេត្ត តាមអភិក្រមទាំង៤យ៉ាង គឺលឿន ត្រឹមត្រូវ យុត្តិធម៌ និង គ្មានអំពើពុករលួយ។



ការអំពាវនាវរបស់គណៈមេធាវី ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ ក្នុងសេចក្តីជូនដំណឹង គណៈមេធាវី អះអាងថា បានណែនាំដល់ប្រតិភូគណៈមេធាវីគ្រប់រាជធានី-ខេត្ត ឲ្យខិតខំជំរុញនិងលើកទឹកចិត្តដល់មេធាវីស្ម័គចិត្តជួយការពារក្តីជនក្រីក្រទាំងអស់ ឲ្យចូលរួមក្នុងយុទ្ធនាការនេះ។

បើតាមសេចក្តីជូនដំណឹង ថ្មីៗនេះ គណៈមេធាវី បានប្រជុំជាមួយក្រុមការងារក្រសួងយុត្តិធម៌ ហើយទទួលបានព័ត៌មានថា ទំហំនៃសំណុំរឿង ដែលកកស្ទះតាមតុលាការ មានចំនួនច្រើនលើសពីសមត្ថភាពរបស់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជនក្រីក្រ នាពេលបច្ចុប្បន្ន។ នេះ ជាមូលហេតុ ដែលតម្រូវឲ្យគណៈមេធាវី ត្រូវអំពាវនាវឲ្យសមាជិកទូទៅ រួមទាំងមេធាវីដែលកំពុងបំពេញកម្មសិក្សា ចូលរួមក្នុងយុទ្ធនាការនេះដែរ។

បើសមាជិកគណៈមេធាវី និងមេធាវីកម្មសិក្សារូបណា មានបំណងស្ម័គ្រចិត្ត ចូលរួមការពារក្តីក្នុងយុទ្ធនាការនេះ ត្រូវជូនដំណឹងទៅគណៈមេធាវី ឲ្យបានមុខថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីគណៈមេធាវី ងាយស្រួលចាត់ចែងនិងបញ្ជូនមេធាវី ទៅជួយការពារក្តីក្នុងសំណុំរឿងកកស្ទះ តាមតម្រូវការរបស់តុលាការនីមួយៗ។

គួរដឹងថា កាលពីចុងឆ្នាំ២០១៧ គណៈមេធាវី បានប្រកាសពីការដាក់ប្រតិភូរបស់ខ្លួនជាមេធាវី  នៅតាមរាជធានី-ខេត្ត ដើម្បីជួយការពារក្តី និងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ ដោយឥតយកថវិកា។ កាលពីឆ្នាំ១៩៩៦ គណៈមេធាវី បានបង្កើតនាយកដ្ឋានការពារក្តីជូនជនក្រីក្រ ដោយមានមេធាវីជិត៥០នាក់ ដែលហៅថាមេធាវីស្ម័គ្រចិត្តជួយការពារក្តីឲ្យជនក្រីក្រ។

លោក កើត រិទ្ធ ក្រោយពីឡើងធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានយកការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការ ជាការងារអាទិភាព។ លោក បានបង្កើតក្រុមការងារជំនាញមួយ ដើម្បីធ្វើកិច្ចការនេះ។ ក្រុមការងារនេះ បែងចែកបន្តទៅជាបួនក្រុម ដើម្បីកាន់កាប់ទៅតាមភូមិភាគនីមួយៗ ដែលបានកំណត់ ក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការ។

មិនថា នៅតាមតុលាការនោះទេ ដែលកកស្ទះសំណុំរឿង នៅក្នុងពន្ធនាគារនីមួយៗ ក៏កកស្ទះដែរ ដោយសារតែអ្នកជាប់ឃុំ ចេះកើនឡើង។ សូម្បីរដ្ឋាភិបាល ក៏ទទួលស្គាល់ខ្លួនឯងដែរ ពីបញ្ហានេះ។

របាយការណ៍ពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបជាង៣,៨ម៉ឺននាក់ ដោយក្នុងនោះ ស្ត្រី មានជាង២,៥ពាន់នាក់។

យ៉ាងណា រដ្ឋាភិបាល បានបង្ហាញពីការប្រឹងប្រែងក្នុងការសាងសង់ពន្ធនាគារបន្ថែម ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។ លើសពីនេះ ក្រសួងយុត្តិធម៌ មានបំណងអនុវត្តទោសហគមន៍ គឺការយកអ្នកទោស ដែលមានទោសស្រាល ទៅរស់នៅក្នុងសហគមន៍ណាមួយ ដែលបានកំណត់។ តែផែនការនេះ មិនទាន់ត្រូវបានបញ្ជាក់ឡើយថា នឹងអាចអនុវត្តបាននៅពេលណា។

ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ ធ្លាប់អះអាងពីការខិតខំកសាងបន្ទប់សវនាការបន្ថែម ដើម្បីកុំឲ្យសំណុំរឿងនៅកកស្ទះ ព្រោះតែគ្មានបន្ទប់ សម្រាប់បើកសវនាការជំនុំជម្រះក្តី៕

Tag:
 មេធាវីស្ម័គ្រចិត្
© រក្សាសិទ្ធិដោយ thmeythmey.com