COVID-19
អន្តរជាតិ
នយោបាយអន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលស៊ីមបាវ៉េ ត្រូវចាប់ខ្លួនរឿងពុករលួយទិញសម្ភារពេទ្យ៦០លានដុល្លារ
× ប៉ូលិសបានចាប់ឃាត់ខ្លួនរដ្ឋមន្ត្រីសុខាភិបាលស៊ីមបាវ៉េ លោក Obadiah Moyo នៅថ្ងៃទី១៩ ខែមិថុនា ក្រោមបទចោទប្រព្រឹត្តអំពើពុករលួយលើការចុះកង់ត្រាទិញបរិក្ខារពេទ្យទំហំទឹកប្រាក់ជិត៦០លានដុល្លារ។ កាសែតក្នុងស្រុកស៊ីមបាវ៉េមួយ ឈ្មោះថា Daily News ចុះផ្សាយបែបនេះ ដោយដកស្រង់ចុះផ្សាយដោយ Reuters ។
បន្ថែមពីកាសែតខាងលើ បណ្ដាញព័ត៌មានស៊ីមបាវ៉េ និងអាហ្វ្រិកខាងត្បូងដទៃទៀត ក៏បានរាយការណ៍ពីការចាប់ខ្លួននេះផងដែរ។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន Reuters ពុំទាន់អាចសុំការបញ្ជាក់ពីចាប់ខ្លួននេះពីសំណាក់អាជ្ញាធរក្រុងហារ៉ារ៉េបាននោះឡើយ។
រឿងហេតុរហូតដល់ថ្នាក់ចាប់ខ្លួនប្រមុខសុខាភិបាលស៊ីមបាវ៉េ កើតឡើងក្រោយពីអ្នកតំណាងចែកចាយក្នុងស្រុករបស់ក្រុមហ៊ុនលក់ថ្នាំពេទ្យអន្តរជាតិមួយ ឈ្មោះថា Drax International លោក Delish Nguwaya ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងកុងត្រាតម្លៃរាប់លានដុល្លារនេះ។ ក្រុមហ៊ុនអន្តរជាតិនេះគឺជាអ្នកផ្គត់ផ្គង់បរិក្ខារពេទ្យដល់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីមបាវ៉េ។
ចាប់ពីពេលនោះមក ប្រធានាធិបតី Emmerson Mnangagwa ដែលបានកាន់តំណែងបន្តពីអតីតមេដឹកនាំផ្ដាច់ការ Robert Mugabe ក្រោយរដ្ឋប្រហារឆ្នាំ២០១៧ បានសម្រេចលុបចោលកិច្ចព្រមព្រៀងទិញសម្ភារពេទ្យនេះវិញ។
សូមបញ្ជាក់ថា បន្ថែមពីលើជំងឺ COVID-19 ដែលចម្លងមនុស្សជិត៥០០នាក់ និងស្លាប់៤នាក់ ប្រទេសក្នុងតំបន់អាហ្វ្រិក ស៊ីមបាវ៉េ កំពុងប្រឈមវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតក្នុងពេលជាង១០ឆ្នាំចុងក្រោយ ហើយនេះកំពុងធ្វើឲ្យពលរដ្ឋឆេះកំហឹងកាន់តែខ្លាំងរឿងពុករលួយស៊ីរូងក្នុងរបស់រដ្ឋាភិបាលនេះ៕
Tag:
ស៊ីមបាវ៉េ
ក្រសួងសុខាភិបាល
Obadiah Moyo
© រក្សាសិទ្ធិដោយ thmeythmey.com